ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) គ្រោងនឹងចុះហត្ថលេខាជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) នៅថ្ងៃព្រហស្បតិ៍នេះនៅក្រសួងមហាផ្ទៃលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្ដិការក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយផលិតផលក្លែងក្លាយនៅកម្ពុជា។
លោក លីវ សុផាណារិទ្ធ ជាអ្នកនាំពាក្យនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា អនុស្សរណៈនេះគឺជាការរួមសហការគ្នាជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីរឹតបន្តឹងច្បាប់ចំពោះក្រុមហ៊ុននាំចូលផលិតផលក្លែងក្លាយ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនានាដែលនាំចូលមកកម្ពុជា។
រាល់ក្រុមហ៊ុនទាំងឡាយដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បើសិនជាមានបញ្ហាណាមួយទាក់ទងនឹងផលិតផលដែលកំពុងចែកចាយនៅក្នុងប្រទេសកម្ពុជា ដូចជាការក្លែងបន្លំលើផលិតផល ការរំលោភសិទ្ធិបញ្ញា និងការនាំចូលផលិតផលស្របគ្នារំលោភសិទ្ធិណាមួយនោះសមត្ថកិច្ចនឹងចូលរួមជួយអនុវត្ដវិធានការច្បាប់ឲ្យមានប្រសិទ្ធភាព។
លោកបានថ្លែងថា៖ «យើងនឹងជួយការពារក្រុមហ៊ុនដែលមានសិទ្ធិផ្ដាច់មុខលើផលិតផលណាមួយនៅកម្ពុជា បើមានអ្នកណាមួយទៅលក់ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញារបស់គាត់។ ជំហានដំបូងនេះ យើងចាប់ផ្ដើមសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាសិន។ ប៉ុន្ដែជំហានបន្ដទៀតយើងនឹងធ្វើជាមួយសមាគម និងសភាពាណិជ្ជកម្មតាមបណ្ដាប្រទេសដទៃទៀត»។
លោក សុផាណារិទ្ធ បញ្ជាក់ថា៖ «វាជាការសំខាន់ណាស់សម្រាប់ក្រុមការងារយើងក្នុងការប្រមូលព័ត៌មានទាក់ទងនឹងផលិតផលទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយឲ្យមានប្រសិទ្ធភាព ពិសេសការប្រមូលព័ត៌មានពីផលិតផលដែលកំពុងចរាចរណ៍នៅកម្ពុជាតែម្ដង។ ដូច្នេះកិច្ចសហប្រតិបត្ដិការនេះក៏ជាការផ្ដោះប្ដូរព័ត៌មានជាច្រើនដើម្បីការពារផលិតផលនៅក្នុងទីផ្សារ»។
លោកបានឲ្យដឹងថា ផលិតផលចរាចរណ៍នៅក្នុងទីផ្សារនៅប្រទេស កម្ពុជា មានច្រើនប្រភេទ ទើបតម្រូវឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបន្ដអនុវត្ដការងារជាប្រចាំនៅតាមគោលដៅ។ ប៉ុន្ដែផលិតផលក្លែងក្លាយនៅតែកើតមាននៅក្នុងប្រទេសកម្ពុជា។ ផលិតផលក្លែងក្លាយមានចរាចរណ៍នៅលើទីផ្សារគ្រប់រូបភាពរួមមានទាំងគ្រឿងឧបភោគបរិភោគ ឱសថ និងគ្រឿងសម្អាងជាដើម។
លោក សុផាណារិទ្ធ ថ្លែងថា៖ «យើងសង្កេតនៅក្នុងទីផ្សារ ផលិតផលក្លែងក្លាយគឺជាផលិតផលមួយចំនួនដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅតាមក្រសួងពាក់ព័ន្ធដែលនាំឲ្យក្រុមការងារបច្ចេកទេសមិនមានសំណាកដើម្បីស្រាវជ្រាវលើផលិតផលនោះថា តើជារបស់ក្លែងក្លាយ ឬរបស់ពិត។ រឿងនេះបានកើតឡើងជាទម្លាប់សម្រាប់ប្រជាជនកម្ពុជាក្នុងការទិញផលិតផលលើទីផ្សារដោយមិនបានចាប់អារម្មណ៍ចំពោះផលិតផលនោះថាបានចុះបញ្ជីនៅក្រសួងឬអត់ទេ»។
លោក សុផាណារិទ្ធ បានបញ្ជាក់ថា នាពេលកន្លងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយធ្លាប់បានរឹបអូសឱសថក្លែងក្លាយជាច្រើនតោនយកទៅបំផ្លាញចោល មានទាំងប្រភេទឱសថ គ្រឿងសម្អាង និងគ្រឿងឧបភោគបរិភោគជាដើម។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាមិនអាចសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញដោយមិនឆ្លើយតបសំណួរតាមប្រព័ន្ធតេឡេក្រាម៕