ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ខណៈដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា និងគ្មានការលើកលែងដើម្បីធ្វើយ៉ាងណាកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការចេញសេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក ស ខេង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៩ គឺបានកើនឡើងយ៉ាងគំហុក ទាំងស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ ២០១៨។
សេចក្ដីប្រកាសសរសេរថា៖ «ជាក់ស្ដែងអ្នកស្លាប់កើនឡើងចំនួន ២២០ នាក់ ស្មើនឹង ១២% និងអ្នករបួសកើនឡើងចំនួន ១ ៣៧១ នាក់ស្មើនឹង ២៩%។ ទាំងនេះមូលហេតុដោយសារកត្តាសំខាន់ ៣ យ៉ាង គឺកត្តាកំណើនយានយន្តប្រមាណ ៣៧% កត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមិនបានម៉ឺងម៉ាត់»។
លោក ស ខេង បន្តលើកឡើងនៅក្នុងសេចក្ដីប្រកាសដដែលថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមាក្នុងឆ្នាំ ២០២០ គឺក្រសួង ស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន ត្រូវបង្កើនការផ្សព្វផ្សាយ ដើម្បីអប់រំច្បាប់ស្ដីពីចរាចរណ៍ដល់មន្ត្រី បុគ្គលិក និងសិស្ស-និស្សិត ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
លោកបន្ថែមថា អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវប្រកាន់យកសីលធម៌ទាំង ១០ ចំណុចដូចជា ត្រូវចេះបើកបរ ត្រូវពាក់មួកសុវត្ថិភាព ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រូវប្រុងប្រយ័ត្នជានិច្ចមិនត្រូវបើកបរលើសល្បឿនកំណត់មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងមិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។
សេចក្ដីប្រកាសសរសេរទៀតថា៖ «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ដោយស្មើភាព ដោយគ្មានការលើកលែងដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជំរុញអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់»។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ហ៊ឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានទេកាលពីម្សិលមិញដោយសារទូរស័ព្ទរបស់គាត់ពុំមានអ្នកទទួល។
បើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤១២១ លើកដែលធ្វើឱ្យពលរដ្ឋស្លាប់ចំនួន ១៩៨១ នាក់ និងរងរបួសចំនួន ៦១៤១ នាក់ដែលគិតជាមធ្យមគឺក្នុង ១ ថ្ងៃមានមនុស្សស្លាប់ ៥,៤ នាក់ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ការប្រកាសរបស់លោក ស ខេង ដើម្បីឱ្យមានការរឹតបន្តឹងច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះនឹងមិនអាចចេញជាលទ្ធផលឡើយ ប្រសិនបើការប្រកាសនោះមិនត្រូវបានយកចិត្តទុកដាក់អនុវត្តដោយនគរបាលចរាចរណ៍។
លោកថា៖ «អ្វីដែលយើងមើលឃើញនោះ គឺជាការផ្ដួចផ្ដើមបង្ហាញពីការយកចិត្តទុកដាក់ដែលជាសញ្ញាវិជ្ជមានមួយក៏ប៉ុន្តែត្រូវប្រឹងប្រែងអនុវត្តនូវសកម្មភាពពិតប្រាកដ ហើយខ្ញុំអត់ចង់ឃើញត្រឹមតែការប្រកាសគាំទ្រ (សេចក្ដីប្រកាស) នោះទេ។ ខ្ញុំចង់ឃើញសកម្មភាពជាក់ស្ដែងគឺការអប់រំប្រជាពលរដ្ឋ ការចូលរួមរបស់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ហើយយើងក៏ចង់ឃើញតម្លាភាពរបស់មន្ត្រីអនុវត្តច្បាប់ គឺអនុវត្តច្បាប់សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ អ៊ីចឹង! យើងរង់ចាំមើលរយៈពេលនៃការអនុវត្តទៅតាមបទបញ្ជានេះ»។
បើតាមរបាយការណ៍របស់នគរបាលនៅក្នុងរយៈពេល ២ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមគឺនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមករា នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសមានចំនួន ៣៥ លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦ នាក់ និងរងរបួសចំនួន ៣៩ នាក់៕