ក្រចេះ: គ្រាន់​តែ​នៅ​ក្នុង​ថ្ងៃ​ទី ១៣ ខែ​ កក្កដា ឆ្នាំ ២០១៩ សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​គ្រឿ​ង​​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ៣២ ​ករណី ឃាត់​ខ្លួន​​ជន​សង្ស័យ​ចំនួន ៧២​ នាក់ ខណៈ​កាល​ពី​ម្សិល​មិញសមត្ថកិច្ច ​បា​ន​បញ្ជូន​ជនសង្ស័យ​ ២ នាក់​​ ទៅ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្ត​ក្រចេះ​ជាមួយ​គ្រឿង​ញៀន​​មេតំ​ហ្វេតាមីន​កន្លះ​គីឡូក្រាម។

លោក​ ផាត ​សុភ័ក្រ្ត​ វាសនា​ មេ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​ក្រុង​ក្រចេះ​​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​​ថា​ ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​របស់​លោក​ចាប់​បាន​ ឈ្មោះ​ ធឿន ​រក្សស្មី​ អាយុ ​១៨ ​ឆ្នាំ​ និង​ឈ្មោះ ​សំ ​សុជា​ អាយុ​​ ១៨ ​​ឆ្នាំ​​ពួកគេ​គ្មាន​មុខ​របរទេ​ និង​មាន​លំនៅ​ក្នុ​ង​ភូមិ​ការប៉ូ​​ សង្កាត់​​អូរឫស្សី​​ ក្រុង​ខេត្ត​ក្រចេះ។​

លោក​បន្ត​ថា​ ជន​សង្ស័យ​​ត្រូវ​បញ្ជូន​ទៅ​បញ្ជា​​​ការដ្ឋាន​អាវុ​ធ​​ហត្ថ​​ខេត្ត​​រួច​​ហើយ​​ បន្ទាប់​ពី​ចាប់​ខ្លួន​ពួកគេ។ ​ចំពោះ​​​វត្ថុតាង​​គ្រឿងញៀន​ដែល​សមត្ថ​កិច្ច​​ដកហូត​បាន​ពី​ជន​សង្ស័យ​​មាន​​ម្សៅ​ក្រាម​ពណ៌​ស​ប្រភេ​ទ​មេតំហ្វេតាមីន​ ​ចំនួន​កន្លះ​គី​​ឡូក្រាម​​។​​ នៅ​ពេល​សួរ​ថា ​តើ​មាន​ជន​ប៉ុន្មាន​នាក់​ដែល​ជាប់​​ពាក់ព័ន្ធ?

លោក​​​បញ្ជាក់​​ថា​៖​ ​«​រឿង​​នេះ​ ខ្ញុំ​មិន​អាច​ប្រាប់​លម្អិត​បាន​ទេ​ ​សមត្ថកិច្ច​យើង​កំពុង​​ស្រាវជ្រាវ​តាម​រក​បក្ខពួក​ជន សង្ស័យ​បន្ត​ទៀត»។

តាម​កំណត់​ហេតុ​របស់​អាវុ​ធ​ហត្ថ​ក្រុង​ក្រចេះ គ្រឿងញៀន​ចំនួន​កន្លះគីឡូក្រាម​​នេះ​ត្រូវ​បាន​ក្រុមជ​នសង្ស័យ​ច្រក​ចូ​ល​ក្នុង​កញ្ចប់​ប្លាស្ទិក​នំ​របស់​កូន​ក្មេ​​ង​ ហើយ​ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ​ ត្រូវបាន​សមត្ថ​​កិច្ច​​អាវុធហត្ថ​ចាប់ខ្លួន​ជាក់ស្តែង​ ខណៈកំ​ពុង​ចែកចាយ​បន្ត​ទៅ​​ឲ្យម៉ូយ​។ ចំពោះ​វត្ថុតាង​ដក​ហូត​​បានរួម​មាន​ ម៉ាទឹក​កក​ចំនួន ៦ ​កញ្ចប់​ធំ ៥​ និង​ ១ កញ្ចប់តូច​ស្មើ ៥១០​,៥៤ ហ្រ្កាម ​និង​ទូរស័ព្ទ​ដៃ​ចំនួន ២ គ្រឿង។

កាល​ពី​ដើមខែ​កក្កដា​អាជ្ញា​ធរខេត្ត​​ស្ទឹងត្រែង​ រួម​ជាមួយ​ខេត្តក្រ​ចេះ ​ព្រះវិហារ​ រតន​គិរី និង​មណ្ឌល​គិរី បាន​រួម​គ្នា​ដុត​កម្ទេ​ច​គ្រឿងញៀន​ដែល​បង្ក្រា​ប​​បាន​ជាង ២០០​ ​គីឡូក្រាម។

​ជា​មួយ​គ្នា​នេះ​គេហទំព័ររប​ស់ អគ្គស្នងការនគរបាលជាតិ​បា​ន​​ចុះ​ផ្សាយ​ថា ការ​បង្ក្រាប​គ្រឿង​ញៀន​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​ ១៣​ ខែ កក្កដា​ ឆ្នាំ​ ២០១៩​ បា​ន​ចំនួន​ ៣២​ ករណី ​ក្នុងនោះ​​​សម​ត្ថកិច្ចឃាត់​ខ្លួន​ជន​សង្ស័​យ​ បាន​ចំនួន​ ៧២​ នាក់​ (​ស្រី​ ២ ​នាក់​)​ ហើយ​ក្នុង​ចំណោម​ជនសង្ស័យ​​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង ៧​២ ​នាក់​នោះ ​មានមុខ​សញ្ញា​ជួញ​ដូ​រ​​គ្រឿងញៀន​ចំនួន​ ៣៧​ នាក់​ និង​អ្នក​ប្រើប្រាស់​ ៣៥​ នាក់។​

​ចំពោះវត្ថុ​តាង​ដែល​ចាប់​បាន​​ក្នុង​ថ្ងៃ​ទី​ ១៣​ ខែ កក្កដា​ រួម​មាន​ ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(ICE​)​ ទម្ងន់​ ១១,១៧ ​ក្រាម​និង​ ១៤ ​កញ្ចប់​ ក្នុង​នោះ​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ បង្ក្រា​ប​បាន​អំពើ​ជួញ​ដូរ​ចំនួន ៤​ ករណី​ ឃាត់​ខ្លួន ​​៦​ នាក់​ ចាប់​យក​គ្រឿង​ញៀ​ន​មេតំហ្វេតាមីន ​ice​ ​​២,៥០​ ក្រា​ម​ ក្រៅ​ពី​នេះ​មាន​ចា​​ប់​ខ្លួន​នៅ​ខេត្ត​បាត់​ដំបង​ កំពង់​ចាម កំពង់​ធំ កំពត កណ្តា​ល ពោធិ៍សាត់ និង​​រាជ​ធានី​ភ្នំពេញ ជា​មួយ​នឹង​វត្ថុ​តាង​គ្រឿង​​ញៀន​មួយ​ចំនួន៕