ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) កាលពី​ម្សិលមិញ​បាន​បង្ហាញ​ចំនួន និង​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ កក្កដា​ខាង​មុខ​ក្រោយពី​បាន​ចំណាយ​ថវិកា​ចំនួន ៨០ ​ម៉ឺន​ដុល្លារ​ទិញ​ពី​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ឥណ្ឌា​។ យោង​តាម​លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទទួល​បន្ទុក​បោះពុម្ព​សន្លឹកឆ្នោត​នៃ គ.ជ.ប​។

ការបញ្ជាក់​នេះ​បន្ទាប់ពី​មាន​ការ​រិះគន់​ពី​អតីត​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ដោយ​លើកឡើង​ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ​អាច​លុប​ជ្រះ ឬ​អាច​បង្ក​ឲ្យ ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៅ​បោះឆ្នោត​ផង​ដែរ​។

ការបង្ហាញ​របស់ គ.ជ.ប នេះ​ធ្វើ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្ដីពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ឆ្នាំ​ ២០១៨ ការពារ​សន្ដិសុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​ការបង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​នៅ​ទីស្នាក់ការ គ.ជ.ប​។

លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទទួល​បន្ទុក​បោះពុម្ព​សន្លឹកឆ្នោត​បាន​ថ្លែង​ថា គ.ជ.ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ មាន​ចំនួន ៥១ ​ពាន់​ដប​ពី​ក្រុមហ៊ុន​ឈ្មោះ MYSORE PAIMTS & VARNISH LTD. របស់​ប្រទេស​ឥណ្ឌា​ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ៨០ ​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ ខែ​កក្កដា​។

លោក​បញ្ជាក់​ថា​៖ «​ទឹកខ្មៅ​ទាំង​នេះ​គឺ​សម្រាប់​យើង​ប្រើ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ជាង​ ២ ​ម៉ឺន​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ដោយ​ក្នុង​ ១ ​ការិយាល័យ​តម្រូវ​ឱ្យ​ប្រើ​ទឹកខ្មៅ​ចំនួន​ ២ ​ដប​សម្រាប់​ជ្រលក់​ម្រាមដៃ​អ្នក​បោះឆ្នោត​រួច​»​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​អះអាង​ក្រោយ​ពិនិត្យ និង​ពិសោធ​ទឹកខ្មៅ​ជ្រលក់​ដៃ​ថា ទឹកខ្មៅ​នេះ​មាន​គុណភាព​ល្អ​ណាស់​គឺ​ដូច​ទឹកខ្មៅ​ដែល​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​អាណត្តិ​ទី​ ០៤ ដែរ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​សាកល្បង​រួច​ហើយ​គឺ​សាកល្បង​ដូច​កាល​បោះឆ្នោត​ឃុំ-សង្កាត់​ដែរ ហើយ​បាន​ធានា​ថា​គុណភាព​ (​ទឹកខ្មៅ​) ​នេះ​ល្អ ហើយ​ខ្ញុំ​សូម​ជម្រាប​បន្ថែម​ថា​បើ​យើង​នៅ​ខាងក្រៅ​កន្លែង​បោះឆ្នោត​គឺ​ទឹក​ថ្នាំ​នេះ​រក្សា​បាន​នូវ​គុណភាព​ដូច​គ្នា​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​ន័យ​ថា យើង​ជ្រលក់​វា​ភ្លាម វា​ក៏​មិន​ទាន់​ចេញ​ពណ៌​ភ្លាម​ដែរ បើ​យើង​ចេញ​ទៅ​ក្រៅ ឬ​ត្រូវ​កម្ដៅ​ថ្ងៃ​វា​នឹង​ចេញ​ពណ៌​យ៉ាង​រហ័ស​»​។

លោក ចៅ តឹង តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចូលរួម​ពិសោធ​ទឹកខ្មៅ​ជ្រលក់​ដៃ​បាន​អះអាង​ថា​ទឹកខ្មៅ​នេះ​មាន​គុណភាព​ល្អ​ព្រោះ​លោក​បាន​ជ្រលក់​ដៃ ហើយ​យក​ទៅ​លាង​នឹង​ទឹកសាប៊ូ ទឹកអូសាវ៉ែល និង​សាប៊ូ​លាង​បន្ទប់ទឹក​ប៉ុន្ដែ​មិន​អាច​លុប​ទឹកខ្មៅ​នេះ​ជ្រះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ពិសោធ​ទាំងអស់​គ្នា​ហើយ​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​ថា វា​មិន​អាច​លុប​ជ្រះ​ទេ អ៊ីចឹង​វា​មិន​អាច​ដូច​ការលើក​ឡើង​របស់​បុគ្គល​មួយ​ចំនួន​នោះ​ទេ ហើយ​វា​ក៏​ស្រាយ​មន្ទិល​សង្ស័យ​របស់​ពួកគាត់​ដែរ​»​។

លោក​ សម គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) ​ថ្លែង​ថា​៖ «​ខ្ញុំ​ទៅ​ពិសោធន៍​ជាមួយ​គេ​ដែរ​ពេល​ជ្រលក់​ដៃ​ចូល​ទៅ​គឺ​ភ្លាមៗ​មើល​មិន​សូវ​ឃើញ​ចេញ​ពណ៌ ប៉ុន្ដែ​យើង​ទុក​ប្រហែល ២ ឬ​ ៣ ​នាទី​ទើប​ឡើង​ពណ៌​បន្ដិច​ម្ដងៗ ហើយ​ពណ៌​វា​ហ្នឹង​ក៏​មិន​សូវ​ដិត​ចេញ​ជា​ពណ៌​ស្វាយ​ខ្លាំង​ដូច​យើង​ធ្លាប់​បោះឆ្នោត​កាលពី​អាណត្តិ​មុន​ទេ​។ មើល​ទៅ​ដូចជា​មិន​អី​ទេ​យើង​អាច​ប្រើ​បាន​»​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ផ្សារ​ដីហុយ​កាលពី​ថ្ងៃទី ​២ កក្កដា ឆ្នាំ ២០១៨ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា​មាន​ក្រុម​មួយ​បាន​រៀបចំ​កិច្ចប្រជុំ​ជា​សម្ងាត់ ដើម្បី​បំភ្លៃ​ថា​ទឹកខ្មៅ​របស់ គ.ជ.ប សម្លាប់​អ្នក​បោះឆ្នោត​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​ដើម្បី​បំភិតបំភ័យ​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ប៉ុន្ដែ​លោក​បាន​ចាត់​ទុក​ផែនការ​នេះ​ជា​អំពើ​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ធ្វើ​ឡើង​ដើម្បី​បំផ្លាញ​ការបោះឆ្នោត និង​បំភ្លៃ​ដល់​ប្រជាពលរដ្ឋ​ដោយ​ត្រូវ​តែ​ចាត់​វិធានការ​បន្ទាន់​មិន​អាច​លើកលែង​ឡើយ​៕