ស្វាយរៀង/ព្រះសីហនុៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​សម្រេច​ឃុំខ្លួន​បុរស​ចិន​ ២ ​នាក់​ កាលពី​ថ្ងៃទី​ ១៨ ​ខែ​តុលា​ ពាក់ព័ន្ធ​បទ​ចាប់​បង្ខាំង​បុរស​ចិន​ ២ ​នាក់ ​ជំរិត​ទារប្រាក់​នៅ​ក្រុង​បាវិត ខណៈ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កំពុង​តាម​ចាប់ខ្លួន​ជនជាតិ​ចិន ១ ​ក្រុម ​ដែល​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​ពី​​ជនជាតិ​ចិន​ ៥ ​នាក់​ កាលពី​ថ្ងៃទី​ ១៨ ​តុលា​ នៅ​ភូមិ-សង្កាត់​ ៣​។

លោក ទេព ផល្លា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​សង្ស័យ​ជនជាតិ​ចិន​ឈ្មោះ ហ្វង់ ឈីឆឹង (​ហៅ​ក្រៅ ម៉ឺង គ័រ​) អាយុ​ ៤៥ ​ឆ្នាំ​ និង ធឹង ចាស៊ាង អាយុ​ ២៨ ​ឆ្នាំ​ ត្រូវ​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ១៨ តុលា បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា​។

លោក​ថ្លែងថា​៖ «​ជន​ទាំង​ ២ ​នាក់​ត្រូវ​ចោទ​ពី​បទ​បង្ខាំង​មនុស្ស​ក្នុង​គោលដៅ​ជំរិត​ទារប្រាក់ តាម​បញ្ញត្តិ​មាត្រា​ ២៥៣ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។ យោង​មាត្រា ២៥៣ ​ចែងថា បើ​ការចាប់​បង្ខាំង​មាន​រយៈពេល​តិចជាង​ ៤៨ ម៉ោង ត្រូវ​ជាប់​ពន្ធនាគារ​ពីមួយ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​បើ​ចាប់​ឃុំ ឬ​ការ​បង្ខាំង​រយៈពេល​ចាប់ពី ៤៨ ​ម៉ោង​ដល់​តិច​ជាង​ ១ ​ខែ ​គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៣ (​បី​) ​ឆ្នាំ​ទៅ ៥ (​ប្រាំ​) ​ឆ្នាំ​ហើយ​បើ​ការចាប់​ឃុំ​ ឬ​ការ​បង្ខាំង​រយៈពេល​ស្មើ ឬលើស​ពី​ ១ ​ខែ​ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៥ (​ប្រាំ​) ​ឆ្នាំ​ទៅ​ ១០ (​ដប់​) ​ឆ្នាំ​។

លោក ស្រី វុត្ថា មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​នេះ​មាន​ជនរងគ្រោះ​ឈ្មោះ យ៉ាង អាសឹង អាយុ​​ ២៣ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ក្នុង​ក្រុង​ណាននីង ខេត្ត​គ័ងស៊ី ប្រទេស​ចិន​ និង​ទី​ ២- ​ឈ្មោះ ល័រ សាវជៀន អាយុ​ ២៥ ​ឆ្នាំ​មុខរបរ​អាជីវករ​ស្នាក់នៅ​ក្រោយ​ផ្សារ​អន្តរជាតិ​ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល​សង្កាត់-ក្រុង​បាវិត​។

លោក​​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចុះបង្ក្រាប​នៅ​យប់​ថ្ងៃទី​ ១៤ ខែ​តុលា​ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ មហាជ័យ និង​ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់​លេខ​ ២៣ ​ដែល​ជនសង្ស័យ​ស្នាក់នៅ​ក្នុងភូមិ​បាវិត​កណ្តាល សង្កាត់-ក្រុង​បាវិត ដោយ​រកឃើញ​មនុស្ស​ចំនួន​ ៣ ​នាក់ ​នៅក្នុង​បន្ទប់​។ ក្នុងនោះ​ជនរងគ្រោះ​មាន​ ២ ​នាក់ និង​ជនសង្ស័យ​ម្នាក់ (​ជនជាតិ​ចិន​ទាំង​ ៣ ​នាក់​)​។

លោក​បន្តថា រហូត​មក​ដល់​ម៉ោង ៩ ​និង ១៥ ​នាទី​យប់​ថ្ងៃទី​ ១៦ ខែ ​តុលា ឆ្នាំ​ ២០១៩ កម្លាំង​អាវុធហត្ថ​បាន​បន្ត​ចុះ​ប្រតិបត្តិការ​នៅមុខ​សណ្ឋាគារ JP ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ទៀត​ជា​ក្រុម​តែមួយ​។

ដោយឡែក​នៅឯ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៨ ខែ​តុលា​ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​រំដោះ​ជនជាតិ​ចិន​ ៥ ​នាក់​ (​ស្រី​ម្នាក់​) ពាក់ព័ន្ធ​ការ​បង្ខាំង​ជំរិត​ទារប្រាក់​ស្ថិត​នៅ​ភូមិ​ ៣ សង្កាត់​លេខ​ ៣ ប៉ុន្តែ​ជនសង្ស័យ​បាន​គេច​ខ្លួន​។

លោក កុល ផាលី ស្នងការរង​ខេត្ត​ព្រះសីហនុ​ទទួល​ផែន​ព្រហ្មទណ្ឌ​ថ្លែង​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​វាយ​ឲ្យ​របួស​ពេញ​ខ្លួន ដែល​ជា​ការគំរាម​ជនរងគ្រោះ​បង្ខំ​ជំរិត​ទារប្រាក់​ហើយ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ភ្លាមៗ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ក្រុង​ព្រះសីហនុ​៕