កំពង់ឆ្នាំងៈ សាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនគ្រូបង្រៀនម្នាក់ឈ្មោះ ប៉ុល ទិត្យធានី ហៅ ប៉ូច ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសដើរព្យាបាល និងចាក់ថ្នាំប្រជាពលរដ្ឋខុសច្បាប់នៅតាមមូលដ្ឋានស្រុកកំពង់ត្រឡាច ដែលគ្រួសារគ្រូបង្រៀនរូបនេះថា ជារឿងនយោបាយ ប៉ុន្ដែមន្ត្រីអះអាងថា ករណីនេះមិនជាប់ពាក់ព័ន្ធនយោបាយនោះទេ។
លោក ឈួន ស៊ីវិន អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា សាលាដំបូងខេត្តបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ប៉ុល ទិត្យធានី អាយុ ៤៩ ឆ្នាំ រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច មុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម កំពង់ត្រឡាច កាលពីល្ងាចថ្ងៃទី ១៧ ខែ ឧសភា។
លោកបន្តថា ការឃុំខ្លួននេះ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនតាមដីការបស់ព្រះរាជអាជ្ញា និងតាមបណ្ដឹងរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក្រោមបទចោទប្រកាន់ «រំលោភច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល» តាមមាត្រា ២៦ ដែលត្រូវជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ បន្ទាប់ពីបុគ្គលរូបនេះ ធ្លាប់ត្រូវបានព្រមាន ណែនាំ និងឲ្យធ្វើកិច្ចសន្យាជាច្រើនលើកឲ្យបញ្ឈប់សកម្មភាព។
លោកបញ្ជាក់ថា៖ «គាត់ជាប់ចោទពីបទប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលដែលពុំមែនជាអ្នកមានវិជ្ជាជីវៈសុខាភិបាលនៅ តាមមូលដ្ឋានរបស់គាត់ហ្នឹង ហើយពាក្យបណ្ដឹងនេះ គឺខាងមន្ទីរសុខាភិបាលខេត្ត គេប្ដឹងមកតុលាការ ហើយតុលាការក៏ធ្វើការតាមហ្នឹងទៅ»។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញបានថ្លែងថា មុនពេលលោកសម្រេចចិត្តប្ដឹងនេះ គឺមន្ត្រីបានចេញសារព្រមាន និងណែនាំជាច្រើនលើកមកហើយ ជុំវិញសកម្មភាពរបស់លោកប៉ុល ទិត្យធានី ដែលមានជំនាញជាគ្រូបង្រៀន ប៉ុន្ដែគាត់ឆ្លៀតពេលទៅដើរព្យាបាលនិងចាក់ថ្នាំជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ដោយគ្មានវិជ្ជាជីវៈ និងពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរសុខាភិបាល ។
ការលើកឡើងពីការពាក់ព័ន្ធនឹងរឿងនយោបាយនោះ លោកថាការឃាត់ខ្លួនជារឿងបទល្មើសរបស់បុគ្គលរូបនេះផ្ទាល់ដែលបានធ្វើខុសច្បាប់។
លោកថា៖ «អាហ្នឹងជារឿងស៊យជាន់គ្នារបស់គាត់ទេ យើងធ្វើតាមច្បាប់រឿងបទល្មើសបុគ្គលគាត់ទេ ប៉ុន្ដែបើគេថា ខ្ញុំធ្វើហ្នឹងជារឿងនយោបាយ ខ្ញុំក៏មិនដឹងថាម៉េចដែរ ព្រោះគាត់ធ្លាប់ធ្វើជាមន្ត្រីអតីតបក្សប្រឆាំងមែន»។
ជុំវិញការចោទប្រកាន់ទាំងនេះ កាលពីម្សិលមិញភ្នំពេញប៉ុស្ដិ៍មិនទាន់អាចស្វែងរកប្រភពទាក់ទងទៅក្រុម គ្រួសារលោក ប៉ុល ទិត្យធានី ដើម្បីសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែអ្នកស្រី ហៃ ធារី ជាភរិយាលោក ប៉ុល ទិត្យធានី ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សម្ដីកាលពីសប្តាហ៍មុនថា ប្ដីអ្នកស្រីមិនបានបើកអាជីវកម្មព្យាបាលជំងឺដូចការចោទប្រកាន់ទេ ព្រោះទីតាំងដែលបើកកន្លែងព្យាបាលជំងឺនោះ ជារបស់កូនស្រីអ្នកស្រី ដែលមានសញ្ញាបត្រពេទ្យបើកព្យាបាលជំងឺត្រឹមត្រូវ។
អ្នកស្រីចាត់ទុកករណីនេះថា ជាការគំរាមកំហែងផ្នែកនយោបាយដោយសារលោក ប៉ុល ទិត្យធានី ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់គណបក្សប្រឆាំងខេត្តកំពង់ឆ្នាំង។
អ្នកស្រីថ្លែងថា៖ «បើសិនជារឿងចាក់ថ្នាំ គឺសមត្ថកិច្ចចាប់ប្ដីខ្ញុំតាំងពីយូរណាស់ហើយ។ មិនមែនមកចាប់ពេលប្ដីខ្ញុំគាត់កំពុងហូបបាយដូច្នេះទេ គឺកូនខ្ញុំបើកព្យាបាលហ្នឹងយូរឆ្នាំមកហើយ។ បើគេចាប់គាត់ទៅបង្រៀនមិន កើត ហើយគេនឹងលុបឈ្មោះចេញពីគ្រូដែរ»៕