ភ្នំពេញៈ ជនជាតិ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​នឹង​ប្រមូល​ផ្ដុំគ្នា​នៅ​ថ្ងៃ​ពុធ​នេះ ម៉ោង​នៅ​សហរដ្ឋអាមេរិក​នៅ​ព្រលានយន្តហោះ Boston Logan ដើម្បី​ទទួល​ស្វាគមន៍​ការវិល​ត្រឡប់​របស់​លោក ជា ធី ដែល​បាន​ឈ្នះក្ដី​លើ​ការបណ្ដេញចេញ​ខុស​នីតិវិធី​លើ​រូបលោក​កាលពី​ ១៨ ​ខែ​មុន​។

អង្គការ​ «​សិក្ខាសាលា​ធនធាន​អាស៊ី​អាមេរិកាំង​» ហៅ​កាត់​ថា AARW ដែលជា​អង្គការ​ផ្ដល់អំណាច​ដល់​សហគមន៍​អាមេរិចកាំង​ដើមកំណើត​អាស៊ី​ប៉ាស៊ីហ្វ៊ិក សម្រាប់​ការធ្វើ​សមាហរណកម្ម​ទៅក្នុង​សង្គម​អាមេរិក​បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក ជា ធី នឹង​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ការតស៊ូ​អស់​រយៈពេល​ ១៨ ​ខែ ក្រោយពេល​លោក​ត្រូវបាន​បណ្ដេញចេញ​ដោយ​ខុស [​ច្បាប់​] លោក [​ជា ធី​] ដែល​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត​នឹង​ត្រឡប់​មក​ផ្ទះ​របស់​គាត់​វិញ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធ​ទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២០​។ លោក ជា ធី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​គេ​ដែល​នឹង​ត្រឡប់​មកកាន់​តំបន់ឆ្នេរ​ខាងកើត បន្ទាប់ពី​ត្រូវ​បាន​បណ្ដេញចេញ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ AARW បន្តថា​៖ «​នៅពេល​មក​ដល់​ព្រលានយន្តហោះ​លោក ជា ធី នឹង​ជួប​កូនប្រុស​លោក​ជា​លើក​ដំបូង​ដែល​មាន​អាយុ​ ១ ​ឆ្នាំ​កើត​ក្រោយពេល​លោក​ត្រូវបាន​បណ្ដេញចេញ​»​។

លោក Keven Lam ប្រធាន​អង្គការ AARW បាន​ថ្លែងថា លោក ជា ធី ត្រូវ​បាន​បណ្ដេញចេញ​ដោយ​ខុស​ [​ច្បាប់​] និង​អយុត្តិធម៌​ទៅ​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ ២០១៨ ដោយ​ផ្អែកលើ​បទល្មើស​មួយ​ដែល​មិនគួរ​ត្រូវបាន​បណ្ដេញចេញ​ទាល់តែ​សោះ​ដែល​លោក​បាន​ប្រព្រឹត្ត​កាលពី ២០ ​ឆ្នាំ​មុន​។ លោក​បន្ត​ថា​លោក​ ជា ធី បាន​ជាប់​ពន្ធនាគារ​ ២ ឬ​ ៣ ​ខែ​មុនពេល​ត្រូវបាន​បណ្ដេញ​មក​កម្ពុជា​។ ក្រោយពេល​តស៊ូ​អស់​រយៈពេល​ ១៨ ​ខែ​ប្រឆាំង​នឹង​ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក​លោក ជា ធី បាន​ឈ្នះ​ក្ដី​នេះ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ទៅ​សហរដ្ឋអាមេរិក​វិញ​។

លោក Bill Herod អ្នក​នាំពាក្យ​អង្គការ KVAO ដែល​ជួយ​ដល់​អ្នក​ត្រូវបាន​បណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មាន​ការរីករាយ​ដែល​គាត់​អាច​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ហើយ​យើង​ជូនពរ​គាត់​ឲ្យ​មាន​ជោគជ័យ និង​ជួបជុំ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់គាត់​»​។

លោក Bill Herod បន្តថា លោក ជា ធី មិនមែន​ជា​មនុស្ស​ទី​ ១ ​ទេ​ដែល​បាន​ឈ្នះក្ដី​លើ​ការបណ្ដេញចេញ​ហើយ​បាន​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​។ មនុស្ស​ ២ ​នាក់​ផ្សេង​ទៀត​ធ្លាប់បាន​ជោគជ័យ​ក្នុង​ការត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​ក្រោយពី​ការតស៊ូ​តាមផ្លូវ​ច្បាប់ ហើយ​ទីបញ្ចប់​ករណី​ទាំងនោះ​ត្រូវ​បាន​បង្ហាញថា ពួកគេ​គឺជា​ជនជាតិ​អាមេរិកាំង​។

