បាត់ដំបង/ពោធិ៍សាត់: មន្ត្រីបរិស្ថានខេត្តបាត់ដំបងពីម្សិលមិញបានឃាត់ខ្លួនបុរស ៣ នាក់ ក្នុងចំណោម ៨ នាក់ បន្ទាប់ពីពួកគេលួចចាប់កូនសត្វរនាលពណ៌ ១២៣ ក្បាល ក្នុងតំបន់អភិរក្សរ៉ាមសារព្រែកទាល់ក្នុងស្រុកឯកភ្នំរួចគេចខ្លួន ខណៈម្ចាស់ហាងម្នាក់នៅស្រុកក្រគរខេត្តពោធិ៍សាត់ត្រូវបានអប់រំ និងពិន័យប្រាក់ជាង ៤ លានរៀល រឿងលក់សាច់សត្វព្រៃ។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងថ្លែងពីម្សិលមិញថា បុរស ៣ នាក់នោះ ត្រូវបានមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែមីនា បន្ទាប់ពីពួកគេលួចឆក់ និងចាប់កូនសត្វរនាលពណ៌ចំនួន ១២៣ ក្បាល កាលពីថ្ងៃទី ២៥ ខែមីនា នៅតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំងក្នុងស្រុកឯកភ្នំ ប៉ុន្ដែសមត្ថកិច្ចបានរឹបអូសមកវិញទាំងអស់ក្រោយពីពួកគេទម្លាក់វត្ថុតាងនោះចោលហើយរត់គេចខ្លួនបាត់។
លោកបន្តថា ក្រុមជនសង្ស័យមានគ្នា ៨ នាក់ បានប្រើឧបករណ៍ឆក់កូនសត្វរនាលពណ៌ដែលទើបតែដុះស្លាបតិចៗ ដើម្បីយកទៅធ្វើម្ហូបលក់នៅក្នុងភូមិ ស្រុកពួកគេ និងមួយចំនួនទៀតយកទៅលក់នៅខេត្តសៀមរាប។ ជនល្មើសជាពលរដ្ឋក្នុងមូលដ្ឋានតំបន់អភិរក្សរ៉ាមសារព្រែកទាល់តែម្ដងដែលតែងប្រព្រឹត្តល្មើសជាហូរហែ និងតែងតែរត់គេចពីសមត្ថកិច្ចរួចខ្លួនរហូត។
លោក បូរ៉ាន់ បញ្ជាក់ថា៖ «ជនល្មើស ៣ នាក់នេះ ខ្ញុំអត់ចាំឈ្មោះគាត់ទេ តែពួកគាត់មានអាយុ ២៧ ឆ្នាំម្នាក់ អាយុ ១៥ ឆ្នាំ និងអាយុ ២៣ ឆ្នាំម្នាក់ ហើយយើងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងនៅថ្ងៃទី ៣០ ខែមីនា នេះ។ រីឯជនល្មើសជាបក្ខពួក ៥ នាក់ផ្សេងទៀត យើងបានកំណត់អត្តសញ្ញាណរួចរាល់ហើយ កំពុងតាមឃាត់ខ្លួនបន្តទៀត»។
លោកបន្ថែមថា៖ «ករណីលើកនេះ ខ្ញុំមិនឲ្យជនល្មើសរួចខ្លួនទេហើយត្រូវតែឃាត់ខ្លួនបញ្ជូនទៅតុលាការទាំងអស់ គ្មានការលើកលែង ឬអប់រំអ្វីបន្តទៀតទេ ព្រោះយើងបានណែនាំ អប់រំច្រើនឆ្នាំមកហើយ តែជនល្មើសមុខដដែលៗ»។
តាមរបាយការណ៍របស់ក្រសួងបរិស្ថានថាកាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ចំនួន ១២ នាក់ បានចុះល្បាតនៅតំបន់រ៉ាមសារព្រែកទាល់។ លុះដល់ម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមីនា ក្រុមការងារបានស្ទាក់ចាប់បទល្មើសលួចចាប់កូនសត្វរនាលពណ៌ចំនួន ១២៣ ក្បាល ដែលក្រុមជនល្មើសចូលលួចពីក្នុងបន្ទាយសត្វយកមកទម្លាក់ចោលរួចរត់គេចខ្លួនបាត់អស់ ។
ករណីស្រដៀងគ្នានេះកងរាជអាវុធហត្ថស្រុកក្រគរសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចុះបង្ក្រាបទីតាំងលក់សាច់សត្វព្រៃ ១ កន្លែង នៅភូមិផ្សារឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយសមត្ថកិច្ចបានអប់រំ និងពិន័យប្រាក់ជាង ៤ លានរៀល ពីម្ចាស់ឈ្មោះ យ៉ាង សុដាលី ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើបន្ទាប់ពីរកឃើញលក់សាច់សត្វ ៤៦,៣ គីឡូក្រាម។
លោក នៅ សុជាតិ មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រគរប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការបង្រាបនេះធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមីនា ដោយបានសហការជាមួយអង្គការ (WildlifeAlliance)។ លោកបានបញ្ជាក់ថា៖ «មន្ត្រីជំនាញខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃគាត់បានស្នើកម្លាំងពីពួកខ្ញុំដើម្បីជួយចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃនេះ ប៉ុន្ដែរបាយការណ៍គឺពួកខ្ញុំមិនបានរៀបចំទេគឺខាងអង្គការជាអ្នករៀបចំ។ ដូច្នេះខ្ញុំអត់មានចំនួនវត្ថុតាងទេគឺយើងគ្រាន់តែចូលរួមសហការ ប៉ុន្ដែមិនកាន់របាយការណ៍ផ្ទាល់ទេ»។
លោកបន្ថែមថា ក្រោយពីចុះបង្ក្រាបសមត្ថកិច្ចយកមកដុតចោលនៅក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ។ រីឯម្ចាស់ទីតាំងគឺតម្រូវឲ្យធ្វើកិច្ចសន្យា និងផាកពិន័យជាទឹកប្រាក់ ប៉ុន្ដែមិនដឹងពីចំនួនទឹកប្រាក់ដែលផាកពិន័យនោះទេ។
ក៏ប៉ុន្តែតាមគេហទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងនៅថ្ងៃទី ២៨ ខែមីនា ថា វត្ថុតាងដែលដកហូតបានរួមមានសាច់សត្វកាំប្រមា ២៤,៥០ គីឡូ, សាច់ឈ្លូស ១៨ គីឡូ, សាច់ជ្រូកព្រៃ ២ គីឡូ, ក្រពះប្រមា ២ បន្ទះ និងស្បែកកែះក្រៀម ១,៨០ គីឡូ។ បច្ចុប្បន្នវត្ថុតាងនេះត្រូវបានដុតបំផ្លាញចោលរីឯម្ចាស់ទីតាំងសមត្ថកិច្ចបានអប់រំ និងពិន័យប្រាក់ ៤,៥ លានរៀល។
ដោយឡែកគេហទំព័រហ្វេសប៊ុករបស់អង្គការ (WildlifeAlliance) កាលពីថ្ងៃទី ២៨ ខែមីនា ក៏បានបង្ហាញពីការចូលរួមឆ្មក់ចូលទីតាំងហាង ១ កន្លែងនេះដែរ ហើយចាត់ទុកកិច្ចសហការនេះថា ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ ជាមួយនេះអង្គការនេះបានអំពាវនាវដល់ពលរដ្ឋឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៕