កំពង់ស្ពឺៈ ជនជាតិ​ដើម​ភាគ​តិ​ច​សួយ នៃ​សហ​គមន៍​កោដូន​តីក្នុង​ស្រុក​ឱរ៉ាល់ បាន​សម្ដែង​ការ​​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ដីក​សិ​កម្ម​បម្រុង​ទុករបស់​សហ​​​​គមន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោ​យ​របស់​ពួក​គេ ខណៈ​មាន​​ឈ្មួញ​​ទៅ​បញ្ចុះ​បញ្ចូល​ពួកគេ​​ឲ្យ​លក់ដី​​ទាំង​នោះ។

លោក​ ខឿន សំរិត រស់​នៅ​ភូមិ​កោដូនតី ឃុំ​ត្រពាំង​ជោ ស្រុ​ក​ឱរ៉ាល់​ ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា កាលពី​ថ្ងៃចន្ទ អ្នក​ចាស់ទុំ​ជន​ជាតិ​ដើម​ភាគ​តិច​សួយនៃ​សហគមន៍​កោដូន​តី បា​​ន​ប្រជុំ​ប្រាប់​​អ្នក​ភូមិ​ទាំង​អស់​​នៅ​ក្នុង​សហគមន៍​នេះ​ថា មាន​គេ​ចង់​ទិញ​ដី​របស់​សហគមន៍​ ១០ ហិកតា ក្នុង​តម្លៃ ២ ៥​០០ ដុល្លារ​ក្នុង​ ១ ​ហិកតា ដើម្បី​រៀបចំ​អភិវឌ្ឍ​ដំណាំ​ចម្ការ​ស្វាយ​ចន្ទី។

លោក​​បន្ត​ថា គ្រួសារ​របស់​លោ​ក ​និង​អ្នក​ភូមិ​ប្រមាណ​ជាង​ ១០០ គ្រួសារ​ទៀតបាន​ជំទាស់​ការ​ល​​ក់​ដីនោះ ប៉ុន្តែ​អ្នក​ភូមិ​ប្រមាណ ១០០ គ្រួសា​រផ្សេង​​ទៀត ​បាន​គាំទ្រ​ឲ្យ​លក់ដី​នោះ ​ដើម្បី​យក​លុយ​មក​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត នៅ​ក្នុង​សហគមន៍។

លោក​បញ្ជាក់​ថា៖ «​ដី​នោះ​មាន​ទីតាំង​ស្ថិត​នៅ​​ខាងកើត​ជាប់​មាត់​ស្ទឹង​តាគ្រាំ​ង​​។ វាជា​ដី​កសិ​កម្ម​​បម្រុង​ទុក​សម្រា​ប់​ចែក​​ជូ​ន​បង​ប្អូន​ជន​ជាតិ​ដើម​សួ​យ​យើង​ ដែល​ទើប​រៀបការ​គ្រួសារ​ថ្មី​ហើយ​ខ្វះដី​សម្រាប់​ធ្វើ​កសិ​ក​​ម្ម​​​ចិញ្ចឹម​ជីវិត។ បើ​យើង​លក់​វា​នៅ​ពេល​នេះ យើង​នឹង​គ្មានដី​ចែក​ជូន​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង​ទេ»។

លោក ប៊ិន ខឿន ដែល​ជា​ចា​ស់​​ទុំ​នៅ​ក្នុង​សហគ​មន៍​នេះថ្លែង​ថា កាល​ពីឆ្នាំ ២០០៧ ​រដ្ឋាភិ​បាល​តាម​រយៈ​ក្រសួង​បរិ​ស្ថានបាន​សម្រេច​កាត់​ដីទំហំ​ ៣ ០៨​២,៧ ហិកតា ​ពីតំបន់​ដែន​ជម្រក​សត្វ​ព្រៃ​​ភ្នំ​ឱរ៉ាល់ទៅ​ឲ្យ​​​ជន​ជាតិ​ដើ​ម​​ភាគ​តិច​សួយ នៃ​សហគ​ម​ន៍​កោ​ដូនតី​ធ្វើ​ការ​គ្រប់​គ្រង ដើម្បី​សង់​លំនៅឋាន បង្ក​បង្កើន​ផល និង​រក្សា​ទុក​សម្រាប់​ចែក​ជូន​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្លួន។

