ភ្នំពេញៈ ទឹក​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ខ្លី​ចាប់​ពី​ដើម​ខែ​សីហា​​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ដ​ចំនួន ៨ ​ក្នុង​ប្រទេស ​កម្ពុជា ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​ជិត​ ៨ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់ ​រួម​ទាំង​ដំណាំ​ស្រូវ ​និង​ដំណាំ​រួម​ផ្សំ​ជិត ​៨ ០០០ ហិកតា​ផង​ដែរ។

លោក ​កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ​«បច្ចុប្បន្នភាព​គ្រោះ​ទឹក​ជំនន់» នៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​កាល​ពី​ម្សិលមិញ​ថា ​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ និង​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​​​ក្នុង​ពេល​ថ្មី​នេះ ​គឺ​បណ្ដាល​មក​ពី​បញ្ហា​អាកាស​ធាតុ​ ឥទ្ធិពល​សម្ពាធ​ទាប ​ខ្យល់​មូសុង​និរតី​ធ្វើ​ឲ្យ​មាន​ខ្យល់​ និង​ភ្លៀង​ខ្លាំង។

លោក​ថ្លែង​ថា ​កត្ដា​បញ្ហា​អាកាសធាតុ​នេះ​បង្ក​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់​ជន់​លិច​បណ្ដា​ខេត្ដ​មួយ​ចំនួន​ក្នុង​ប្រទេស ​កម្ពុជា ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ​ដំណាំ​ដាំដុះ​ ផ្ទះ​សំបែង​ជា​ដើម​ ក្នុង​នោះ​មាន​ខេត្ដ​ព្រះសីហនុ​ កំពត​ កោះកុង​ កែប ​រតនគិរី​ មណ្ឌលគិរី ​បាត់ដំបង ​និង​ខេត្ដ​កំពង់ធំ។ ក្នុង​ចំណោម​នោះ ​ខេត្ដ​ព្រះសីហនុ ​កំពត ​និង​ខេត្ដ​រតនគិរី​ រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ដល់​ផ្ទះ​​សំបែង​ និង​ស្រែ​ចម្ការ។

លោក​ កែវ វី ​បញ្ជាក់​ថា ​ទិន្នន័យ​ប៉ះពាល់​ និង​ខូចខាត​សរុប​ពី​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ដ​ទាំង ​៨ ខាង​លើ ​ប្រជាជន​រងគ្រោះ​ និង​ប៉ះពាល់​សរុប ​៧ ៩៩៩ ​គ្រួសារ ​ផ្ទះ​ប៉ះពាល់​ចំនួន ​៦ ៨៩៨ ​ខ្នង ​សត្វ​ពាហនៈ​ប៉ះពាល់​ចំនួន ​៥ ៤៤៧ ​ក្បាល​ ដំណាំ​ស្រូវ​ និង​ដំណាំ​រួមផ្សំ​ប៉ះពាល់​ចំនួន ​៨ ០០០ ហិកតា ​ខូចខាត ​៣០០ ហិកតា។

អ្នក​នាំពាក្យ​រូប​នេះ​ថ្លែង​ថា​៖ ​«បញ្ហា​អាកាសធាតុ​នេះ​បាន​ធ្វើ​ឲ្យ​​ប្រទេស ​កម្ពុជា​ ប្រឈម​នឹង​ការ​រាំង​ស្ងួត ​២-៣ ​លើក​ក្នុង​ឆ្នាំ​នេះ។ បន្ទាប់​ពី​ព្យុះ​ទី៧ ​បាន​រលាយ​​បាត់​ទៅ ​ក៏​កើត​មាន​បាតុភូត​ព្យុះ​ចំនួន ​៣ កើត​ឡើង​ព្រមៗ​គ្នា ​ទើប​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ខ្យល់ ​និង​ភ្លៀង​ប៉ះពាល់​ដល់​កម្ពុជា​តាម​តំបន់​មាត់​សមុទ្រ ​និង​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម»។

លោក កែវ វី​ បញ្ជាក់​ថា​៖ «ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ស្ថានភាព​អាកាសធាតុ​មក​ដល់​ពេល​នេះ ​គឺ​វា​បាន​ធូរ​ស្រាល​ហើយ។ បញ្ហា​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​មូលដ្ឋាន​តាម​បណ្ដា​ខេត្ដ​ក៏​មាន​ការ​ធូរស្រាល​ឡើង​វិញ​ដែរ។ ​ពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ​អស់​ហើយ»។

