ព្រះសីហនុៈ អភិបាលខេត្តទើបឡើងថ្មី នៃខេត្ដព្រះសីហនុ លោក គួច ចំរើន បានផ្ដើមបង្កើត «យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានទីក្រុង» ដែលមានទ្រង់ទ្រាយធំ ដោយយកថ្ងៃទី ១៣ កក្កដា សម្រាប់ព្រឹត្តិការណ៍នេះ ដើម្បីបំផុសគំនិតមន្រ្ដីរាជការ វិស័យឯកជន និងពលរដ្ឋ រួមគ្នាសម្អាតបរិស្ថានតាមទីសាធារណៈនានា និងប្រមូលសំរាមចេញពីក្រុងព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ ប្រាប់ ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា គោលបំណងរបស់លោកអភិបាលខេត្ដនៃការបង្កើតយុទ្ធនាការនាថ្ងៃទី ១៣ ខែ កក្កដា ខាងមុខនេះ ជាយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងគោលបំណងដើម្បីរំដោះសំរាមចេញពីក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្រ្ដីរាជការទាំងអស់ក្នុងខេត្ដព្រះសីហនុ រួមនឹងវិស័យឯកជន និងប្រជាពលរដ្ឋដែលរស់នៅទីប្រជុំជននៃក្រុងព្រះសីហនុ។
លោកថ្លែងថា៖ «យើងដឹងស្រាប់ហើយថាសំរាមជាបញ្ហាប្រឈមខ្លាំង ដែលយើងកំពុងជួបប្រទះ។ បច្ចុប្បន្នមានសំរាមជាង ៧០០ តោន ក្នុង ១ ថ្ងៃ នៅក្នុងក្រុងព្រះសីហនុ។ អ៊ីចឹង យុទ្ធនាការនេះ គឺយើងត្រូវយកសំរាមចេញពីក្រុង និងដើម្បីបំផុសជាផ្នត់គំនិតដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចេះគ្រប់គ្រង និងចាត់ចែងសំរាម ហើយចូលរួមធ្វើឲ្យប្រសើរឡើងនូវបរិស្ថាន បរិយាកាសក្នុងទីក្រុងព្រះសីហនុ»។
លោកលើកឡើងថា បញ្ហាសំរាមបន្តកើនឡើងជាបន្ដបន្ទាប់តាំងពីចំនួនប្រមាណ ៤០០ តោន កើនរហូតដល់ជាង ៧០០ តោន នាពេលបច្ចុប្បន្ន។ ទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ពិសេសប្រជាពលរដ្ឋ ក្នុងការទុកដាក់ និងបែងចែកសំរាមទើបអាចឲ្យទីក្រុងស្អាតនិងមានបរិយាកាសល្អបាន។
លោកឲ្យដឹងថា ក្រៅពីយុទ្ធនាការបំផុសស្មារតី និងការចូលរួមទទួលខុសត្រូវ ចំពោះការសម្អាតបរិស្ថាន និងសំរាម រដ្ឋបាលខេត្ដព្រះសីហនុក៏បានធ្វើជាប្រចាំ នៃការសម្អាតបរិស្ថាន រហូតដោះស្រាយបញ្ហាកកស្ទះសំរាមនេះបាននៅក្នុងខេត្ដព្រះសីហនុ។
លោក ភារម្យ បានបញ្ជាក់ថា៖ «សំរាមដែលយើងប្រមូលចេញពីក្នុងទីក្រុង យើងនឹងយកសំរាមនោះទៅទុកដាក់នៅទីលានចាក់សំរាមស្ថិតក្នុងស្រុកព្រៃនប់។ នាថ្ងៃយុទ្ធនាការខាងមុខ យើងមានទាំងវិស័យឯកជន និងក្រុមហ៊ុនដឹកសំរាម បានជួយជារថយន្ដដឹកសំរាមចេញពីក្រុងតែម្ដង»។
លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ បានអំពាវនាវក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជុំវិញការសម្អាតបរិស្ថាន និងសំរាមក្នុងខេត្ដកាលពីថ្ងៃពុធថា៖ «ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់នៅសាលាក្រុងព្រះសីហនុ យើងបានកំណត់យកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩ ខាងមុខបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ។ សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឲ្យបានគ្រប់ៗគ្នា»។
