ភ្នំពេញៈ ក្រុមគ្រួសារលោកស្រី ស៊ឹង ស៊ីយុត អតីតសមាជិកលេខាធិការដ្ឋាន គណៈកម្មការទី ៧ នៃព្រឹទ្ធសភាបានប្រគល់កុលាលភាជន៍បុរាណចំនួន ៥៨ ទៅឲ្យនាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាទ្រព្យសម្បត្តិរបស់ជាតិសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្រាវជ្រាវអំពីគំរូស្នាដៃសិល្បៈបុរាណខ្មែរ។
លោក ហេង កំសាន្ត ប្រធាននាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា កុលាលភាជន៍ដែលជាវត្ថុសិល្បៈបុរាណទាំងនោះមានប្រភពមកពីខេត្តភាគបស្ចិមនៃប្រទេសកម្ពុជានាសម័យបុរាណ ឬពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ន។ លោក កំសាន្ត បញ្ជាក់ថា៖ «ក្នុងចំណោមកុលាលភាជន៍ទាំង ៥៨ នោះមានមួយចំនួនមានអាយុកាលជាង ៤០០ ឆ្នាំមុនសម័យបុរេប្រវត្តិសាស្ត្រ ឬមុនគ្រិស្តសករាជ។
ចំណែកមួយចំនួនទៀតត្រូវបានគេកសាងឡើង ឬផលិតឡើងនៅក្នុងយុគសម័យអង្គរ និងខ្លះទៀតក្នុងអំឡុងសតវត្សរិ៍ទី ១៦ និងសតវត្សរ៍ទី ១៧»។ លោកបន្តថាបច្ចុប្បន្នកុលាលភាជន៍ទាំងនោះត្រូវបានក្រុមមន្ត្រីជំនាញនាំយកទៅដុសលាងសម្អាតសម្លាប់មេរោគ និងជាតិអំបិល ដើម្បីរៀបចំចងក្រងឯកសារ និងចុះបញ្ជីសារពើភណ្ឌរបស់ជាតិ មុនពេលនាំយកទៅដាក់តាំងក្នុងសារមន្ទីរជាតិ សម្រាប់ឲ្យពលរដ្ឋដែលជាភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ពីស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ។
បើតាមលោក កំសាន្ត ពិធីប្រគល់ និងទទួលកុលាលភាជន៍ដែលជាវត្ថុសិល្បៈបុរាណទាំងនោះបានធ្វើឡើងកាលពីថ្ងៃចន្ទតាមបណ្ដាំរបស់លោកស្រី ស៊ឹង ស៊ីយុត អតីតសមាជិកលេខាធិការដ្ឋានគណៈកម្មការទី ៧ នៃព្រឹទ្ធសភា។
លោកស្រី ស៊ឹង ស៊ីយុត បានទទួលមរណភាពនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩ ដោយរោគាពាធក្នុងអាយុ ៧១ ឆ្នាំ។
គួរបញ្ជាក់ថាកាលពី ២ ខែមុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានទទួលនូវបុរាណវត្ថុចំនួន ៨៥ ដុំរូបពីសប្បុរសជនជនជាតិជប៉ុនផងដែរ៕