ភ្នំពេញ: គណៈ​កម្ម​ការ​ជាតិ​ ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​រថយន្ត​ចំនួន​ជាង​ ​៤០ គ្រឿង​ ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ព្រៃឈើ​របស់​លោក​ឧកញ៉ា ​ស៊ឹង​ ​សំអុល​ ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចាត់ចែង​វិញ​ ​បន្ទាប់​ពី​តុលាការ​ខេត្ត​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ម្ចាស់​យានយន្ត​ទាំង​នេះ​ ​ខណៈ​មន្ត្រី​ចំនួន ៥ នាក់ ​ត្រូវ​បាន​កោះហៅ​ទៅ​សួរនាំ​ជុំវិញ​ករណី​នេះ​ដែរ។​

លោក​ ​អេង​ ​ហ៊ី​ ​អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​និង​ជា​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ថ្លែង​កាល​ពី​ម្សិល​មិ​ញ​​ថា​ ​បញ្ហា​គ្រប់​គ្រង​រថ​យន្ត​ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើរបស់​លោក​ឧក​ញ៉ា​ ​ស៊ឹង​ ​សំអុល​ នោះ ​ត្រូវ​បាន​គណៈ​កម្មការ​ជា​តិ ដើម្បី​ទប់​ស្កាត់​ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ ​បាន​សម្រេច​ប្រគល់​កិច្ច​ការ​នេះ​ជូន​ទៅ​អាជ្ញា​ធរ​ខេត្ត​មណ្ឌល​គិរី​ជា​អ្នក​សម្រេច​ថា​ តើ​​​ដុត​បំផ្លាញ​ ឬ​មិន​បំផ្លាញ?

​លោក​ ហ៊ី​ ​បញ្ជាក់​ថា​៖​​ ​«​រថ​យន្ត​ទាំង​ជាង​​ ៤០ ​គ្រឿង​នោះ ​យើង​បាន​ប្រគល់​ជូន​ទៅ​អាជ្ញា​ធរ​ដែន​ដី​ផ្ទាល់​នៅ​ទីនោះ។ ​អ៊ី​ចឹង​អា​វុ​ហត្ថ​យើង​ គឺ​អនុ​វត្ត​តាម​គាត់​ ហើយ​គាត់​ចង់​ដុត​ ឬ​មិន​ចង់​ដុត​ វា​ជា​រឿង​របស់​គាត់​ ​ប៉ុន្ដែ​ឥឡូវ​នេះ ​គឺ​ការ​បំផ្លាញ​ចោល​ ​គឺ​មិន​ទាន់​មាន​ការ​បញ្ជា​ទេ។​ កិច្ច​ការ​ស៊ើប​អង្កេត​រ​ក​ជន​សង្ស័យ​ វា​គឺ​ជា​នីតិ​វិធី​របស់​យើង​បន្ត​ទៀត​ គឺ​យើង​នឹង​ធ្វើ​វា​ឲ្យ​ដូចជា​ភ្លៀងរលឹម​អ៊ីចឹង»។​

លោក​ ​សុក​ ​សេ​រ៉ា ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​មណ្ឌល​គិរី​ ​បាន​ថ្លែង​ថា​ រថ​យន្ត​ដែល​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​លោក​ឧក​ញ៉ា ​ស៊ឹង​ ​សំអុល ​ទាំង​ជាង​ ​៤០​ គ្រឿង​នោះ​ ត្រូ​វ​បាន​គណៈ​កម្មការ​ជាតិ​ ដើម្បី​ទប់​ស្កាត់​ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​បាន​​ផ្ទេរ​មក​ឲ្យ​អាជ្ញា​ធរ​ខេត្ត​ម​ណ្ឌ​លគិរី​ជា​អ្នក​គ្រប់គ្រង​វិញ។​