លោក​បន្តថា កាលពី​ឆ្នាំ ២០១​៥ អាជ្ញាធរ​ស្រុក ​និង​មន្ត្រី​ដែន​ជម្រ​ក​បាន​ស្នើ​សុំខ្ចី​ដី​សហ​គមន៍​ចំនួ​ន​ ៣០៥ ហិកតា​​​​ យក​ទៅ​បង្កើត​ជា​​ថ្នាល​បណ្ដុះ​កូន​ឈើ និង​សា​ង​​​សង់​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជា​តិ ប៉ុន្តែ​ក្រោយ​មកដី​នោះ​ ត្រូវ​បាន​ក្លាយ​ជា​សម្បត្តិ​ឯកជន​របស់​ក្រុម​ហ៊ុន​មួយ ដែល​បច្ចុប្បន្ន​គេដាំ​ស្វាយ​ចន្ទី និង ដំណាំ​ហូប​​ផ្លែមួយ​ចំនួន​ទៀត។ នៅ​ក្នុង​ឆ្នាំ ២០១៧ តាម​រយៈ​អាជ្ញា​​ធរ​ស្រុក​ប្រធាន​សហគមន៍ និង​អ្នក​​ភូមិ​ភាគ​ច្រើន បាន​ឯកភាព​គ្នា​ ផ្ដិត​មេដៃ​កាត់​ដី​សហគមន៍​ ២២០​ ហិកតា​​បន្ថែម​ទៀត ​លក់​ទៅ​ឲ្យក្រុម​ហ៊ុនឯក​ជន ដោយ​ក្នុង ១ គ្រួសារ​ ទទួល​បាន​ប្រាក់​ ១ លាន​រៀល។

លោក​បញ្ជាក់​ថា៖ «​ឥឡូវ​នេះមាន​គេ​មក​​រក​សុំចែក​ដី​ពី​សហ​​​គ​មន៍​យើង​ប្រមាណ​ ១០​ ហិក​តា​​​​ទៀត ដោយ​អះអាង​នឹង​​ជួយ​អភិវ​ឌ្ឍន៍ធ្វើ​ផ្លូវស្ពាន និង​បង្កើត​កសិ​​ដ្ឋាន​ចម្ការ​ស្វាយ​ចន្ទី​ឲ្យ​សហគ​ម​​ន៍​យើង​​ ៥ ហិក​តា ព្រម​ទាំង​ទិញ​គោ​ជូន​សហ​គមន៍​ក្នុ​ង​ ១​ ភូមិ​ៗ​​ចំនួន ៥ ក្បាល​និងលុយ​ក្នុង​ ១ គ្រួសារ​ ២​០​ ម៉ឺនរៀល ប្រសិន​បើ​អ្នក​ភូមិ​យល់ព្រម​ផ្ដិត​មេ​ដៃ​លក់ដី​ឲ្យ​ពួកគេ»។

បច្ចុប្បន្នសហគមន៍​កោដូន​តីមានពល​រដ្ឋ​ចំនួន​ ៣១២ គ្រួសា​រ រស់​នៅ​ក្នុង​ភូមិ​ចំនួន​ ៣ រួមមាន​ភូមិ​កោដូន​តី ភូមិ​ពុទ្រា​និង​​ភូមិ​តា​និល នៃ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ។

ជុំវិញ​ករណី​នេះ លោក ផល នឿន ប្រធាន​សហគម​ន៍​កោដូ​ន​​​តី បាន​ទទួល​ស្គាល់​ថា ពិត​ជា​មា​ន​​ករណី​នេះ​មែនប៉ុន្តែ​អ្នក​ភូមិ នៅ​​មិន​ទាន់​ស្រុះស្រួល​គ្នា​ទេ ខណ:​​អ្នក​ចង់​សុំទិញដី​ពី​សហគម​ន៍​ឈ្មោះ​យាយ​ម៉ា នៅ​មិន​ទាន់​បញ្ជាក់​ពី​ជំហរ​របស់​គាត់​ថា​ទិញ​​ឬ​មិន​ទិញ។

លោក​នឿននិ​យា​យ​​ថា​៖​ «យាយ​ម៉ាបាន​សួរ​មក​ខ្ញុំ​ថា គាត់​ចង់​ទិញ​ដី​សហគមន៍​យើង​ខ្ញុំ​ ១០ ហិកតា​ ដើម្បី​បើក​ផ្លូវ​ចូល​ទៅ​ដី​ចម្ការ​របស់​គាត់ ប៉ុន្តែបងប្អូន​ក្នុង​សហគមន៍​យើ​ង​ នៅ​មិន​ទាន់​​ឯកភាព​គ្នា​នៅ​ឡើ​យ​ទេ ណា​មួយ​ដីនោះ​វាជា​ដី​កសិ​​​ក​ម្ម​បម្រុង​ទុក របស់​សហគមន៍​យើង​ផង»។

អ្នក​ស្រី ចាន់​ អុីមួយ ហៅ​យាយ​ម៉ា កាល​ពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ថា អ្នក​ស្រី​​មិន​មាន​បំណង​ទិញ​ដី​សហគមន៍​រហូត​ដល់​ ១០​ ហិកតានោះ​ទេ ប៉ុន្តែ​អ្នក​ស្រី​​​ទទួល​ស្គាល់​ថា​ អ្នក​ស្រី​​ត្រូវ​ការ​ទិញ​ដីអ្នក​ភូមិ​មួយ​ចំនួ​ន ដែលនៅ​បាំងដីរបស់​​អ្នក​ស្រី​ សម្រាប់​បើកធ្វើ​ជាផ្លូវចូលទៅ​ដី និង​កសិដ្ឋាន​របស់​អ្នក​ស្រី​ ព្រោះ​​អ្នក​ស្រី​បារម្ភ​ខ្លាច​ក្រុម​​ហ៊ុន​ចិន​មួយ​ដែល​នៅ​ក្បែរ​នោះ គេបិទ​ផ្លូវ​ឈប់​ឲ្យ​ឆ្លង​កាត់។

