ភ្នំពេញៈ លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី ​កាលពី​ម្សិលមិញ បាន​វាយប្រហារ​ចំពោះ​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី ដោយ​លោក​បាន​ប្រដូច​ក្រុម​លោក​ សម រង្ស៊ី «​អំបិល​មួយ​ដៃ​» ដែល​រលាយ​ក្រៅ​ «​ទឹកឃ្មុំ​មួយ​ធុង​» ដែល​មិន​អាច​មក​រំខាន​ដល់​ពិធី​បុណ្យជាតិ​នោះទេ​។

លោក គង់ គាំ ដែល​ធ្លាប់​នៅក្នុង​អតីតបក្ស​ សម រង្ស៊ី និង​អតីត​បក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា​៖ «​អំបិល​មួយ​ដៃ​ដែល​រលាយ​ក្រៅ​ធុង​ទឹកឃ្មុំ​មិន​អាច​ធ្វើឲ្យ​រសជាតិ​ទឹកឃ្មុំ​ខូចខាត​យ៉ាងណា​គឺ​ផែនការ​វិល​ចូល​កម្ពុជា​ថ្ងៃ​ ៩​ ​វិច្ឆិកា ​របស់​ក្រុម​ ៩ ​នាក់​ ឬ​ក្រុម​ម្រាមដៃ​ ៩ ​ក៏​មិន​អាចធ្វើ​ឲ្យ​ល្អក់​តម្លៃ និង​រំខាន​បរិយាកាស​ «​ទិវា​ឯករាជ្យ​ជាតិ​ ៩ ​វិច្ឆិកា​» ​និង​ថ្ងៃ​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ ដែល​ប្រជាជាតិ​ខ្មែរ​ទាំងមូល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​បំផ្លិចបំផ្លាញ​ជាថ្មី​បាន​ម្តងទៀត​នោះឡើយ​»​។

លោក គង់ គាំ បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​បង្កើតឡើង​ដោយ​កូនប្រុស​របស់​លោក​។ ​លោក​ក៏បាន​រិះគន់​អាមេរិក​ផង​ដែរ ដោយ​បាន​សរសេរ​ថា​៖ «​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​ជើងឯក​ខាង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​មាន​ក្រុម​លោក​ខាងលិច​ (​អាមេរិក​) ​ជា​បង្អែក​កំពុង​ពង្រីក​ផែនការ​ (២០១៣-២០១៩) ​ពី​ការប្រើ​កម្លាំង​ពលរដ្ឋ​គួបផ្សំ​ជាមួយ​កម្លាំង​ប្រដាប់អាវុធ​ (​ដែល​គ្មានទេ​ទ័ព​រដ្ឋាភិបាល​ផ្តាច់ខ្លួន​) ​ប៉ុន្តែ​អាចមាន​ទ័ព​ស៊ីឈ្នួល​គាំទ្រ​ដោយ​ក្រុម​ដែល​ចង់​សម្លាប់​ឆ្កែ​ចោទថា​ឆ្កែឆ្កួត​ (​ចោទ​កម្ពុជា​ថា​មាន​មូលដ្ឋានទ័ព​បរទេស​)​។​ល​។ ​ដើម្បី​ផ្លាស់ប្តូរ​ផ្តួលរំលំ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​ ២ ដូច​សម័យ លន់ នល់ សិរិមតៈ សាធារណរដ្ឋ​ខ្មែរ​ជាថ្មី​ម្តងទៀត​»​។

លោក​ថា​៖ «​ក្រុម​អំបិល​មួយ​ដៃ​ (​ក្រុម​ ៩ ​នាក់​ ឬ​ក្រុម​ម្រាមដៃ​ ៩) ​កំពុង​រលាយ​ដោយ​ការបែកបាក់ ការចូល​សារភាព ការបោះបង់​ក្រុម​គេ​យ៉ាង​ទូលំទូលាយ ជាពិសេស​ពួកគេ​មិន​ទទួល​ការអើពើ រវើរវាយ​អំពី​ការសង្គ្រោះ​ប្រជាធិបតេយ្យ សិទ្ធិ​សេរី​អ្វី​ដែល​ជាក់ស្តែង​កំពុង​នាំទុក្ខ នាំ​ទោស និង​នាំ​ឆ្ពោះទៅរក​ភាពវឹកវរ​...»​។

