រតនគិរី: បណ្ដាញសហគមន៍ជនជាតិដើមភាគតិចជាតិអន្តរជាតិជាង ៤០ នាក់មកពីប្រទេសចំនួន ៩ បានជួបជុំគ្នានៅរាជធានីភ្នំពេញដើម្បីពិភាក្សានិងផ្លាស់ប្ដូរបទពិសោធពីបញ្ហាប្រឈមរៀងៗខ្លួន ខណៈជនជាតិដើមភាគតិចនៅកម្ពុជា បានលើកយកបញ្ហាការរំលោភយកដីធ្លីនិងការបាត់បង់ព្រៃឈើនៅក្នុងកម្មវិធីនេះ។
លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលនៃលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាបានថ្លែងថា កម្មវិធីនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយសមាគមជនជាតិដើមភាគតិចទ្វីបអាស៊ី (AIPP) ក្នុងភាពជាដៃគូជាមួយសមាគមជនជាតិដើមភាគតិចខេត្តរតនគិរី និងអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) ដែលកំពុងសហការរៀបចំដំណើរទស្សនកិច្ច ផ្លាស់ប្តូរមតិយោបល់ក្នុងតំបន់របស់ជនជាតិដើមភាគតិច ប្រចាំឆ្នាំលើកទី ៥។
លោកបានបន្តថា ការជួបជុំនេះផ្ដោតលើប្រធានបទ «ការកសាងនិងពង្រឹងបណ្តាញស្ត្រីជនជាតិដើមភាគតិចនៅអាស៊ី» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Frangipani Living Arts Hotel ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែធ្នូនេះ។ ក្នុងនោះ មានមេដឹកនាំជនជាតិដើមភាគតិចមកពីប្រទេសចំនួន ៩ នៅទ្វីបអាស៊ីបានចូលរួម។
លោកបន្តថា គោលបំណងនៃការជួបជុំគ្នានេះគឺដើម្បីចែករំលែកបទពិសោធគ្នា ជាពិសេសបញ្ហាស្ត្រីជនជាតិដើមភាគតិចអាស៊ីនិងរឿងរ៉ាវស្តីពីចំណេះដឹង ការច្នៃប្រឌិត និងការអនុវត្តក្នុងជីវភាពរស់នៅ ការផ្សាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវចម្រុះក៏ដូចជា តួនាទីរបស់ពួកគេចំពោះបញ្ហាប្រឈមនិងឱកាសក្នុងការដឹកនាំនៅក្នុងស្ថាប័ន និងប្រពៃណីទំនៀមទម្លាប់ព្រមទាំងការធ្វើសេចក្តីសម្រេចជាដើម។
លោកបន្ថែមថា នេះជាជំនួបដែលមានការចូលរួមពីសម្ព័ន្ធជនជាតិដើមភាគតិចជាតិនិងអន្តរជាតិជាង ៤០ នាក់ មកពី ៩ ប្រទេស រួមមាន ប្រទេស កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា និងនេប៉ាល់។
បើតាមលោក យុន ឡូរ៉ង់ សម្រាប់ជនជាតិដើមភាគតិចនៅកម្ពុជាបានលើកយកបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការបាត់បង់ព្រៃឈើ និងការរំលោភយកដីធ្លី។ ក្រៅពីនេះក៏បានលើកយកបញ្ហាសុវត្ថិភាពរបស់ស្រី្តដែលរស់នៅក្នុងសហគមន៍ ហើយត្រូវបានគេរំលោភបំពាន និងការរើសអើងនៅក្នុងសង្គមក៏ត្រូវបានលើកមក ពិភាក្សាផងដែរ។
លោក ឡូរ៉ង់ បានបញ្ជាក់ថា៖ «ពួកគាត់បានជជែកគ្នាច្រើនប្រធានបទ ដោយត្រូវចំណាយពេល ៤ ថ្ងៃ ឯណោះ ប៉ុន្ដែចំពោះជនជាតិដើមភាគតិចនៅកម្ពុជាបានលើកបញ្ហាប្រឈមច្រើន ក្នុងនោះមានបញ្ហារំលោភយកដីធ្លីដោយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចនិងក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ។ ពួកគាត់សព្វថ្ងៃរស់នៅពឹងផ្អែកលើដី និងព្រៃឈើ បើគ្មានព្រៃឈើ និងដី ពួកគាត់គ្មានអ្វីជារំពឹងទេ»។
អ្នកស្រី កង សៀវ វ័យជាង ៣០ ឆ្នាំ ដែលជាជនជាតិព្នងនៅខេត្តរតនគិរីបានថ្លែងក្នុងពិធីនោះថា ដីលំនៅឋានក្នុងភូមិកាន់តែចង្អៀត សូម្បីដីសម្រាប់កប់សពនិងព្រៃអារក្សសម្រាប់ប្រពៃណីជនជាតិក៏គ្មានសេសសល់សម្រាប់ចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាពដែរ។
អ្នកស្រី បារម្ភថា ទៅថ្ងៃអនាគតប្រសិនបើអ្នកភូមិមិនបានចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាពទេ ដីភាគច្រើននឹងត្រូវបាត់បង់បន្ត ដោយសារការលក់ដូររបស់ពលរដ្ឋក្រីក្រ។
អ្នកស្រីបានបញ្ជាក់ថា៖ «ទំនៀមទម្លាប់ប្រពៃណីពីដើម បានបាត់បង់អស់ហើយ ខ្ញុំគិតថា អាជ្ញាធរដែនដីសុំរកដីលំនៅឋានឲ្យពួកខ្ញុំផង ព្រោះកាន់តែចង្អៀតហើយមនុស្សច្រើន»។
លោក ឌិន ខន្នី មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី បានយល់ឃើញថា ស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរីគឺកំពុងមានបញ្ហាដូចជា ការបាត់បង់ដីធ្លី ការបាត់បង់ព្រៃឈើនិងការរើសអើងក្នុងសហគមន៍។
លោកបន្តថា ការបាត់បង់ដី និងព្រៃឈើត្រូវបានចោទជាបញ្ហាដ៏ចម្រូងចម្រាសក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច ពីព្រោះក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងក្រុមឈ្មួញមកពីតំបន់ផ្សេង បានកាប់បំផ្លាញព្រៃឈើរាល់ថ្ងៃ។ តំបន់ខ្លះអាចមានការបណ្ដេញចេញដោយបង្ខំ និងកន្លែងខ្លះទៀត ត្រូវបង្ខំចិត្តរត់ពីទីតាំងរបស់ខ្លួនព្រោះការរំលោភដីធ្លី។
លោក ខន្នី បញ្ជាក់ថា៖ «យើងបានមើលឃើញថា ស្ថានភាពនៃការរស់នៅរបស់គាត់បាត់បង់ដីធ្លី រងការតម្រូវឲ្យរើចេញពីផ្ទះទៅរស់នៅកន្លែងផ្សេងៗជាច្រើនជាហេតុធ្វើឲ្យឱកាសសិក្សារៀនសូត្ររបស់កូនចៅពួកគាត់មានកម្រិតតិចតួច ហើយរយៈពេល ១០ ឆ្នាំទៅមុខទៀត បើគ្មានវិធានការជួយពួកគាត់ទេ ពួកគាត់នឹងជួបបញ្ហាប្រឈមកាន់ធ្ងន់ធ្ងរជាងនេះទៀត»៕