លោក ​ឃាង ភារម្យ ​អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​​ថ្លែង​ពី​ម្សិលមិញ​ថា ​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​រយៈពេល​​ខ្លី​ចាប់​ពី​ដើម​ខែ​សីហា​រហូត​មក​នេះ ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សង្កាត់​​ ទាំង ​៤ នៃ​ក្រុង​ព្រះសីហនុ ​និង​ស្រុក​ព្រៃនប់។ ​ក្នុង​នោះ​ពលរដ្ឋ​រង​​ផល​ប៉ះពាល់​ចំនួន ​១ ៧៣៦ ​គ្រួសារ​ ផ្ទះ​ចំនួន ​៩៣៧ ខ្នង​ និង​សម្ភារ ​រថយន្ត​ ម៉ូតូ ​ម៉ាស៊ីន​ភ្លើង ​និង​គ្រឿង​អេឡិចត្រូនិក​រាប់​រយ​គ្រឿង​ផ្សេង​ទៀត​។

លោក​ថ្លែង​ថា​៖ «មក​ដល់​ល្ងាច​នេះ​ភ្លៀង​កំពុង​បន្ដ​ធ្លាក់ ​ពេល​នេះ​យើង​កំពុង​តាម​ដាន​ មិន​ទាន់​ដឹង​ថា​អាច​នឹង​មាន​បញ្ហា​ជន់​លិច​កើត​ឡើង​ថែម​ទៀត ​ឬ​យ៉ាង​ណា​ទេ»។

ទាក់ទង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​នេះ ​លោក ​លឹម គានហោ ​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ក្នុង​សន្និសីទ​នេះ​ដែរ​ បាន​ស្នើ​ដល់​បណ្ដាញ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​បន្ត​សហការ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះ​ទឹក​ជំនន់ ​និង​គ្រោះ​រាំង​ស្ងួត ​ដោយ​ផ្ដិត​យក​តថភាព​បច្ចុប្បន្នភាព​ចៀសវាង​ការ​បំប៉ោង​ព័ត៌មាន​មិន​ពិត។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​សំណូមពរ​កុំ​យក​បញ្ហា​បច្ចេកទេស​នេះ​ទៅ​បំភ្លៃ​ទៅ​វាយ​ប្រហារ​ ឬ​ធ្វើ​អាជីវកម្ម​ជា​រឿង​នយោបាយ​ទៅ​វិញ​ វា​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទេ»។

លោក​រដ្ឋមន្រ្ដី​បាន​បញ្ជាក់​ថា​៖​ «ជំនន់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​មាន ​២ ​គឺ​ជំនន់​ទឹក​ភ្លៀង ​និង​ជំនន់​ទឹក​ទន្លេ​មេគង្គ។ ប៉ុន្ដែ​ឥឡូវ​ជំនន់​ទន្លេ​មេគង្គ​នៅ​មិន​ទាន់​ជន់​ឡើង​ទេ។ ​មូលហេតុ​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​មក​ពី​ទីតាំង​ដែល​ទទួល​ទឹក​ភ្លៀង​នោះ​មិន​សមតុល្យ​​ ទៅ​នឹង​បរិមាណ​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ទើប​ធ្វើ​ឲ្យ​មាន​ការ​ជន់​លិច​ ដែល​កន្លែង​នោះ​មិន​អាច​ទទួល​យក​ចំនួន​ទឹក​ភ្លៀង​នោះ​បាន»។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ បញ្ហា​គ្រោះ​ទឹក​ជំនន់ ​និង​គ្រោះ​រាំង​​ស្ងួត​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​នៅ​​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៩ នេះ ​ជា​ដំណោះ​ស្រាយ​បច្ចេកទេស​ក្នុង​ការ​ទាញ​ទឹក​ពី​កន្លែង​ជន់​លិច​យក​ ទៅ​ប្រើប្រាស់​នៅ​តំបន់​រាំង​ស្ងួត​ ហើយ​ថា​នឹង​លើក​យក​ទៅ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​។

គួរ​បញ្ជាក់​ថា​ ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៩ នេះ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ ​រាំង​ស្ងួត​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ក្នុង​ភាគ​ពាយព្យ ​និង​បង្ក​គ្រោះ​ទឹក​ជំនន់​តាម​បណ្ដា​ខេត្ដ​ជាប់​សមុទ្រ​ និង​ខេត្ដ​ជាប់​ព្រំដែន​វៀតណាម​ធ្វើ​ឲ្យ​ស្រូវ​ជា​ច្រើន​ម៉ឺន​ហិកតា​រង​ផល​ប៉ះពាល់​ និង​ខូចខាត ​និង​មនុស្ស​ចំនួន ​៤ ​នាក់​បាន​ស្លាប់ ​ព្រោះ​គ្រោះ​ទឹក​ជំនន់៕