អ្នក​ស្រី​​បន្ត​ថា៖ ​«ខ្ញុំពិត​ជា​ប្រាប់​ទៅ​មេ​សហគមន៍​របស់​ពួក​គេ​ថា​ខ្ញុំចង់​ជួយ​កសាង​ផ្លូវ​ ១ ​ខ្សែ​ និង​ស្ពាន​ចំនួន​ ២ ស​ម្រា​​​ប់​ជា​ប្រយោជន៍​​របស់​ពួក​គេ និង​ជួ​យ​ឈូស​ឆាយ​ដី​ធ្វើ​ចម្ការ​​ស្វាយ​ចន្ទី​ឲ្យ​ពួក​គេ​​ ៥ ហិកតា ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​របស់​ពួក​គេបើ​សិន​​ជា​ពួក​គេ​យល់​ព្រ​ម​ផ្ដិត​មេដៃ​គាំទ្រ​ឲ្យ​​​ខ្ញុំ​ជួយ​ដ​ល់​ពួក​​គេ ក្នុង​ការ​ធ្វើ​ផ្លូវ​នោះ ព្រោះ​វា​ក៏មាន​ប្រយោជន៍​ស​ម្រា​​​ប់​ខ្ញុំ​ដែរ​។ ប៉ុន្តែ​បើ​ពួក​គេ​មិន​យល់​ព្រមខ្ញុំ​ក៏​មិន​បង្ខំ​ដែរ»។

លោក ជា ហ៊ាន ប្រធាន​អង្គ​ការ​ការពារ​បរិស្ថាន និងប្រឆាំ​​ង​អំពើ​ពុក​រលួយ បាន​និយាយ​ថា ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គឺ​​ជា​ដីសមូហ​ភាពដែល​មិ​ន​អាច​ទិញ​លក់​បាន​ទេ​។ ប៉ុន្តែ​បច្ចុ​ប្បន្ន​មាន​ឈ្មួញ​​ដីជាច្រើន​ កំពុង​ប្រើ​ល្បិច​បោក​បញ្ឆោត បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិចឲ្យ​​លក់​ដី​សហគមន៍​ទៅ​ឲ្យ​ពួក​គេ តាម​រូប​ភាព​ផ្សេងៗ​ដោយ​ខុស​ច្បាប់។

លោក​ថ្លែង​ថា៖​ «ក្រុម​ការងារ​យើងខ្ញុំ​កំពុង​ឃ្លាំ​​មើល​ និង​ស្រាវ​ជ្រាវ​ស្វែង​រក​ភ័ស្ដុតាង​ឲ្យបាន​ច្បាស់​ ដើ​ម្បី​ដាក់​ជូន​រដ្ឋាភិបាល ពិនិត្យ​ និង​សម្រេច»។

លោក​ មួង ធី អភិបាល​ស្រុក​ឱរ៉ាល់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ថ្វី​​​បើ​ដី​នោះ​រដ្ឋាភិបាល​បានផ្ដល់​ឲ្យ​សហ​គមន៍​​គ្រប់​គ្រង ​និងអាស្រ័យ​ផល​ជាយូរមកហើយ​ក្ដី​ ប៉ុន្តែ​ពួកគាត់​គ្មានសិទ្ធិ​កាត់​ដី​ទាំងនោះ​ទៅ​លក់​ឬ​ឲ្យ​ទៅ​អ្នក​ណា​ម្នាក់​​ដែល​​មិន​មែន​ជា​សមា​​​ជិក​នៃ​សហគមន៍​របស់​ខ្លួន​បា​ន​ឡើយ។​ ​«ការកាត់​ដី​សហគមន៍​យក​ទៅ​លក់​ឲ្យ​ឈ្មួញឬ​តតីយ​ជនដែល​មិន​ស្ថិតក្នុង​សហ​គម​ន៍​​របស់​ពួក​​​​​​គា​​​​ត់​​​នោះ គឺ​ជាអំពើ​ល្មើស​ច្បា​ប់។ យើង​នឹង​ចុះពិនិត្យ​ស្រា​វ​​ជ្រាវ​លើ​ករណី​នេះបើសិ​ន​​​ជា​ពួក​គេ​ធ្វើ​បែបនោះ​មែន​យើង​ ​នឹង​ទប់​ស្កាត់​ និង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់»។

លោក​បន្ថែមថា មកទល់​ពេល​នេះដី​សហគមន៍​កោដូន​តីនៅ​មិន​ទា​ន់​​បាន​ចុះ​បញ្ជីជា​ដីសមូហ​ភា​ព​នោះ​ទេ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​ខ្លះនៅ​ក្នុង​សហគមន៍​នេះ បាន​ដក​ខ្លួន​ចេញ​ពី​សមាជិក​របស់​សហគ​មន៍ និងស្នើ​សុំចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​ដាច់​ដោយ​ឡែក៕