ព្រះវិហារៈ សត្វ​គោ​យ៉ាង​ហោច​ណាស់ ១៦ ​ក្បាល​បាន​ពុល​ងាប់​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ក្រោយ​ពី​បាន​ផឹក​ទឹក​ជិត​ចម្ការ​អំពៅ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ជោគ​ជ័យ​ក្នុង​ឃុំ​សង្កែ​ ២ និង​ភូមិ​ប្រើស​ក្អក ក្នុង​ឃុំ​ម្លូព្រៃ​ ២ ស្រុក​ឆែប​ ខេត្ត​ ព្រះវិហារ ជា​ករណី​មួយ​ដែល​មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​មូលហេតុ​នៅ​ឡើយ។ នេះ​បើ​តាម​ពលរដ្ឋ។

លោក ផាវ យ៉ន ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ក្នុង​ភូមិ​សំបូរ ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គោ​ដែល​ងាប់​នោះ​មាន​គោ​របស់​គាត់​ចំនួន​ ៣ ​ក្បាល។

លោក​ថា លោក​និង​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​លែង​គោ​ជាច្រើន​ឲ្យ​ស៊ី​ស្មៅ​តាម​ស្រែ​ចម្ការ និង​គោ​ខ្លះ​បាន​ចូល​ទៅ​ស៊ី​នៅ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ឈ្មោះ រ៉ូយ ហ្វេង ហើយ​វា​បាន​ទៅ​ផឹក​ទឹក​ត្រពាំង។

លោក​ថា ក្រោយ​មក​ក៏​មាន​គោ​ងាប់​ជា​បន្ត​បន្ទាប់​តែ​ម្តង។

លោក យ៉ន បាន​បញ្ជាក់​ថា៖ «កាល​ពី​ម្សិល​ម្ង៉ៃ ងាប់​អស់​ ១២ ​ក្បាល។ ខ្ញុំ​ឃើញ​កន្លែង​ខ្លះ​ងាប់​ ៣ កន្លែង​ខ្លះ​ងាប់​ ២ ​ក៏​មាន។ មិន​ដឹង​ថា វា​ពុល​ថ្នាំ​ឬ​យ៉ាង​ណា​ទេ។ មិន​ទាន់​រក ​មូល​ហេតុ​ឃើញ​ទេ»។ ប៉ុន្តែ​លោក​ថា គោ​ដែល​ងាប់​មាន​ចេញ​ឈាម​តាម​មាត់។

លោក​ យ៉ន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គោ​ខ្លះ​ត្រូវ​បាន​ម្ចាស់​លក់​ទៅ​ឲ្យ​ជន​ជាតិ​ចាម​ក្នុង​តម្លៃ​ចាប់​ពី​ ១៥ ​ម៉ឺន​ទៅ​ ២៥ ​ម៉ឺន ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ម្ចាស់​កាប់​ចែក​គ្នា​ហូប​ផងដែរ។ ប៉ុន្តែ​មិន​ឃើញ​អ្នក​ហូប​មាន​បញ្ហា​សុខ​ភាព​ទេ។

អ្នក​ភូមិ​ បាន​រាយការណ៍​ជូន​អាជ្ញាធរ​ ដើម្បី​សុំ​ឲ្យ​ចុះ​ពិនិត្យ​ទឹក​ត្រពាំង​និង​ទំនប់​ទឹក​ទី​នោះ។

ដោយ​ឡែក លោក ពាន ផាត ជាពលរដ្ឋ​ក្នុង​ភូមិ​ប្រើស​ក្អក ​ក៏​មាន​គោ​ ៤ ​ក្បាល​ងាប់​ផង​ដែរ។

លោក​ ផាត បាន​ថ្លែង​ថា លោក​និង​អ្នក​ភូមិ​បាន​ចុះ​ពិនិត្យ​ទឹក​ត្រពាំង​និង​ទំនប់​ដែល​នៅ​ក្បែរ​ក្រុម​ហ៊ុន​ចិន​ហើយ​បាន​ឃើញ​មាន​ថ្នាំ​ពុល​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​លួច​ដាក់​នៅ ៤ កន្លែង​ផ្សេង​គ្នា​នៃ​ប្រភព​ទឹក​ទាំង​នោះ។

លោក​ ផាត បាន​និយាយ​ថា៖ «ថ្នាំ​ហ្នឹង​គេ​ចាក់​នៅ​ទីក​ន្លែង​ដីស្រែ​​ពលរដ្ឋ​ជិត​ចម្ការ​អំពៅ។ ថ្នាំ​ហ្នឹង​ច្រើន​ណាស់។ គោ​ផឹក​ទៅ​ងាប់។ តែ​មិន​ដឹង​អ្នក​ណា​ដាក់​ថ្នាំ​បំពុល​ទេ»។

លោកថា​ កាល​ពី​រដូវ​ប្រាំង​ឆ្នាំ​មុន ​ក៏​មាន​ករណី​គោពុល​ថ្នាំ​ងាប់​ដូច​គ្នា​នេះ​ដែរ តែ​ជនល្មើស​មិន​ត្រូវ​បាន​រក​ឃើញ​ដើម្បី​យក​ទៅ​ផ្តន្ទា​ទោស​នោះ​ទេ។

លោក ខៀវ យ៉ែន មេឃុំ​សង្កែ​ ២ ​បាន​អះ​អាង​ថា គោ​ងាប់​នេះ​គឺ​បណ្តាល​មក​ពី​ពុល​ថ្នាំ ដែល​ត្រូវ​បាន​អ្នក​ភូមិ​លួច​ដាក់​នៅ​តាម​ត្រពាំង និង​ទំនប់​ទឹក​ដើម្បី​សម្លាប់​សត្វ​ស្លាប​​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋ​យើង​ក្នុង​មូលដ្ឋាន​ដាក់​ថ្នាំ​សម្លាប់​សត្វ​ដូចជា​ សត្វ​កុក ដើម្បី​យក​ធ្វើ​ម្ហូប​ហូប។ ពេល​នោះ​គោ​មួយ​ហ្វូង​ទៅ​ផឹក​ទឹក​និង​ពុល​ទៅ។ នៅ​កន្លែង​នោះ​ក៏​ឃើញ​មាន​សត្វ​កុក​ងាប់​ដែរ។ កន្លែង​ហ្នឹង​មាន​ទីតាំង​នៅ​ក្បែរ​ក្រុមហ៊ុន​ដែរ»។

លោក​ សុខសាន្ត តារា​ អភិបាល​ស្រុក​ ឆែប បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​កសិកម្ម​ស្រុក​ឲ្យ​ចុះ​ទៅ​ពិនិត្យ តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី​ការ​ចុះពិនិត្យ​នោះ​ទេ។

លោក​អភិបាល​បញ្ជាក់​ថា៖ «ខ្ញុំ​ឲ្យ​គេ​ចុះ​ពិនិត្យ​ហើយ។ តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍។ អ៊ីចឹង យើង​មិន​ទាន់​ហ៊ាន​សន្និ​ដ្ឋាន​ថា​ យ៉ាង​ម៉េច​ទេ ដោយ​សារ​មិន​ទាន់​មាន​ការ​ពិសោធ និង​ស្រាវ​ជ្រាវ​របស់ក្រុម​ជំនាញ»៕