ខេត្តស្ទឹងត្រែងៈ យ៉ាង​តិច​មាន​សត្វ​គោ-ក្របី ជិត​ ៥០ ​ក្បាល​បាន​ងាប់ និង​ ៧០ ​ក្បាល​ទៀត​កំពុង​មាន​ជំងឺ​នៅ​ឃុំ​ព្រែកមាស​ និង​ឃុំ​ថ្មកែវ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្តឹងត្រែង ខណៈ​សត្វ​ទាំង​​នេះ​ត្រូវ​បាន​អ្នកភូមិ​លែង​ឲ្យ​ដើរ​រកស៊ី​ស្មៅ​តាម​ព្រៃភ្នំ ហើយ​ផឹកទឹក​ព្រែក និង​ទឹកអូរ បណ្ដាល​ឱ្យ​កើត​ជំងឺ​ឆ្លង​ពី​​មួយ​ទៅ​មួយ​។ ​នេះ​បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​កាលពី​ម្សិលមិញ​។

លោក ស៊ីង ណាន មេឃុំ​ថ្មកែវ​បាន​ថ្លែង​ថា​ចាប់​តាំងពី​ដើម​ខែ​ឧសភា​មក​សត្វ​គោ-ក្របី អ្នក​ភូមិ​របស់​លោក​បាន​ចាប់ផ្ដើម​ឈឺ​សរុប​ ៦០ ​ក្បាល និង​ងាប់​ ៤០ ​ក្បាល ដោយសារ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់ ហើយ​អ្នក​ភូមិ​បាន​លែង​ឲ្យ​ដើរ​រកស៊ី​ស្មៅ​ ឬ​ស្លឹកឈើ​នៅ​តាម​ព្រៃភ្នំ ហើយ​វា​ផឹកទឹក​អូរ ទឹក​ព្រែក ដែល​ហូរ​ពី​លើ​ភ្នំ ខណៈ​ទឹក​នោះ​មាន​ផ្ទុក​មេរោគ​ច្រើន​ប្រភេទ​។

លោក​បន្ត​ថា​ក្នុង​តំបន់​នោះ​មិន​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​អ្វី​ទេ ដោយ​លោក​ថា សត្វ​គោ-ក្របី ទាំងនោះ​មុន​​ពេល​ងាប់​គឺ​វា​ឈឺ​តែ​ ២ ​ឬ​ ៣ ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មាន​អាការ​ហើម​ពោះ​ (​ប៉ោង​ពោះ​) និង​ឈឺ ហើយ​មាន​រឹង​ត្រង់​បំពង់ក​មិន​អាច​ស៊ី​ស្មៅ​បាន​។ លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ដូច​មន្ទីរ​កសិកម្ម​ខេត្ត ជួយ​ចុះ​ទប់ស្កាត់​ដោយ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​ជួយ​ព្យាបាល​ដល់​សត្វ​គោក្របី​របស់​ពួកគាត់​ផង​។

លោក​បាន​បញ្ជាក់​ថា​៖ «​ម្សិលមិញ​ហ្នឹង ខ្ញុំ​ក៏​បាន​ដើរ​រក​ក្របី​ខ្ញុំ​ដែរ ដោយ​ឃើញ​វា​ងាប់​ ៥ ​ក្បាល​នៅ​ក្បែរ​ព្រែក​ក្រោយ​ភូមិ​ខ្ញុំ ក្រោយ​មក​ខ្ញុំ​បាន​សួរ​អ្នកភូមិ​ខ្ញុំ ហើយ​ខ្ញុំ​គិត​មើល សរុប​ទៅ​គឺ​ងាប់​ ៤០ ​ក្បាល​ហើយ​ ៦០ ​ក្បាល​កំពុង​ឈឺ​។ ម្សិលមិញ​ហ្នឹង ខ្ញុំ​បាន​ប្រាប់​ទៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ដែរ ហើយ​គេ​បាន​ផ្ដល់​ថ្នាំ​ដែរ តែ​មិន​ទាន់​គ្រប់គ្រាន់​ទេ​»​។

លោក ផួង លុន មេឃុំ​ព្រែក​មាស​បាន​ឲ្យ​ដឹង​ដែរ​ថា​ឃុំ​របស់​លោក​ក៏​មាន​​សត្វ​គោ-ក្របី​ ៨ ​ក្បាល​ងាប់​ដែរ ហើយ​ ១០ ​ក្បាល​ទៀត​កំពុង​មាន​ជំងឺ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ជា​ពេល​ដែល​កសិករ​ចាប់ផ្តើម​បង្កបង្កើនផល​ដោយ​ពឹង​លើ​សត្វ​គោក្របី​ជា​កម្លាំង​អូសទាញ​។