លោក​បន្តថា នាពេល​បច្ចុប្បន្ន​នេះ​នៅ​មាន​ដំណើរការ​តាម​ផ្លូវច្បាប់​ខ្លះ​ទៀត ដែល​កំពុង​ធ្វើ​។ រាល់​ករណី​ទាំងនេះ​អង្គការ KVAO បាន​ជួយ​ពួកគេ​ក្នុង​ការរក្សា​ឯកសារ​ច្បាប់​ចាំបាច់​នានា​។

អ្នកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ​កាលពី​ម្សិលមិញ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ថា លោក​មិន​បានដឹង​ជាក់លាក់​ករណី​នេះ​ទេ ប៉ុន្តែ​លោក​កោតសរសើរ​ដល់​លោក ជា ធី ដែល​បាន​តស៊ូ​ការពារ​ភាពយុត្តិធម៌​របស់លោក​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​យើង ជនជាតិ​យើង សម្ដេចតេជោ​លោក​បានបញ្ជាក់​ហើយ​ថា ឲ្យ​លោក​ទុកចោល​យ៉ាងម៉េច​? បើ​អាមេរិក​គេ​មិន​ព្រម​អ៊ីចឹង​ខ្មែរ​យើង​ត្រូវតែ​ទទួល​យក​ហើយ​ព្រោះ​ជនជាតិ​យើង​។ បើ​ទៅ​ប្រទេស​គេ គេ​មិន​ព្រមទុក​ដោយសារ​តែ​គេ​ចោទថា គាត់​ធ្វើ​ខុស អ៊ីចេះ​មួយ​អ៊ីចុះ​ពីរ យើង​ត្រូវតែ​ទទួល ហើយ​រឿង​គាត់​ឈ្នះក្ដី​វិញ​យើង​អបអរសាទរ​ហើយ​ដែល​គាត់​អាច​វិល​ទៅ​រស់នៅ​ជួបជុំ​សាច់ញាតិ​ក្រុមគ្រួសារ​គាត់​វិញ​នោះ​។ វា​ជា​ការឈ្លាសវៃ​របស់​គាត់​ហើយ ដែល​គាត់​យល់​ថា​ការ​ឲ្យ​មកនេះ មិន​ត្រឹមត្រូវ ហើយ​គាត់​ប្ដឹងផ្ដល់​រក​យុត្តិធម៌​ទៅ​តុលាការ​របស់​អាមេរិក​វិញ​នោះ​»​។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រុម​តស៊ូ​មតិ​ប្រឆាំង​នឹង​ការបណ្ដេញចេញ​ជនជាតិ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ខ្មែរ សហគមន៍​ខ្មែរ នៅ​សហរដ្ឋអាមេរិក​ថា មន្ត្រី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ ហៅ​កាត់​ថា ICE ចាប់ផ្ដើម​ចាប់​សមាជិក​សហគមន៍​ខ្មែរ​នៅក្នុង​ខែកុម្ភៈ​នេះ​។ ក្រុម​តស៊ូ​មតិ​បាន​ប្រាប់​ឲ្យ​អ្នក​ដែល​ទទួល​បាន​បទបញ្ជា​បណ្ដេញចេញ ឬ​អ្នក​ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​ធ្វើការ​ទាក់ទង​ជាបន្ទាន់​ទៅកាន់​មេធាវី​របស់​ពួកគេ​។

មន្ត្រី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ចុងឆ្នាំ​មុន​ថា ការបណ្ដេញចេញ​ខ្មែរ​អាមេរិកាំង​មាន​ការកើនឡើង​រហូត​ដល់ ២៧៩ ភាគរយ​ពី​ឆ្នាំ ២០១៧ ដល់​ ២០១៨​។ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១​ ៩០០ នាក់​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​បទបញ្ជា​បណ្ដេញចេញ​ដែល​ក្នុងនោះ ១ ៤០០ ​នាក់​​នៃ​ពួកគេ​ គឺជា​ជនឧក្រិដ្ឋ​ដែល​ត្រូវ​បាន​កាត់ទោស​រួចហើយ​៕