បើតាមលោក ឃាង ភារម្យ គោលដៅជួបជុំនៃយុទ្ធនាការនេះ គឺនៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន) បរិវេណសួនច្បារឆ្នេរឯករាជ្យសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត) និងនៅសាលាបឋមសិក្សាឃ្លាំងលើ។ អ្នកចូលរួមក្នុងយុទ្ធនាការនេះត្រូវយកមកជាមួយនូវសម្ភារសម្អាតសំរាមផ្ទាល់ខ្លួន។
ទាក់ទងនឹងការរៀបចំសោភណភាពក្រុងព្រះសីហនុឲ្យមានភាពប្រសើរឡើងវិញនេះ កាលពីថ្ងៃទី ១០ កក្កដា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបើកកិច្ចប្រជុំមួយស្តីពីវឌ្ឍនភាពគម្រោងជួសជុលផ្លូវចំនួន ២២ ខ្សែ ក្នុងក្រុងព្រះសីហនុផងដែរ។ លោក ស៊ុន ចាន់ថុល និងលោក គួច ចំរើន រួមនឹងមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស បានធ្វើបទបង្ហាញលើវឌ្ឍនភាពគម្រោងនៃការកែលម្អផ្លូវនេះ។
លោក ចាន់ថុល បានជំរុញឲ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាពក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅពេលខាងមុខដូចជា បុណ្យសមុទ្រនៅឆ្នាំ ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ ជាដើម។
លោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុនប្រមូលសំរាមក្រុងព្រះសីហនុ (KSWM) ឲ្យដឹងថា ថ្ងៃយុទ្ធនាការសម្អាតបរិស្ថាន ១៣ កក្កដា ក្រុមហ៊ុននឹងចូលរួមប្រមូលសំរាម ដោយមានកម្មករប្រមាណ ១៥០ នាក់ ចូលរួម និងឡានដឹកសំរាម ៥០ គ្រឿង រួមនឹងរថយន្តតាមក្រុមហ៊ុនឯកជនផ្សេងៗរាប់រយគ្រឿងទៀតនឹងចូលរួមផងដែរ។
លោកថ្លែងថា៖ «ខេត្ដព្រះសីហនុ ជាតំបន់ដែលកំពុងអភិវឌ្ឍន៍ ដូច្នេះមានសំរាមជាកាកសំណល់លាយឡំគ្នាច្រើនប្រភេទដែលនាំឲ្យមានការលំបាកក្នុងការប្រមូល [សំរាម] ពិសេសកាកសំណល់គ្រឿងសំណង់។ យើងដឹងហើយកម្លាំងពលកម្មនៅក្នុងខេត្ដព្រះសីហនុមានតម្លៃថ្លៃ ដែលនាំឲ្យមានការលំបាកក្នុងការស្វែងរកកម្មករមកធ្វើការងារប្រមូលសំរាមផងដែរ»។
លោកបន្ថែមថា សំរាមក្នុងក្រុងព្រះសីហនុ បានកើនឡើង ដែលក្នុង ១ ថ្ងៃត្រូវប្រមូលយ៉ាងតិចពី ៦០០-៨០០ តោន។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តព្រះសីហនុ គាំទ្រយុទ្ធនាការនេះ។ លោកស្រីថ្លែងថា បញ្ហាសំរាមនេះមិនអាចធ្វើឲ្យចប់រួចរាល់ក្នុងរយៈពេលខ្លីបានទេគឺត្រូវការការចូលរួមពីពលរដ្ឋផងដែរ។
លោកស្រីថា៖ «ប៉ុន្ដែអ្វីដែលយើងចង់សំណូមពរនោះ គឺចង់ឲ្យមានក្រុមហ៊ុនប្រមូលសំរាមបន្ថែមទៀត នៅក្រុងព្រះសីហនុ ព្រោះរយៈពេលជាង ២ ឆ្នាំមកហើយ មានក្រុមហ៊ុនប្រមូលសំរាមតែ ១ ប៉ុណ្ណោះ ហើយការ ប្រមូលសំរាមក៏មិនទទួលបានជោគជ័យដែរ។ ដូច្នេះខ្ញុំសំណូមពរឲ្យអភិបាលខេត្ដស្វែងរកក្រុមហ៊ុនសំរាមដទៃទៀតមកវិនិយោគលើការប្រមូលសំរាមនេះដើម្បីមានការប្រកួតប្រជែងគ្នា ទើបការប្រមូលសំរាមនេះមានភាពប្រសើរឡើង។ បើទុកឲ្យមានក្រុមហ៊ុនតែ ១ ដូចសព្វថ្ងៃ នោះនឹងមិនមានការប្រែប្រួលទេ»៕