ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​បាន​ប្រកាស​រំឭក​ឲ្យ​មន្ដ្រី​របស់​ខ្លួន​ពង្រឹង​សមត្ថភាព​ចំពោះ​ការរៀបចំ​ផែនការ​ថវិកា​កម្មវិធី​ និង​ការ​អនុវត្ដ​ឲ្យ​មាន​ភាពច្បាស់លាស់ ត្រឹមត្រូវ សុក្រឹតភាព តម្លាភាព និង​គណនេយ្យភាព​។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី «​នីតិវិធី​នៃ​ការត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ ការ​អនុវត្ដ​ថវិកា​កម្មវិធី​» ដែល​រៀបចំ​ដោយ​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ គ.ជ.ប នៅ​ខេត្ដ​កំពង់ចាម​កាលពី​ថ្ងៃទី ​១១ ខែ​ធ្នូ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.បបាន​លើកឡើង​ថា​​សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ដ្រី​ក្នុង​ការរៀបចំ​ថវិកា​កម្មវិធី​ និង​ការអនុវត្ត​​ថវិកា​កម្មវិធី ជាពិសេស​អំពី​នីតិវិធី​នៃ​ការត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​អំពី​សកម្មភាព​អនុវត្ត​ថវិកា​កម្មវិធី​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ច្បាស់លាស់ ត្រឹមត្រូវ សុក្រឹតភាព តម្លាភាព និង​គណនេយ្យភាព​។

លោក​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​បន្ថែម​កាលពី​ម្សិលមិញ​ថា​៖ «​ជា​ការ​ពិតណាស់ សិក្ខាសាលា​នេះ​យើង​មាន​បំណង​លើក​កម្ពស់​ការទទួល​ខុស​​ត្រូវ​របស់​មន្ដ្រី អនុវត្ដ​ថវិកា​កម្មវិធី គ.ជ.ប ដើម្បី​ភ្ជាប់​កិច្ចការងារ​ជាមួយ​នឹង​កម្មវិធី កំណែ​ទម្រង់​សាធារណៈ​របស់​រាជរដ្ឋាភិបាល ។ អ៊ីចឹង​គោលដៅ​​សំខាន់​គឺ​ដើម្បី​ពង្រឹង​ដល់​មន្ដ្រី​ទាំងអស់​ឲ្យ​មាន​សមត្ថភាព​រៀបចំ​ថវិកា​កម្មវិធី ពិសេស​លើ​ការតាម​ដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ដំណើរការ​នៃ​ការអនុវត្ដថ​វិកា​» ។

លោក​ថា​៖ «​ទន្ទឹម​នេះ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ដែល គ.ជ.ប បាន​អនុវត្ត​ថវិកា​កម្មវិធី គឺ​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​មួយ​ចំនួន ប៉ុន្ដែ គ.ជ.ប នៅ​តែ​ប្រកាន់​យក​ឆន្ទៈ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ដើរ​តាម​គន្លង​នយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នៃ​ការអនុវត្ត​ថវិកា​កម្មវិធី​ដែល​ជា​គោលការណ៍​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធាណៈ​ដំណាក់កាល​ទី​ ៣ ។

លោក សូរីដា បាន​បន្ថែម​ថា​ដើម្បី​ថែទាំ​សមិទ្ធផល​ដែល​សម្រេច​បាន​និង​យក​ចិត្ដ​ទុកដាក់​ហើយ​ចៀសវាង​បញ្ហា​ប្រឈម​ដែល​បាន​ជួប​កន្លង​មក មន្ដ្រី គ.ជ.ប ដែល​មាន​វត្ដមាន​ក្នុង​សិក្ខាសាលា​ថ្ងៃ​នេះ​ត្រូវ​យក​ចិត្ដ​ទុកដាក់​ប្រឹងប្រែង​ត្រងត្រាប់​ស្តាប់​ និង​ទទួល​យក​គោលការណ៍​ណែនាំ​ដ៏មាន​សារៈសំខាន់​សម្រាប់​ជា​មេរៀន​កែលម្អ​។

បើ​តាម​លោក​ សូរីដា កត្ដា​ដែល​ជា​មេរៀន​ក្នុង​ការកែលម្អ​ត្រូវ​មាន​មគ្គុទ្ទេសក៍ និង​វិធីសាស្ដ្រ​នៃ​ការរៀបចំ​ផែនការ​​ថវិកា​កម្មវិធី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​សុក្រឹតភាព​។ ត្រូវ​មាន​កម្មវត្ថុ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ដើម្បី​កែលម្អ​ជា​ប្រចាំ និង​ធានា​ឲ្យ​ការអនុវត្ដ​ថវិកា​កម្មវិធី​មាន​ភាព​ស័ក្តិសិទ្ធិ ។ ត្រូវ​មាន​គំនិត​បច្ចេកទេស​ល្អៗ​ដែល​ស្ដែង​ចេញ​ពី​ការផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញ​ទៅមក​លើ​ដំណើរការ​អនុវត្ដ​សំដៅ​ចូលរួម កែលម្អ​កម្មវិធី​ដែល​បាន​កសាង​ឡើង​​ធានា​ថា​ជា​យុទ្ធសាស្ដ្រ អាទិភាព​ឈាន​ទៅ​សម្រេច​បាន​គោលបំណង​តាម​វិស័យ និង​គោលបំណង​របស់​រាជរដ្ឋាភិបាល​។

សិក្ខាសាលា​រយៈពេល​ ២ ​ថ្ងៃ​របស់ គ.ជ.ប គិត​ចាប់ពី​ថ្ងៃ​ទី​ ១១ ដល់​ថ្ងៃទី​ ១២ ខែ​ធ្នូ​នេះ​មាន​ការ​ចូលរួម​ពី​គ្រូឧទ្ទេស​ និង​​គ្រូបង្គោល​មកពី​អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ចំពោះ​ការចំណាយ​ថវិកា​លើ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្ដិ​ទី​ ៦ គ.ជ.ប បាន​ប្រើប្រាស់​ថវិកា​ជាតិ​ប្រមាណ​ ៥៣ ​លាន​ដុល្លារ​បន្ទាប់ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផ្អាក​ជំនួយ​។ រីឯ​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣ គ.ជ.ប បាន​ចំណាយ​អស់​ថវិកា​ ១៩,៣ លាន​ដុល្លារ​ហើយ​ការបោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ឆ្នាំ​ ២០១៧ ចំណាយ​អស់​ ៤២,៧ ​លាន​ដុល្លារ​។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បញ្ជាក់​កាលពី​កន្លង​ទៅ ៕