លោក​បន្ត​ថា​នៅ​ថ្ងៃទី​ ២២ ខែ​ឧសភា​នេះ លោក​នឹង​កោះ​ហៅ​មេភូមិ​គ្រប់​ភូមិ​ក្នុង​ឃុំ​របស់​លោក​មក​ប្រជុំ​បូកសរុប​តួលេខ និង​ស្វែងរក​វិធានការ​ទប់ស្កាត់​ជំងឺ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ ខណៈ​ការប្រែប្រួល​អាកាសធាតុ​ក៏​កំពុង​បង្ក​ផលប៉ះពាល់​​ដល់​សត្វ​គោ-ក្របី ហើយ​លោក​ក៏​បាន​ស្នើសុំ​ជំនួយ​ពី​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹងត្រែង​ជួយ​ទប់ស្កាត់​បញ្ហា​នេះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នៅ​មិនទាន់​បាន​ប្រមូល​របាយការណ៍​លម្អិត​ពី​តាម​ភូមិ​នីមួយៗ​ទេ ព្រោះ​មេភូមិ​ទាំង​នោះ​កំពុង​ស្រង់​ស្ថិតិ ខណៈ​អ្នកខ្លះ​មិន​ទាន់​រក​សត្វ​គោ-ក្របី ឃើញ​នៅ​​ឡើយ​។ អ៊ីចឹង​ខ្ញុំ​ត្រូវ​នៅ​ចាំ​របាយការណ៍​ពួកគាត់​ថែម​ទៀត​»​។

លោក ផាន់ យុទ្ធ អភិបាលស្រុក​សៀមប៉ាង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​គ្រាន់​តែ​ទទួល​ព័ត៌មាន​ពី​លោក​មេឃុំ ប៉ុន្ដែ​ចំនួន​ជាក់លាក់​មិន​ទាន់​អាច​ប្រាប់​បាន​ទេ ប៉ុន្ដែ​លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​ជួយ​ស្រង់​ទិន្នន័យ និង​ចែក​ថ្នាំ​ព្យាបាល​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​អត់​ទាន់​ដឹង​ចំនួន​ច្បាស់​ទេ ប្រហែល​ជា​ស្អែក ទើប​មន្ត្រី​របស់​ខ្ញុំ​រាយការណ៍​មក ព្រោះ​នៅ​ក្នុង​តំបន់​នោះ​មិន​សូវ​មាន​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​»​។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា​សត្វ​គោ-ក្របី ភាគច្រើន​តែង​កើត​ជំងឺ​អុតក្តាម​ដែល​មាន​ដំបៅ​នៅ​ក្រចកជើង និង​មាត់ ហៀរសំបោរ ពងបែក​អណ្តាត ស៊ី​អាហារ​មិន​កើត ហើយ​អាច​ធ្វើឲ្យ​សត្វ​ងាប់​បាន​បើ​យើង​មិន​បាន​ថែទាំ​ និង​ចាក់​ថ្នាំ​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោក​បាន​បន្ត​ទៀត​ថា​នៅ​តំបន់​នោះ សត្វ​គោក្របី​ផឹកទឹក​អូរ ព្រែក និង​តាម​ជង្ហុក​ជើងភ្នំ ហើយ​ទឹក​ទាំង​នោះ​វា​មាន​មេរោគ​ប្លែកៗ​ច្រើន​ណាស់​ដែល​បង្ក​ឱ្យ​ក្លាយ​ជា​ជំងឺ​ដល់​សត្វ​គោក្របី​បែប​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​មាន​តួលេខ​ច្បាស់​ទេ ចាំ​មន្ត្រី​ខ្ញុំ​រាយការណ៍​មក​សិន ព្រោះ​ខ្ញុំ​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​​ដល់​ទី​នោះ​ហើយ គឺ​ខ្ញុំ​ឲ្យ​ពួកគាត់​ជួយ​ចាក់​ថ្នាំ ផ្ដល់​ថ្នាំ និង​តាមដាន​ជំងឺ​ទាំង​នោះ​ឲ្យ​ពលរដ្ឋ​»​។

លោក​បញ្ជាក់​ថា​ម្ចាស់​សត្វ​នីមួយៗ​នៅពេល​គោក្របី​កើត​មាន​ជំងឺ​ឆ្លង​នេះ​សូម​រាយការណ៍​បន្ទាន់​ទៅ​មន្ត្រី​ពេទ្យសត្វ​នៅ​តាម​ភូមិ ហើយ​មន្ទីរ​កសិកម្ម​នឹង​បញ្ជូន​ភ្នាក់ងារ​បសុព្យាបាល​សត្វ​ទៅ​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។

តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​បង្ហាញ​ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង​សត្វ​គោ-ក្របី​ចាប់​តាំងពី​ដើម​ខែ​មករា​មក​មន្ត្រី​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ជួយ​ព្យាបាល សត្វ​គោ​បាន​ចំនួន​ ២១៣ ​ក្បាល​ និង​សត្វ​ក្របី​ ៤១ ​ក្បាល​ព្រម​ទាំង​ចាក់​វ៉ាក់សាំង​ការពារ​សត្វ​គោ​បាន​ ៧៦៧ ​ក្បាល និង​សត្វ​ក្របី​បាន ២២៥ ​ក្បាល​ផង​ដែរ​៕