តាកែវៈ ខ្លា​ដំបង ​ឬ​ខ្លាធំ​មួយ​ក្បាល​អាយុ ២១ ឆ្នាំ ​នៅ​ក្នុង​ឧទ្យាន​សួន​សត្វ ​និង​មជ្ឈមណ្ឌ​ល​​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ បាន​ងាប់​កាល​ពី​ថ្ងៃទី ៨ ខែ សីហា ដោយសារ​មាន​វ័យ​ចំណាស់​ និង​​កើត​ជំងឺ​មហារីក​ក្នុង​មាត់។

មន្ត្រី​​និយាយ​ថា សត្វ​ខ្លា​ដំបង​ឈ្មោះ ​ម៉ាប់ ​ដែល​ងាប់​នេះ ​ត្រូវ​បាន​រក្សា​ទុក​ស្បែក ​និង​គ្រោង​ឆ្អឹង ​ដើម្បី​ធ្វើ​ជា​រូប​សំណាក​​រក្សា​ទុក​នៅ​ឧទ្យាន​ភ្នំ​តាម៉ៅ​ដដែល។

លោក ញឹក រតនពេជ្រ ប្រធាន​ឧទ្យាន​សួន​សត្វ ​និង​មជ្ឈមណ្ឌល​​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា សត្វ​ខ្លា​ធំ​ដែល​ងាប់​នេះ គឺ​បន្ទាប់ពី​លែង​ស៊ី​ចំណី​រយៈពេល​ប្រហែល ​៣ ថ្ងៃ ហើយ​បើ​តាម​គ្រូពេទ្យ​បាន​​ពិនិត្យ​ឃើញ​ថា មាត់​របស់​វា​កើត​មាន​ជំងឺ​មហារីក​ដោយសារ​​ដុះ​ដុំ​ឆ្អឹង​មាន​ខ្ទុះ​ចាក់​ទៅ​ច្រមុះ ​និង​​​ចាក់​មក​ក្រអូម​មាត់​ខាង​ក្រោម​។

ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ភ្នំ​តាម៉ៅ នៅ​សល់​សត្វ​ខ្លាធំ ​ឬ​ខ្លា​​ដំបង​ចំនួន ​៣ ​ក្បាល​ទៀត ដែល​មាន​អាយុ​ចាប់​ពី ២ ទៅ​ដល់ ៧ ឆ្នាំ ហើយ​តាម​ធម្មជាតិ​សត្វ​ខ្លា​ប្រភេទ​នេះ អាច​រស់នៅ​ត្រឹម​អាយុ​ពី ​១៦ ​ទៅ ​១៨ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា​ខ្លា​ចំណាស់​ដែល​ងាប់​កាល​ពី​ថ្ងៃទី ៨ សីហា ​គឺ​មាន​អាយុ​រហូត​ដល់ ​២១ ឆ្នាំ។ លោក​ថា៖ «ខ្លា​ហ្នឹង ​គឺ​មាន​អាយុ​វែង ... អា​ហ្នឹង​ដោយ​យើង​មាន​ការ​មើលថែ​ដិត​ដល់ ហើយ (ងាប់) ហ្នឹង ដោយសារ​វា​ចាស់​ហើយ​នឹង​​មាន​មហារីក ព្រោះ​សត្វ​ខ្លា​ហ្នឹង​ឱ្យ​តែ​មាន​វ័យ​ចំណាស់​ភាគ​ច្រើន​តែង​កើត​មាន​មហារីក មិន​ដឹង​យ៉ាង​ម៉េច​ដែរ»។

លោក​បន្ត​ថា​៖ ​​«ឥឡូវ​យើង​កំពុង​ធ្វើ​សំណាក​វា ដោយ​យក​ឆ្អឹង​ និង​ស្បែក​វា ដើម្បី​ទុក​ធ្វើ​ជា​អនុស្សាវរីយ៍ ​និង​​រក្សា​ទុក​នៅ​ក្នុង​​សារមន្ទីរ​ព្រៃ​ឈើ​​ក្នុង​ភ្នំ​ហ្នឹង»។

បើ​តាម​លោក រតនពេជ្រ សត្វ​​ខ្លា​ងាប់​នេះ​ត្រូវ​សង្គ្រោះ​បាន​នៅ​ក្នុង​បទល្មើស​សត្វព្រៃ​មួយ​ នៅ​ខេត្ត​ក្រចេះ និង​បាន​យក​មក​ឱ្យ​រស់នៅ​និង​មើលថែ​ លើ​ភ្នំ​តាម៉ៅ​តាំង​ពី​ឆ្នាំ ១៩៩៨។

ភ្នំ​តាម៉ៅ​ គឺ​មាន​ផ្ទៃ​ដី​សរុប​ចំនួ​ន ២ ២៨៥ ហិកតា ដែល​​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​​មាន​ដើម​ឈើ​ជា​ច្រើន​ប្រភេទ។ ភ្នំ​នេះ កំពុង​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ថែរក្សា ​និង​អភិរក្ស​ជីវចម្រុះ​សត្វ​ព្រៃ​ប្រហែល ១២០ ប្រភេទ ឬ​ស្មើ​ជាង ១ ​ពាន់ ​៥ ​រយ​ក្បាល ​ដែល​ក្នុង​នោះ​មាន​ទាំង​សត្វ​ស្លាប ថនិកសត្វ និង​សត្វ​ល្មូន ដែល​កំពុង​ជិត​រង​ការ​ផុត​ពូជ ​និង​ងាយ​រងគ្រោះ។

សត្វ​ខ្លាធំ ​ឬ​ខ្លាដំបង គឺ​ជា​សត្វ​​ប្រឈម​នឹង​​ការ​ផុត​ពូជ​មួយ​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ ២០២២ ខាង​មុខ កម្ពុជា​គ្រោង​នាំយក​សត្វ​ខ្លា​ប្រភេទ​នេះ​ចំនួន ​៦ ​ក្បាល​ពី​ប្រទេស ​ឥណ្ឌា មក​លែង​ចូល​ទៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ នៃ​ខេត្ត​មណ្ឌល​គិរី​ដើម្បី​ជួយ​ស្ដារ​​ពូជ​​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឡើង​វិញ។

គម្រោង​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​មាន​សត្វ​ខ្លា​ធំ​ពី ​១០ ​ទៅ ១៥ ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ចុង​ក្រោយ​​ស្ថិត​ក្នុង​ព្រៃ​មួយ​របស់​ខេត្ត​មណ្ឌលគិរី​ កាល​ពី​ឆ្នាំ ២០០៧ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក គេ​ពុំ​បាន​ប្រទះ​ឃើញ​មាន​សត្វ​ខ្លាធំ​ស្ថិត​ក្នុង​ព្រៃ​របស់​ប្រទេស ​កម្ពុជា ​ទៀត​ឡើយ។

លោក ញឹក រតនពេជ្រ ​មិន​អាច​​ចាំ​អំពី​ចំនួន​តួលេខ​សត្វ​ខ្លា​ធំ​ ដែល​ងាប់​ដោយសារ​មាន​វ័យ​ចាស់​នៅ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​បាន​ទេ ដោយ​លោក​គ្រាន់​​តែ​បញ្ជាក់​ថា កន្លង​មក​ក៏​មាន​ងាប់​​ដូច​គ្នា​នេះ​ដែរ៕