ភ្នំពេញៈ គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធម្សិលមិញបានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដែលប៉ះពាល់លើទំនិញ ៤០ មុខពីកម្ពុជានាំចូលទៅប្លុកដែលមានប្រទេសចំនួន ២៧ នេះដោយលើកឡើងហេតុផលថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ។
ការសម្រេចព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ គឺមានរយៈពេល ៦ ខែក្រោយការប្រកាសនេះ ប្រសិនបើមិនមានការជំទាស់ពីសភាអឺរ៉ុប ឬពីរដ្ឋសមាជិកអឺរ៉ុបណាមួយទេ។ ការព្យួរដោយផ្នែកនេះនឹងប៉ះពាល់ជាក់លាក់ទៅលើផលិតផលសម្លៀកបំពាក់ ស្បែកជើងមួយចំនួន និងប៉ះពាល់ទាំងស្រុងទៅលើសម្ភារសម្រាប់ធ្វើដំណើរ និងស្ករស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុបចេញផ្សាយកាលពីល្ងាចម្សិលមិញ។
លោក Josep Borell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងថា ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា សេរីភាពបញ្ចេញមតិ និងការជួបជុំធ្វើឲ្យសហភាពអឺរ៉ុប គ្មានជម្រើសអ្វីក្រៅពីដកដោយផ្នែកលើប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបនឹងមិនឈរមើលប្រជាធិបតេយ្យត្រូវបានច្រែះស៊ី សិទ្ធិមនុស្សត្រូវបានកាត់បន្ថយ ហើយសេរីភាពនៃការជជែកគ្នាត្រូវបានធ្វើឲ្យស្ងាត់ស្ងៀម។ ការសម្រេចថ្ងៃនេះបញ្ជាក់ពីការប្ដេជ្ញាយ៉ាងខ្លាំងរបស់យើងចំពោះប្រជាជនកម្ពុជា សិទ្ធិរបស់ពួកគេ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសនេះ។ ដើម្បីឲ្យប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះត្រូវបានផ្ដល់ឲ្យឡើងវិញអាជ្ញាធរកម្ពុជាត្រូវតែចាត់វិធានការចាំបាច់នានា»។
ដោយទទួលស្គាល់នូវភាពចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងការធ្វើពិពិធកម្មលើការនាំចេញ សហភាពអឺរ៉ុបនិយាយថារាល់ឧស្សាហកម្មដែលទើបនឹងងើបឡើងនៅកម្ពុជានឹងបន្តទទួលបានការនាំចូលដោយមិនជាប់ពន្ធ និងមិនកំណត់កូតាទៅកាន់ទីផ្សារអឺរ៉ុប។ លើសពីនេះទៀតសម្ភារសម្លៀកបំពាក់ដែលមានតម្លៃបន្ថែម និងផលិតផលស្បែកជើងប្រភេទជាក់លាក់មួយចំនួននឹងបន្តទទួលបានការនាំចូលដោយមិនជាប់ពន្ធ និងមិនកំណត់កូតាទៅទីផ្សារអឺរ៉ុបផងដែរ។
សហភាពអឺរ៉ុបបានថ្លែងថាកម្ពុជាបានធ្វើឲ្យមានការរីកចម្រើននៅលើផ្នែកសិទ្ធិការងារ និងសិទ្ធិដីធ្លី។ ប៉ុន្តែផ្នែកជាច្រើនទៀតនៅតែតម្រូវឲ្យមានការដោះស្រាយរួមមានការចោទប្រកាន់ពីបទឧក្រិដ្ឋទៅលើសកម្មជនសហជីពការងារ ការបើកលម្ហនយោបាយឡើងវិញការផ្ដល់សិទ្ធិនយោបាយឲ្យអតីតសមាជិកបក្សប្រឆាំងឡើងវិញ ការដកច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាដើម។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «ក្នុងករណីដែលកម្ពុជាបង្ហាញនូវការរីកចម្រើនចម្បងៗ ជាពិសេសលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គណៈកម្មការអាចនឹងពិនិត្យការសម្រេចចិត្តរបស់ខ្លួនឡើងវិញ ហើយផ្ដល់ការអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀង EBA នេះឡើងវិញ»។