​លោក​ សេរ៉ា បាន​ថ្លែង​បន្ត​ទៀត​​ថា​ ​បច្ចុ​ប្បន្ន​នេះ ​រ​ថ​យន្ត​ទាំង​នេះ ​ថ្នាក់​ដឹក​នាំ​បាន​ចាត់​កម្លាំង​នគរបាល​ប្ដូរ​វេន​គ្នា​យាម​យ៉ាង​តឹងរឹុង​ ​រីឯ​វត្ថុ​តាង​ឈើ​ប្រ​ណីត​ដែល​រឹប​អូស​បាន​នោះ ​ត្រូវ​បាន​ធ្វើ​របាយ​ការ​ណ៍កំណត់​ទំហំ បរិមាណ​រួច​រាល់​ ​ហើយ​ក៏​បាន​ប្រគល់​ជូន​ទៅរ​ដ្ឋបាល​ព្រៃ​ឈើ​​ខេត្ត​យក​ទៅ​គ្រប់គ្រង​ផងដែរ។​

​លោក​ ​សេ​រ៉ា ​បញ្ជាក់​ថា​៖​ «​ការ​ដុត​បំផ្លាញ​ ​ឬ​មិន​ដុត​បំផ្លាញ​ គឺ​យើង​អត់​ទាន់​សម្រេច​ទេ ​គឺ​នៅ​រក្សា​ទុ​ក​កន្លែង​មាន​សុវ​ត្ថិ​ភា​ព​​សិន​ ​ហើយ​មុន​សម្រេច​ធ្វើ​អ្វី​ផ្សេង​ទៀត​ គឺ​រង់ចាំ​ឆ្លង​យោបល់​ពី​ថ្នាក់​លើ​សិន។ ​តាម​យោប​ល់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ថា​ យើង​មិន​បាច់​​បំផ្លាញ​វា​ទេ​ យើង​ទុក​ឡាន​ណាល្អ​ៗ​ ​គឺ​យើង​ប្រ​គល់​ឲ្យ​ទៅ​ទាហាន​ ​ឬ​ PM​ ទៅ​ដាក់​ស្លាក​លេខ​ប្រើ​ក្នុង​អង្គ​ភាព​ ហើ​យ​​មួយ​ចំនួន​ទៀត​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​បរិ​ស្ថាន​ប្រើ​ប្រាស់​ក៏​បាន​ដែរ»។​

​លោក​ ​មាស ​ប្រុស​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា តុ​លា​ការ​បាន​សម្រេច​ឃុំ​ខ្លួន​ ​ឧក​ញ៉ា ​ស៊ឹង​ ​សំអុល​ ​និង​បក្ខ​ពួក​ទាំង​ ​៣ នាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១២ ​កក្កដា​នេះ​​រួចរាល់​ហើយ។​ ​

​លោក​បញ្ជាក់​ថា​៖​«​ តុលា​ការ​បាន​ចោទ​ប្រកាន់​ចំនួន​ ៣​ ក​រណី​ រួម​មាន​៖​ ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃ​ឈើ​ដោយ​គ្មាន​ការអនុ​ញ្ញាត​ ​ការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុ​ញ្ញាត ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​យន្ត​ដែល​មិន​មានស្លា​ក​សញ្ញា​ត្រឹមត្រូវ​ ​តាម​មាត្រា ​៩៨ ​និង​ ៩៦​ នៃ​ច្បាប់​ព្រៃឈើ»។​

​បន្ទាប់​ពី​តុលា​ការ​បាន​សម្រេច​ឃុំ​ខ្លួ​ន​លោក​ឧក​ញ៉ា ​ស៊ឹង​ សំអុល​ និង​បក្ខ​ពួក​ទាំង​នេះ​ នៅ​ថ្ងៃទី​ ១៣ ​ខែ​ កក្កដា​ នេះ ​មន្ដ្រី​ជំនាញ​ទាំង​ ៥ នា​ក់​ ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រៃ​ឈើ​ ​ត្រូវ​បាន​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ កោះ​ហៅ​ទៅ​សួរ​នាំ​ពេញ​ ១ ថ្ងៃ​ ពាក់​ព័ន្ធ​សំណុំ​រឿង​នេះ​ ​ប៉ុន្ដែ​ត្រូវ​បា​ន​អនុ​ញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​​វិញ​នៅ​ម៉ោង ​៥​ ល្ងាច​ នា​ថ្ងៃ​ដដែល​នោះ។​

