ភ្នំពេញ: អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានចេញ​របាយការណ៍​មួយ​កាលពី​ម្សិលមិញ​បាន​បង្ហាញថា មាន​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៨៦ ​នាក់ ​ក្នុងនោះ​ស្លាប់​ ៣៥ ​នាក់​រយៈពេល​ ៣ ​ថ្ងៃ​ (២៤-២៦​មករា​) ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ទូទាំង​ប្រទេស​ជា​តួលេខ​ខ្ពស់​មួយ​ដែល​សង្គម​ស៊ីវិល​ក៏បាន​សម្ដែង​ការព្រួយបារម្ភ​ពី​ករណី​នេះដែរ​។

តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ថ្ងៃទី​ ២៤ ខែមករា​ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បានកើត​ឡើង​ចំនួន​ ១៣ ​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​ចំនួន​ ១២ ​នាក់​ស្លាប់ ចំណែក​ ១៧ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ស្រាល​។ ក្នុងនោះ​អ្នកបើកបរ​ម៉ូតូ​ចំនួន​ ១១ ​នាក់​ (៩​ នាក់​មិន​ពាក់មួក​សុវត្ថិភាព​) ​និង​រថយន្ត​តូច​ ១ ​នាក់​។

របាយការណ៍​បន្តថា​នៅ​ថ្ងៃទី​ ២៥ ​ខែ​មករា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​ ២២ ​លើក​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ១៤ ​នាក់​បាន​ស្លាប់ ចំណែក​ ២២ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់-ស្រាល​។ ក្នុងនោះ​ស្លាប់​ដោយសារ​បើកបរ​ម៉ូតូ​ចំនួន​ ១៣ ​នាក់ (៧ ​នាក់​មិន​ពាក់មួក​សុវត្ថិភាព​) ​និង​ដើរ​ថ្មើរជើង​ ១ ​នាក់​។

របាយការណ៍​បន្ថែមថា លុះ​នៅ​ថ្ងៃទី​ ២៦ ខែ​មករា​នៃ​បុណ្យចូលឆ្នាំ​ចិន​នេះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​ ១៣ ​លើក បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ៩​ នាក់​បាន​ស្លាប់ ចំណែក​ ១២ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ស្រាល​។ ក្នុងនោះ​ស្លាប់​ដោយ​​ការបើកបរ​ម៉ូតូ​ចំនួន​ ៧ ​នាក់​ (​មិនពាក់មួក​សុវត្ថិភាព​) ​រថយន្ត​តូច​ ១ ​នាក់ និង​ថ្មើរជើង​ ១ ​នាក់​។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ ដោយសារ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​កាលពី​ម្សិលមិញ​។

លោក ស ថេត អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុសាសន៍​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទាក់ទង​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​កាលពី​ម្សិលមិញ​ថា ដើម្បី​បង្ការ​​ទប់ស្កាត់ និង​កាត់បន្ថយ​ឲ្យ​បាន​នូវ​អត្រា​គ្រោះថ្នាក់​ស្លាប់​ដោយ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ បណ្តា​ខណ្ឌ​ទាំង​ ១៤ និង​ការិយាល័យ​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​កម្លាំងចម្រុះ​ដាក់​តាម​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​គ្រប់​ខណ្ឌ​រយៈពេល​ ៧ ​ថ្ងៃ​ គិតពី​ថ្ងៃ​ផ្សព្វផ្សាយ​នេះ​ទៅ​។

លោក​ថា ការធ្វើ​បែបនេះ​ដើម្បី​យក​លទ្ធផល​មក​វិភាគ​ថា តើ​ក្នុងអំឡុងពេល​អនុវត្ត​ការងារ​ ១ ​សប្តាហ៍​នេះ​មានការ​ថយចុះ ឬ​មាន​ប្រសិទ្ធភាព​កម្រិតណា ដើម្បី​ឈាន​ទៅ​ដាក់​ផែនការ​អនុវត្ត​បន្តទៀត​។

លោក​បាន​ណែនាំ​ឲ្យ​កម្លាំងចម្រុះ​យកចិត្តទុកដាក់​លើ​ជនបរទេស​ដែល​បើកបរ​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ជនបរទេស​ដែល​ប្រើប្រាស់​រថយន្ត​មាន​ស្លាក​លេខ នប និង ខម​។​ល​។ ទន្ទឹម​នឹង​នេះ​លោក​បាន​ណែនាំ​ដល់​កម្លាំង​ទាំងអស់ ត្រូវគោរព​វិន័យ​ឲ្យ​បានល្អ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ទទួល​បាន​នូវ​ការ​សាទរ និង​គាំទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP) ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​ចំនួន​តួលេខ​អ្នកស្លាប់ និង​អ្នករបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ៣ ​ថ្ងៃនេះ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ​លោក​ថា​នេះ​ដោយសារ​មាន​កត្តា​មួយចំនួន​ដូចជា ការបើកបរ​មិន​គោរព​ច្បាប់ បើកបរ​ល្បឿន​លឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ ឬ​ខ្សែក្រវាត់ និង​កត្តា​រួមផ្សំ​ជាច្រើន​ទៀត​។

លោក​បាន​បន្តថា ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវតែមាន​ការចូលរួម​ទាំងអស់​គ្នា​។ ​ជាក់ស្ដែង​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដាក់ចេញ​វិធានការ​ច្រើន​ចំណុច​ព្រមទាំង​មាន​ការណែនាំ​បន្ថែម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​ប្រុងប្រយ័ត្ន និង​ការទប់ស្កាត់​ករណីនេះ​។

លោក​ បញ្ញា ​បាន​បញ្ជាក់​ថា​៖ «​ក្រៅពី​ការអនុវត្ត​ច្បាប់​ចំពោះ​ជន​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​ភាគី​ពាក់ព័ន្ធ​ក៏​ត្រូវតែ​អប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត​ឲ្យ​បាន​ទូលំទូលាយ​នៅតាម​មូលដ្ឋាន សាលារៀន និង​ទីប្រជុំជន​នានា​។

បន្ថែម​លើ​នេះ​យើង​គួរតែ​រក​វិធីសាស្ត្រ​យ៉ាងណា​ធ្វើ​ឲ្យ​អ្នក​ល្មើសច្បាប់​គាត់​ចេះ​ខ្មាសអៀន​ចេះ​ស្រឡាញ់​កិត្តិយស​គាត់ នៅពេល​គាត់​បើកបរ​បំពាន​ច្បាប់​»​។

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហាញ​ថា នៅ​ពេញ​ ១ ​ឆ្នាំ​ នៃ​ឆ្នាំ​ ២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤ ១២១ លើក ​ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់​ចំនួន ១ ៩៨១ ​នាក់ និង​រងរបួស​ចំនួន ៦ ១៤១ ​នាក់ ​ដែល​គិត​ជា​មធ្យម​គឺ​ក្នុង​ ១ ​ថ្ងៃ​ មាន​មនុស្ស​ស្លាប់​ ៥,៤ ​នាក់​ ដែល​ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កណ្ដាល​៕