ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ.អ.ឆ.ក.) ប្រកាស​គាំទ្រ​ចំពោះ​ការសិក្សា​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ «​នាគរាជ​» ​ក្នុង​ខេត្ដ​ព្រះសីហនុ​ដែល​គម្រោង​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​ក្រសួងទេសចរណ៍​ជា​អ្នកដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ក្នុង​ការសិក្សា ដើម្បី​រៀបចំ​តំបន់​ទេសចរណ៍​នោះ​ឡើង ហើយ​តាម​ការប៉ាន់​ប្រមាណ​នឹង​ត្រូវ​ចំណាយ​ទុនវិនិយោគ​ប្រមាណ ១៦ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

ការប្រកាស​គាំទ្រ​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ​។ កិច្ចប្រជុំ​នា​ថ្ងៃនោះ​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ដែល​ជា​ប្រធាន​គណ:កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ជាមួយ​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ គណ:កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​គាំទ្រ​លទ្ធផល​នៃ​ការសិក្សា​ការបង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ «​នាគរាជ​» ខេត្ដ​ព្រះសីហនុ​ដែល​ស្នើឡើង​ដោយ​ក្រសួង​ទេសចរណ៍ ដែល​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ក្នុង​ការសិក្សា​រៀបចំ​តំបន់​ទេសចរណ៍​នាគរាជ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ «​ទីក្រុង​រាម​»​ នេះ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា នឹង​មាន​ទុនវិនិយោគ​រហូត​ដល់​ ១៦ ​ពាន់​លាន​ដុល្លារ​ ដែល​នឹង​ក្លាយជា​តំបន់​មាន​សក្តានុពល​ធំ​បំផុត​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ គម្រោង​នោះ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផ្ដល់​ការងារ​ជាច្រើន​សម្រាប់​យុវជន និង​ប្រែក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​បែប​គំរូ​តាម​ទស្សនទាន​ «​ស្អាត បៃតង ឆ្លាតវៃ​»​។

តាម​សេចក្ដី​ប្រកាស​ដដែល​លើក​ឡើង​ថា តំបន់​ទេសចរណ៍​ពិសិដ្ឋ​ «​នាគរាជ​»​នេះ​ស្ថិត​នៅ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ និង​ជាប់​ជាមួយ​ក្រុង​ព្រះសីហនុ លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ៣០៨១ ​ហិកតា​។ តំបន់​នោះ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​ពិសេស​ការភ្ជាប់​ឆ្នេរសមុទ្រ​រាម ឆ្នេរ​អូត្រេះ ឆ្នេរ​អូរឈើទាល ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ដ​ព្រះសីហនុ ដោយ​បណ្ដាញ​ផ្លូវធំៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដែល​បាននិង​កំពុង​អនុវត្ដ​ដោយ​រាជរដ្ឋាភិបាល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​តំបន់​នោះ​នឹង​ក្លាយជា​តំបន់​ពិសិដ្ឋ​គំរូ​មួយ​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ដោយ​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច សង្គម ព្រម​ទាំង​ចូលរួម​សម្រេច​ចក្ខុវិស័យ​ជា​យុទ្ធសាស្ដ្រ​ក្នុង​ការប្រែក្លាយ​ខេត្ដ​ព្រះសីហនុ​ឲ្យ​ទៅ​ជា​តំបន់​រដ្ឋបាល​សេដ្ឋកិច្ច​ពិសេស ពហុ​បំណង​ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​។

គ.អ.ឆ.ក. ក៏បាន​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ «​ទីក្រុង​រាម​» ​នៅក្នុង​តំបន់​ទេសចរណ៍​នាគរាជ​ដែល​ស្នើ​ដោយ​ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក (CANOPY SANDS DEVELOPMENT CO.,LTD) លើ​ផ្ទៃដី​ទំហំ ៨៣៤ ហិកតា​ដែល​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ក្នុង​ការរៀបចំ​ទីតាំង​ និង​ចាប់ផ្ដើម​ដំណើរការ​អនុវត្ដ​គម្រោង​។

គ.អ.ឆ.ក. បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ «​ទីក្រុង​រាម​» ​ត្រូវ​បែង​ចែក​ជា​ដំណាក់កាល​ដោយ​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ពី​ដើម​ឆ្នាំ​ ២០២០ រួមមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ផ្សេងៗ​ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារ​ស្នាក់នៅ សាលប្រជុំ សាល​សន្និសីទ អគារ​ស្នាក់នៅ​រួម មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ មជ្ឈមណ្ឌល​កីឡា​ក្នុង​នោះ​ក៏មាន​កីឡា​វាយកូនគោល​ផងដែរ​។

លោក​ តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ថ្លែង​ពី​ម្សិលមិញ​ថា ខេត្ដ​តំបន់ឆ្នេរ​ជា​សក្ដានុពល​ទេសចរណ៍​ដ៏សំខាន់​មួយ​បន្ទាប់ពី​តំបន់​បេតិកភណ្ឌ ដែល​មាន​តំបន់​គោលដៅ​ដូចជា​ខេត្ដ​សៀមរាប​។ ដូច្នេះ​គម្រោង​វិនិយោគ​នានា​ដែល​ក្រសួង​រៀបចំ​នេះ​គឺ​ក្នុង​គោលបំណង​មួយ​ទាក់ទាញ​ទេសចរ​ឲ្យ​បាន​ច្រើន​ទៅលេង​កម្សាន្ត​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ពិសេស​ក្នុង​ខេត្ដ​ព្រះសីហនុ​តែម្ដង​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ប្រែក្លាយ​តំបន់ឆ្នេរ​សមុទ្រ​របស់​យើង​ឲ្យ​ក្លាយទៅជា មិន​ត្រឹមតែ​គោលដៅ​ទេសចរណ៍​ទេ ប៉ុន្ដែ​ជា​គោលដៅ​សេដ្ឋកិច្ច​ពហុប៉ូល ដែល​ជា​តំបន់​អាច​ទាក់ទាញ​ទាំង​វិនិយោគទុន ទេសចរ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​បម្រើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​»​។

លោក គង់ វិតាណៈ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ថ្លែង​ពី​ម្សិលមិញ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ពិសិដ្ឋ «​នាគរាជ​» ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ដ​ជា​ជំហាន​ចាប់ពី​ឆ្នាំនេះ​ទៅ​តែម្ដង​។

លោក​ថ្លែងថា​៖ «​យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ ការចាប់ផ្ដើម​អនុវត្ដ​គម្រោង​នេះ​គឺ​មិន​នៅ​យូរ​ទៀត​ទេ គឺ​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​ ២០២០ នេះ​តែម្ដង​ខាង​ភាគី​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ស្នើសុំ​ឲ្យ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ដ​គម្រោង​នេះ ឥឡូវ​នេះ​រាជរដ្ឋាភិបាល​បាន​ឯកភាព​គាំទ្រ​គម្រោង​នេះ​រួចហើយ​»៕