របាយការណ៍​គណៈកម្ម​ការ​ជាតិ​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​មាន​​មន្ដ្រី​ទាំង​ ៥ នាក់​នេះ ​នឹង​មាន​មន្ដ្រី​ជា​ច្រើន​រូប​ផ្សេង​ទៀត​ ដែល​នឹង​ត្រូវ​ហៅ​មក​សួរ​នាំ​ជា​បន្ដ​បន្ទាប់​ ​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​​ការ​ងារ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ដែល​បណ្ដាល​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​។​មន្ដ្រី​ទាំង ៥ ​នាក់​នោះ​រួម​មាន​៖​ ​លោក​ ​សុខ​ ឃាង​ ប្រធាន​មន្ទីរ​កសិ​កម្ម រុក្ខា​ប្រ​មាញ់​ ​និង​នេ​សាទ​ ​លោក​ ​កែវ​ ​សុភ​​គ៌ ​ប្រធាន​មន្ទីរ​បរិស្ថាន​ លោក​ អ៊ុំ វណ្ណ​សុភៈ​ នាយ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ​លោក​ ​ប៉ែន​ ភ័​ក្ត្រា ​នាយ​ដែន​ជម្រ​ក​សត្វ​ព្រៃ​ស្រែ​ពក ​និង​លោក ​ហាន ​សុ​ខ​ន ​នា​យក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រិច។​

ទន្ទឹម​នឹង​នេះ ​កង​រាជ​អា​វុ​ធ​ហត្ថ​ខេត្ត​ស្ទឹង​​ត្រែង ​ក៏​បាន​ដុត​កម្ទេច​រថ​យន្ដ​ប៉ា​កុង​ដឹក​ឈើ​ខុស​ច្បាប់ ៦​ គ្រឿ​ង​ផ្សេង​ទៀត​ ​ដែល​បង្ក្រាប​បាន​នៅ​ថ្ងៃទី​ ៩​ កក្កដា​ នេះ​ នៅ​ភូមិ​ស្រែ​ស្រ​ណុក​ថ្មី ​ឃុំ​ក្បាល​រមាស​ ​ស្រុក​សេសា​​ន​ ​ខេត្ត​ស្ទឹង​ត្រែង។​ លោក​ អៀ​ង​ វ៉ាន់​ឌី ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បាន​ថ្លែង​ថា​ ​ក្រោយ​ទទួល​បទ​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ ​សៅ ​សុខា​ លោក​បាន​​បញ្ជា​បន្ដ​ទៅ​កាន់​សមត្ថ​កិច្ច​ជំនាញ​របស់​លោកឲ្យ​កម្ទេច​ចោល​ទាំង​ ​៦​ គ្រឿង​នោះ​នៅ​នឹង​កន្លែង។​

ស្រ​ដៀ​ង​គ្នា​នេះ​ ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ នៅ​ថ្ងៃទី​ ​១២ ​កក្កដា ​នេះ​ បាន​ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម ២ នាក់​ ​និង​ខ្មែរ​ ៣​ នាក់​ ​ដែល​បាន​ធ្វើ​សកម្ម​ភាព​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​ នៅ​ភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា​ ​ខេត្ត​មណ្ឌលគិរី។​

មន្ត្រី​នគរ​បាល​ស្រុក​កែវ​សីមា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ថ្លែង​ថា​ ​បន្ទាប់​ពី​ឃាត់​ខ្លួន​ពួក​គេ​ទាំង​ ៥ នាក់​នេះ​ ​សមត្ថ​កិច្ច​ជំនាញ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ១៣​ ខែ​កក្កដា​នេះ​។ លោក​ ​ម៉ម​ ​វណ្ណ​ដា​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ ​បាន​ថ្លែង​ថា ​សំណុំ​រឿង​នេះ​តុលាការ​កំពុង​ធ្វើការ​សាក​សួរ​ពួកគេ​ទាំង​ ​៥ នាក់​នេះ ​ប៉ុន្ដែ​មិន​ទាន់​​ចោទ​ប្រកាន់​ទេ៕