ភ្នំពេញៈ ចំនួន​អ្នក​ស្លាប់ ​​និង​រង​របួស​ដោយ​ករណីរន្ទះបាញ់ និងខ្យល់​កន្ត្រាក់ ​បាន​កើន ឡើង​ដល់​ ២០ នាក់ហើយ ​គិត​ចាប់​ពី​ដើម​ខែ​មករា រហូត​ដល់​​ថ្ងៃទី ៩ ខែ​ មេសា ឆ្នាំ ២០១៩​។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​លោក កែវ វី។

លោក​ វី ដែលកំពុង​ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​វិធានការ​ត្រៀម​បង្ការ និង​ឆ្លើយ​តបជាបន្ទាន់ ​ចំពោះ​ជនរង​គ្រោះ​ដោយ​សារ​ក​​រ​​ណី​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ ព្រម​ទាំង​បាតុភូត​គ្រោះធម្មជាតិមួយ​ចំនួន​ទៀត​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា បាតុភូត​ខ្យល់​កន្ត្រាក់​និង​រន្ទះ​បាញ់ បាន​សម្លា​ប់​មនុស្សសរុប ៧ នាក់ និង​បង្ក​របួស​ធ្ងន់​ និង​ស្រាល ១៣ ​នាក់ ព្រម​ទាំង​បង្កការ​ខូច​ខាត​ផ្ទះ​សំបែង​ប្រជា​ពលរដ្ឋ សរុប​ចំនួន​ ៩១៩ ខ្នង ក្នុង​នោះ ១២​៩ ខ្នងបាន​រងការ​ខូច​ខាត​ទាំង​ស្រុ​ង​ និង ៧៩០ ខ្នង​ទៀត​ខូចខាត​ជា​មធ្យម​។

លោក​បញ្ជាក់​ថា​៖ «រ​ន្ទះបាញ់​បាន​សម្លាប់​មនុស្ស ៦ នាក់ និង​បង្ករបួស​មនុស្ស​ ៥ នាក់ ព្រម​ទាំង​សម្លាប់​គោ ក្របី​ប្រជា​កសិករ ៨ ក្បាល និង បង្ក ការ​ខូច​ខាត​ផ្ទះ​ ២ ​ខ្នង ខណ:​​ខ្យល់​កន្ត្រាក់បាន​បង្ក​ឲ្យ​មាន​ជន​រងគ្រោះ​ម្នាក់​ស្លាប់ និង ៨​ ​នាក់​ទៀត​រង​របួស​ធ្ងន់​​ និង​ស្រាល»។

លោក វី​ បាន​បន្ថែម​ថា ក្រៅ​ពី​បង្កឲ្យ​មាន​ការ​ស្លាប់ ​និង​របួស​មនុស្ស​ជាច្រើន​នាក់ និង​បំផ្លា​ញ​​​លំនៅឋា​នប្រជា​ពលរដ្ឋ​រាប់​រយ​ខ្នង​នោះបាតុ​ភូត​ខ្យល់​កន្ត្រាក់ ក៏បាន​បំផ្លាញ​ដំបូល​អគារ​សាលា​រៀន​ចំនួន​ ១៦ អគារ​ ឃ្លាំង​ស្តុក​កសិផល​ចំនួន​ ៤ និង​ស្តង់​លក់​ដូរ​ចំនួន ៩៤​ ស្តង់​ផងដែរ។

ជា​មួយ​គ្នានេះ លោក​ វី បាន​អំពាវនា​វ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​តំបន់​ងាយរង​គ្រោះ​ឬ​តំបន់​ដែល ងាយ​ប្រឈ​ម​ទៅ​នឹង​បាតុ​ភូត​គ្រោះ​ធម្មជាតិ​ខាង​លើ​នេះឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​រៀបចំបោះ​ស្នឹង ចង​ខ្សែទាញ​បង់បាញ់​រឹត​ផ្ទះ​សំបែ​​ង​ឲ្យ​ជាប់​​កុំឲ្យ​ប៉ើង​របើក​នៅពេល​មាន​ករណី​ខ្យល់​កន្ត្រា​ក់​​កើត​ឡើង និង​ចៀស វាង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​និងឧប​ក​​​រណ៍​ដែល​​អាច​​ចម្លង​ចរន្ត​អគ្គិស​នី នៅ​ពេល​មេឃរក​កល​ភ្លៀងនិ​ង​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់។

បើ​តាមការ​ព្យាករអាកា​សធាតុរបស់​ក្រសួង​ធន​ធា​ន​​ទឹក និងឧតុនិយម​ នា​ថ្ងៃ​អង្គារ​ម្សិលមិញ​​កម្ពុជា​នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និងសម្ពាធ​ខ្ពស់ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពីតិច​ទៅ​មធ្យម និង​មាន​លាយ​ឡំ​ដោយ​បាតុ​ភូតខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​មក​ជាមួយ​ផងដែរ៕