ភ្នំពេញ: អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបណ្តេញជនជាតិចិនចំនួន ២៣៥ នាក់ក្នុងនោះស្រី ៣៥ នាក់ចេញពីកម្ពុជាទៅកាន់ប្រទេសចិនវិញ តាមរយៈជើងយន្តហោះនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីការបង្ក្រាបពាក់ព័ន្ធករណីឆបោក គំរាមកំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
ជនជាតិចិនទាំង ២៣៥នាក់នេះត្រូវសមត្ថកិច្ចរបស់កម្ពុជាបង្ក្រាបបានកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាដោយបានលួចលាក់ប្រព្រឹត្តបទល្មើសចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដែលនៅ ៤ ទីតាំងផ្សេងៗគ្នា។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានថ្លែងថា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនទាំង ២៣៥ នាក់នេះសមត្ថកិច្ចកម្ពុជាបានប្រគល់ជនល្មើសទាំងនេះទៅឲ្យអាជ្ញាធរចិនជាអ្នកចាត់ចែងតាមនីតិវិធីវិញ។
លោកបានបន្តថារដ្ឋាភិបាលតែងតែស្វាគមន៍វិនិយោគិនចិនដែលមកធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែចំពោះជនជាតិបរទេសទាំងនោះដែលប្រព្រឹត្តខុសច្បាប់អាជ្ញាធរកម្ពុជានឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងទោសឡើយ ហើយនេះជាលើកទី ៨ នៃការបណ្ដេញជនជាតិចិនចេញពីប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានពាក់ព័ន្ធនឹងបទល្មើស VoIP នៅឆ្នាំ ២០១៨ នេះ។
លោក សីលា បញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិខ្មែរទាំងអស់ជួយរាយការណ៍ និងសហការជាមួយសមត្ថកិច្ច ប្រសិនបើបងប្អូនសង្ស័យថា ជនបរទេសទាំងនោះកំពុងលួចប្រព្រឹត្តបទល្មើសនៅក្នុងការិយាល័យ ផ្ទះជួល ផ្ទះសំណាក់ និងទីតាំងកន្លែងកម្សាន្ដនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយសមត្ថកិច្ចយើងនឹងទៅចាត់វិធានការតាមច្បាប់»។
គួរបញ្ជាក់ថាកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនសហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិនចំនួន ២៣៥ នាក់ (ស្រី ៣៥ នាក់) ដែលជាប់ពាក់ព័ន្ធករណី Voip។
ក្នុងនោះទីតាំងទី ១- ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនជាង ៦០ នាក់ ទី ២- ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនជាង ១០ នាក់ (ប្រុស) ទី ៣- ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនប្រមាណ ៧០ នាក់ និងទីតាំងទី ៤- ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនប្រមាណ ៩០ នាក់។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងឲ្យដឹងថាការចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសនេះមិនមែនជាលើកទី ១ ទេ ប៉ុន្ដែអ្វីដែលសំខាន់ត្រូវធានាថាក្រុម ឬបណ្ដាញរបស់ពួកគេត្រូវតែមានវិធានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ និងគួរកត់ត្រាបុគ្គលជាជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជាដាក់ក្នុងបញ្ជីខ្មៅ។
លោកបន្តថាសមត្ថកិច្ចត្រូវតែធ្វើការស៊ើបអង្កេតរកបណ្ដាញរបស់ពួកគេ ព្រោះជនល្មើសទាំងអស់នេះមុននឹងធ្វើសកម្មភាពគឺត្រូវតែមានបណ្ដាញរឹងមាំរបស់គេ។ ម្យ៉ាងវិញទៀតអាជ្ញាធរត្រូវតែធានាលើជនជាតិទាំងអស់គ្មានបណ្ដាញសម្រាប់ប្រព្រឹត្តបទល្មើសបែបនេះតទៅទៀតនៅក្នុងប្រទេសកម្ពុជា ខណៈការចាប់បញ្ជូននៅតែបន្តកើតមាន ហើយអ្នកមានឱកាសប្រព្រឹត្តបទល្មើសឆ្លងដែនក៏នៅតែមាន។
លោក សន ជ័យ បញ្ជាក់ថា៖ «សមត្ថកិច្ចកម្ពុជាគួរមានវិធានការកត់ត្រាពួកគេដែលប្រព្រឹត្តបទល្មើសក្នុងបញ្ជីខ្មៅ (Black List) ហើយក៏រកវិធានការកុំឲ្យពួកគេមានឱកាសយកទីតាំងកម្ពុជាធ្វើជាកន្លែងប្រព្រឹត្តបទល្មើសតទៅទៀតដែរ។ ជាពិសេសពួកគេបាននិងកំពុងធ្វើឲ្យខូចឈ្មោះជនជាតិចិនដទៃទៀត ដែលកំពុងបណ្ដាក់ទុនវិនិយោគរាប់លានដុល្លារនៅកម្ពុជាដែរ»។
តាមស្ថិតិអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឲ្យដឹងថានៅឆ្នាំ ២០១៨ មានបរទេសចំនួន ១ ៣៤៨ នាក់មាន ៥២ សញ្ជាតិត្រូវបានបណ្ដេញចេញ និងជនបរទេសចំនួន ៩៥ សញ្ជាតិដែលសរុបចំនួន ១៥- ៣៦៦ នាក់ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ៕