យោងតាមឯកសារដើមរបស់គណៈកម្មការអឺរ៉ុបដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបញ្ជាក់ថា គណៈកម្មការអឺរ៉ុបបានសម្រេចធ្វើការកែប្រែខ្លះទៅលើឯកសារឧបសម្ព័ន្ធ II និង IV នៃគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធដោយមានបញ្ជីឈ្មោះផលិតផលដែលត្រូវព្យួរ។
យោងតាមឯកសារដដែលក៏បានរៀបរាប់អំពីករណីលោក កឹម សុខា ការរំលាយអតីតបក្សប្រឆាំង និងការហាមឃាត់ធ្វើនយោបាយនៃសមាជិកអតីតបក្សប្រឆាំងផងដែរ។ ទោះយ៉ាងណាសេចក្ដីសម្រេចនេះបានលើកឡើងថា កម្ពុជាបានធ្វើឲ្យមានការរីកចម្រើនចំណុចមួយចំនួនចាប់តាំងពីគណៈកម្មការអឺរ៉ុបបានប្រកាសចាប់ផ្ដើមនីតិវិធីព្យួរ EBA។
ឯកសារក៏បានពិចារណាទៅលើកិច្ចសហប្រតិបត្តិការវិជ្ជមានជាមួយកម្ពុជាចាប់តាំងពីការប្រកាសព្យួរផងដែរ។ យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ផលិតផលចំនួន ៤០ មុខដែលស្ថិតនៅក្នុងតារាងលេខកូដ Harmonized System (HS) ត្រូវបានព្យួរ។ តាមការប៉ាន់ស្មានទំនិញទាំងនោះមានតម្លៃប្រហែល ១ ពាន់លានយូរ៉ូ ហើយនឹងត្រូវបង់ពន្ធពី ១,៧០ ភាគរយទៅ ១២ ភាគរយ។
ពាក់ព័ន្ធនឹងការដក EBA នេះលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «ការដកខ្លះជាការល្អ ដើម្បីប្រាប់ទៅកម្ពុជាថាកម្ពុជាគួរតែរៀបចំអ្វីដែលអ៊ីយូចង់បាន។ ជាធម្មតាទេយើងថា មិនឲ្យប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី ប៉ុន្តែរាល់ការផ្ដល់ជំនួយ គ្មានជំនួយណា គ្មានបំណង គ្មានជំនួយណាគ្មានចំណង។ អ៊ីចឹងរាល់ជំនួយទាំងអស់តែងតែមាននីតិវិធីរបស់ខ្លួន»។
លោក សុខ ទូច បន្តថា កម្ពុជាលក់តែកម្លាំងពលកម្មប៉ុណ្ណោះសម្រាប់ទីផ្សារអឺរ៉ុប ពីព្រោះវិនិយោគិនលើវិស័យកាត់ដេរ និងស្បែកជើង សុទ្ធតែវិនិយោគពីក្រៅប្រទេសហើយវត្ថុធាតុដើមទៀតសោតក៏នាំចូលពីបរទេសដែរ។ ដូច្នេះផលប៉ះពាល់បណ្ដាលមកពីការដក EBA នេះអាចនឹងត្រូវដោះស្រាយបានដោយការបង្កើតការងារលើវិស័យផ្សេង។ ទោះយ៉ាងណាលោកបញ្ជាក់ថា ការបាត់ EBA គ្រាន់តែតម្រូវឲ្យកម្ពុជាបង់ពន្ធប៉ុណ្ណោះមិនមែនបាត់ទីផ្សារអឺរ៉ុបទេ។
មិនទាន់ឃើញមានប្រតិកម្មណាមួយពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ គិតមកដល់ត្រឹមម៉ោងបោះពុម្ពផ្សាយកាសែតកាលពីយប់មិញ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាសុំមិនទាន់ធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ប៉ុន្តែលោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «អបអរសាទរវិស័យផលិតកង់ដែលមិនទទួលរងផលប៉ះពាល់។ EU ពិតជាបានគាំទ្រដល់ការធ្វើពិពិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា»៕