ព្រះសីហនុៈ លោក ឃាង ភារម្យ មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុបានអះអាងឲ្យដឹងកាលពីម្សិលមិញថា ជនជាតិចិនដែលអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្រោយពីការព្យាបាលជាសះស្បើយពីវីរុសកូរ៉ូណានឹងត្រូវធ្វើដំណើរចាកចេញពីកម្ពុជាត្រឡប់ទៅកាន់ប្រទេស ចិន វិញនៅថ្ងៃអង្គារនេះ។
លោក ឃាង ភារម្យ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រោយពីបានចាកចេញពីមន្ទីរពេទ្យនៅរសៀលថ្ងៃម្សិលមិញ បុរសជនជាតិចិនរួមជាមួយគ្រួសារបានធ្វើដំណើរទៅស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ហើយនឹងអាចធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេស ចិន វិញនៅថ្ងៃអង្គារនេះ។
លោក ភារម្យ ថ្លែងថា៖ «គាត់ទៅវិញនៅថ្ងៃស្អែក (ថ្ងៃអង្គារ) ហើយបើចង់ច្បាស់សួរទៅអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រោះក្រសួងសុខាភិបាលជាអ្នកសម្របសម្រួលជូនគាត់ត្រឡប់ទៅចិនវិញ»។
ប៉ុន្តែលោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងសុខាភិបាលគឺមានភារកិច្ចត្រឹមពិនិត្យព្យាបាលជំងឺប៉ុណ្ណោះ ចំពោះការវិល ឬមិនវិលត្រឡប់ទៅចិនគឺជាសិទ្ធិរបស់ជនជាតិចិនរូបនោះ។
លោកស្រីថា៖ «ភារកិច្ចរបស់ខាងពេទ្យ គឺផ្ដល់ការពិនិត្យព្យាបាល និងថែទាំទៅដល់អ្នកជំងឺ ឥឡូវគាត់ជាសះស្បើយហើយ យើងបានដាក់ឱ្យគាត់ចេញពីមន្ទីរពេទ្យហើយ ដូច្នោះរឿងអីផ្សេងៗទៀត ខ្ញុំមិនអាចធ្វើការបរិយាយបានលើសពីហ្នឹងទេ។ អ៊ីចឹង! រឿងនេះស្ថិតលើបុគ្គលគាត់ និងជាសិទ្ធិរបស់គាត់ គាត់ចង់ទៅវិញ អាហ្នឹងជាសិទ្ធិរបស់គាត់»។
កាលពីថ្ងៃម្សិលមិញលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារួមទាំងមន្ត្រីក្រសួងសុខាភិបាលជាច្រើនទៀត និងក្រុមគ្រួសារបានធ្វើដំណើរទៅស្វាគមន៍ចំពោះបុរសជនជាតិចិនដែលបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានព្យាបាលជាពីវីរុសកូរ៉ូណាថ្មី។
ការអនុញ្ញាតឱ្យចាកចេញពីកម្ពុជា បន្ទាប់ពីការធ្វើតេស្ដលើកទី ៣ ដោយវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា រូបគាត់មានផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី បន្ទាប់ពីបុរសនេះត្រូវបានដាក់ក្នុងបន្ទប់ដោយឡែកសម្រាប់ព្យាបាលរយៈពេល ១៤ ថ្ងៃចាប់តាំងពីថ្ងៃទី ២៧ ខែមករា មក។
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាប្រកាសថា វីរុសកូរ៉ូណាគឺជាសត្រូវរួម ហើយមិនមែនសត្រូវសម្រាប់តែអ្នកដែលបានឆ្លងវីរុសនេះទេ និងមិនមែនសត្រូវសម្រាប់ប្រទេស កម្ពុជា ចិន ឬប្រទេសក្នុងពិភពលោកជាង ២០ ទៀតដែលបានរកឃើញវីរុសកូរ៉ូណានេះដែរ។
អង្គការនេះបានបង្ហាញការត្រេកអរចំពោះក្រសួងសុខាភិបាល និងមន្ត្រីរបស់ក្រសួងនេះដែលបានខិតខំសហការគ្នាប្រឆាំងវីរុសកូរ៉ូណាដែលបានរកឃើញនៅក្នុងខេត្តព្រះសីហនុ។
ទោះជាយ៉ាងណាអង្គការសុខភាពពិភពលោករូបនេះបានអះអាងថា ប្រទេសទាំងអស់នៅក្នុងពិភពលោកត្រូវបន្តរៀបចំខ្លួនដើម្បីប្រឆាំងនឹងវីរុសនេះ ខណៈកម្ពុជានៅតែប្រឈមទៅនឹងសេណារីយោចំនួន ២ គឺទី ១ ការបន្តនាំចូលវីរុសពីក្រៅប្រទេស និងសេណារីយោទី ២ គឺអាចឆ្លងរាតត្បាតនៅក្នុងប្រទេសតែម្ដង៕