លោក គង់ គាំ រិះគន់​ការយក​ថ្ងៃ​ ៩ ​វិច្ឆិកា ដើម្បី​វិលត្រឡប់​របស់​លោក សម រង្ស៊ី ដោយ​លោក​ថា​ជា​ការជ្រើសរើស​ដើម្បី​ «​ធ្វើ​ជា​ឱកាស​បិទបាំង​ភាព​តៃហោង​ដ៏អាម៉ាស់​នៃ​សេរីភាព និង​ជីវិត​នយោបាយ​របស់​ក្រុម​មេក្រមី​...»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក​ គង់ ​គាំ ​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។

យ៉ាងណាក្ដី​លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា លោក សម រង្ស៊ី នឹង​មិន​វិល​ត្រឡប់មក​ទេ ប៉ុន្តែ​ផែនការ​វិលត្រឡប់​ថ្ងៃទី​ ៩ ​វិច្ឆិកា គឺ​ធ្វើ​ឲ្យ​ទិវា​ឯករាជ្យជាតិ និង​បុណ្យអុំទូក​មិនមាន​បរិយាកាស​រីករាយ​ដោយសារ​ប្រជាជន​រាងចាល​នឹង​បទពិសោធ​ដែល​ពួកគេ​ធ្លាប់​ជួប​ពីមុនមក​។ ​រីឯ អាជីវករ​វិញ​ក៏​មិន​សប្បាយចិត្ត​ដែរ ព្រោះ​បើ​មាន​បញ្ហា​អាចមាន​អ្នក​ឆក់​យក​ឱកាស ដូចជា ដុត​ផ្ទះ លួច​របស់របរ ឬ​ឆក់​ប្លន់​ជាដើម​។

លោក​ថា​៖ «​តាម​ព្រំដែន រដ្ឋាភិបាល​បាន​ប្រកាស​ហើយ​គឺ​បង្កើន​កម្លាំង​កងទ័ព ការបង្កើន​នេះ​គឺ​ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ដែល​អះអាង​ថា​កងទ័ព​បង្វែរ​កាណុង​ទៅ​រដ្ឋាភិបាល​។ ​អ៊ីចឹង​រដ្ឋាភិបាល​ចង់​បង្ហាញ​ថា​កងទ័ព​បង្វែរ​កាណុង​ទៅ​អ្នកណា​? ​បើ​អត់​មាន​សកម្មភាព​ទេ​បានន័យថា កងទ័ព​គាំទ្រ សម រង្ស៊ី​។ តែ​តាមពិត​កងទ័ព​បំពេញ​កាតព្វកិច្ច​បម្រើ​ប្រទេសជាតិ​»​។

លោក​បន្តថា​កាលណា​មាន​ចល័ត​កម្លាំង​បែប​នេះ​ប្រជាជន​ក៏មាន​ការភ័យខ្លាច​ដែរ ។ លោក​ថា​ បញ្ហា​នេះ​មិនមែន​ដូច​អ្នក​នយោបាយ​ (​លោក គង់ គាំ​) លើកឡើង​ទេ​។

លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​ លោក​យល់​មិន​ច្បាស់​អ្វីដែល​លោក គង់ គាំ ចង់​និយាយ​ទេ ប៉ុន្តែ​ចំពោះ​ថ្ងៃ​ឯករាជ្យ​ ៩ ​វិច្ឆិកា រដ្ឋាភិបាល​នឹង​រៀបចំ​ជាធម្មតា​ថែមទាំង​ធំ​ជាង​មុន​ទៀតផង ពីព្រោះ​ពេលនេះ​រដ្ឋាភិបាល​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​ហើយ​៕