បន្ទាយមានជ័យៈ ជនជាតិចិន ប្រុស-ស្រីពីរនាក់ បានស្លាប់ និងជនជាតិខ្មែរ ៥ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងចំណុចភូមិសាស្ត្រ ភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៩។ នេះបើតាមការអះអាងរបស់មន្ត្រីនគរបាលចរាចរណ៍ម្នាក់ កាលពីថ្ងៃពុធ។
លោក អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក Zhang Zuhui អាយុ ២៨ ឆ្នាំ ជាជនជាតិចិន មកពីខេត្ត Guangxi និងមិត្តស្រីរបស់គាត់ម្នាក់ឈ្មោះ Ye Dandan អាយុ ២៧ ឆ្នាំ មកពីខេត្ត Guangdong ប្រទេស ចិន បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តដែលពួកគាត់ បានជិះធ្វើដំណើរចេញពីព្រលានយន្តហោះខេត្តសៀមរាប មកកាន់ខេត្តបន្ទាយមានជ័យ បានបុកពីក្រោយរថយន្ត១គ្រឿងទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា។ សពជនរងគ្រោះជនជាតិចិនទាំង២នាក់នោះត្រូវបានប្រគល់ជូនមន្ត្រីមកពីស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ដើម្បីនាំយកទៅប្រគល់ឲ្យសាច់ញាតិរបស់ពួកគេ។
បុរសជនជាតិខ្មែរម្នាក់ឈ្មោះ លាន ពៅ អាយុ៣៥ឆ្នាំ ដែលជាអ្នកបើកបររថយន្ត Lexus 330 ដឹកជនជាតិចិនរងគ្រោះទាំងពីរនោះ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលក្រោមការឃ្លាមើលពីកម្លាំងសមត្ថកិច្ច។
ចំណែក បុរសឈ្មោះ នង សុខ អាយុ ៣០ ឆ្នាំ ជាអ្នកបើបររថយន្ត Hyundai និងអ្នករួមដំណើរជាមួយគាត់ ៣ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យនោះផងដែរ។
យោងតាមការពិនិត្យវាស់វែង នៅកន្លែងកើតហេតុ រថយន្តដឹកទេសចរជនជាតិចិន ដែលបើកបរដោយឈ្មោះ លាន ពៅ ជាអ្នកបង្កឲ្យមានគ្រោះថ្នាក់នេះឡើង ដោយសារតែបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