ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនៅត្រង់មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ មាត្រា ៥៥ និងមាត្រា ៥៩ នៃច្បាប់ស្តីពីសហជីពជាអ្វីដែលធ្វើឲ្យសហជីពខ្លះខកចិត្ត ខណៈយោបល់របស់ពួកគេភាគច្រើនមិនត្រូវបានដាក់បញ្ចូល។
សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ១០ មាត្រា នៃច្បាប់ស្ដីពីសហជីពនេះ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ទាក់ទងនឹងការអនុម័តដោយគ្មានកែប្រែនេះមានសហជីពមួយចំនួនសម្តែងការខកចិត្ត និងស្នើឲ្យរដ្ឋាភិបាលទទួលយកគំនិតពួកគេដាក់បញ្ចូលក្នុងការកែប្រែច្បាប់នេះដើម្បីធ្វើឲ្យវិស័យកាត់ដេរកម្ពុជាបានប្រសើរ។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករបានថ្លែងពីម្សិលមិញថា វាជារឿងមួយល្អដែលរាជរដ្ឋាភិបាលបានរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពនេះឡើងវិញ ព្រោះមាត្រាមួយចំនួនហាក់មានការរឹតត្បឹត និងជាឧបសគ្គក្នុងការរាំងស្ទះដល់សហជីព និងកម្មករ។ ប៉ុន្តែលោកថា រាជរដ្ឋាភិបាលហាក់ទទួលយកគំនិតតិចតួចបំផុតពីភាគីសហជីពដែលបានស្នើឲ្យបញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការដែលទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចប្រជុំអនុម័តដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភានេះ ខ្ញុំគិតថាមានការកែប្រែមិនច្រើនទេ គឺតិចតួចបំផុត។
ដូច្នេះការអនុវត្តច្បាប់នេះ ប្រសិនបើរដ្ឋសភាអនុម័តហើយ ខ្ញុំគិតថាការអនុវត្តនៅតែប្រឈមដដែល ព្រោះមិនមានអ្វីកែប្រែច្រើននោះទេ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានថ្លែងដែរថា ការដែលមិនមានកែប្រែអ្វីក្នុងដំណាក់កាលពិនិត្យច្បាប់នេះនៅទីស្តីការគណៈរដ្ឋមន្ត្រីព្រោះស្ថាប័ននេះគឺជាខ្សែបណ្តោយរបស់រដ្ឋាភិបាល។ ជាពិសេសរាល់ច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលគឺភាគច្រើនហាក់មិនមានការកែប្រែទេ បើទោះជាមានការទាមទារពីអង្គការសង្គមស៊ីវិល និងសហជីពក៏ដោយ។
ជាមួយគ្នានេះលោក អាត់ ធន់ មិនរំពឹងថា សេចក្តីព្រាងវិសោធនកម្មនៃច្បាប់នេះនឹងមានការកែប្រែដូចអ្វីដែលសហជីពបានស្នើនោះទេនៅពេលបានទៅដល់រដ្ឋសភានោះ។
លោកថា៖ «ក្នុងចំណោម ១៥ មាត្រាដែលសហជីពបានដាក់ទៅ យើងឃើញ ក្រសួងបានដាក់មកទីស្តីការគណៈរដ្ឋមន្ត្រីតែ ១០ មាត្រាទេ។ អ៊ីចឹងមានន័យថា ៥ មាត្រាផ្សេងទៀតមិនមានការកែប្រែនោះទេ ហើយនៅក្នុង ១០ មាត្រានេះយើងមើលទៅ ការទទួលគំនិតរបស់សហជីពមិនបាន ១០ ភាគរយផង ដែលមានការកែប្រែ តិចតួចមែនទែន» ។
ទោះជាយ៉ាងណាតាមសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីពទាំង ១០ មាត្រានេះត្រូវបានអះអាងថា ធ្វើឡើងដើម្បីធានាសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈតាមរយៈការពង្រឹងប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារ និងការធានាភាពសុខដុមរមនានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងវិសោធនកម្មទាំង ១០ មាត្រានៃច្បាប់ស្តីពីសហជីពនេះក្រសួងត្រូវបញ្ចូលទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តបន្ត។
ឆ្លើយតបនឹងការមិនពេញចិត្តរបស់សហជីពខ្លះលោក ហេង សួរ បានបញ្ជាក់ថា៖ «មានសហភាពសហជីពសរុបមានលើស ២៣ ក្នុងនោះភាគច្រើនលើសលប់បានសាទរ និងទទួលយកវឌ្ឍនភាពនេះ។ នេះជាសេរីភាពនៃការយល់ឃើញរបស់បុគ្គលនីមួយៗ»៕