ព្រះសីហនុៈ នគរបាល​ក្រុង​ព្រះ​សី​ហ​នុ​ នឹង​​បញ្ជូន​បុ​រស​ជនជាតិ​ចិន​ម្នាក់​ ទៅ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេ​ត្ត​ព្រះ​សី​ហ​នុ​​នៅ​ថ្ងៃ​​អង្គារ​នេះ​ បន្ទាប់​ពី​​បាន​ចាប់​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី ១​៩​​ ខែ​ ឧ​ស​ភា​ នៅ​ម្តុំ​សណ្ឋាគារ​លឺ​ស៊ីង​ ក្រុង​-​ខេត្ត​ព្រះ​សី​ហ​នុ​​បន្ទា​ប់​ពី​ជន​នេះ​ បាន​វាយ​បុរស​ចិន​ដូចគ្នា​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់។

លោក ​ភុល ​ភស្តា​ អធិការក្រុង​ព្រះ​សី​ហ​នុ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​​​ថា​ បុរស​ជន​ជាតិ​ចិន​ម្នាក់ ​ដែល​វ៉ៃ​ជនជាតិ​ចិន​គ្នា​ឯង​ម្នាក់ ​ឲ្យ​រង​របួស​ធ្ងន់​​នោះ ​លោក​មិន​បាន​ចាំ​ឈ្មោះ​ទេ​​ ប៉ុន្តែ​លោក​​នឹង​បញ្ជូន​បន្ត​ទៅ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃនេះ។​

លោក​ថា​៖​ «​ទំ​នាស់​របស់​ពួក​គេ​គ្រាន់​តែ​ឆាត​​តាម​ហ្វេស​ប៊ុក ​ក៏​​​ទាស់​ពាក្យ​សម្តីគ្នា​ប៉ុណ្ណឹង​ទេ​ ហើយ​ពួក​គេ​ក៏​ណាត់​គ្នា​ចេញ​មក​វ៉ៃ​គ្នា​តែម្តង»។

លោក​ប្រាប់​តាម​សម្តី​បុរស​​សង្ស័យ​ថា ​រ​វាង​បុរស​សង្ស័យ​ និង​បុរសចិន​​ម្នាក់ទៀត​ គឺ​ជា​មិត្ត​ភក្ដិនឹង​គ្នា​ ហើយ​មុន​ពេល​កើត​ហេតុ​ បុរស​ម្នាក់​ នៅ​ក្នុង​ចំ​ណោម​ ២​ នាក់​ បាន​​ឆាត​ទៅ​គ្នា​លេង​តាម​ហ្វេស​ប៊ុក​។ ​នៅ​ពេល​កំ​ពុង​ឆាត​ទៅ​រក​គ្នា​ចុះ​ឡើ​ង​ៗ​ក៏​ស្រាប់​តែ​កើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា។​

ពេល​នោះ​បុរស​​សង្ស័យ​ បាន​ណាត់​បុរស​រងគ្រោះ​ មក​ជួប​ដើម្បី​វ៉ៃ​​គ្នា​នៅ​ម្តុំ​​សណ្ឋាគារ​ឈ្មោះ​​​លឺ​ស៊ីង​ ក្នុង​ភូមិ​សាស្រ្ត​សង្កា​ត់​លេខ​​ ៣​ ក្រុង​-​​ខេត្ត​ព្រះសីហនុ​ ហើយ​ពួក​គេ​ក៏​ចេញ​មក​ជួប​គ្នា​​ និង​វាយ​តប់​គ្នា​តែម្តង។

លោក​​បាន​បន្ត​ថា​ ខណៈ​ពួក​គេ​កំ​ពុង​វាយ​តប់​គ្នា​នោះ​​ ស្រាប់​តែ​ជន​សង្ស័យ ​​បាន​យក​កូន​កាំ​បិត​ចាក់​ត្រូវ​ចំ​ពោះ​បុរស​រងគ្រោះ​​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ព្រះសីហ​នុ​​។ ចំណែក​ជ​នបង្ក​ត្រូវ​​បាន​សមត្ថកិច្ច​​របស់​លោក​ចុះ​ធ្វើ​អន្តរាគមន៍​​ និង​​បាន​ចាប់​ឃាត់​ខ្លួន​តែម្តង៕