ភ្នំពេញៈ ជន​ម្នាក់​ដែល​បើក​រថយន្ត​បុក​មនុស្ស​ប្រុស ស្រី​ជិះ​ម៉ូតូ ២ ​នាក់​ស្លាប់​ តាមផ្លូវ​ ៦០ ​ម៉ែត្រ​ នៅ​សង្កាត់​ចាក់អង្រែលើ​ក្នុង​ខណ្ឌ​មានជ័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១១ ​មករា បន្ទាប់ពី​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ក្រោយ​បង្កហេតុ​នៅ​ថ្ងៃទី​ ១០ ខែមករា​។

លោក​ អ៊ួង ម៉ាលី នាយរង​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ឈ្មោះ​ ហ៊ុយ ទូច ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃទី​ ១១ មករា​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​ខ្ញុំ​បញ្ជូន​ជន​នោះ​ទៅ​តុលាការ​រួចហើយ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា តុលាការ​ចោទប្រកាន់​គាត់​ឬក៏​នៅទេ​»​។ យោងតាម​មន្ត្រីប៉ូលិស​ជន​ឈ្មោះ ហ៊ុយ ទូច មិនមែន​ជា​ម្ចាស់​រថយន្ត​បង្កហេតុ​ទេ​។ ជនបង្ក​ខ្ចី​រថយន្ត​របស់​ក្មួយ​ឈ្មោះ​ ឆេង គឹមលី​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​តុលាការ​លើ​ជនបង្ក​ហេតុ ឬ​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ និង​តាម​សារ​អេឡិចត្រូនិក​ទៅ​លោក​ព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ប៉ុន្តែ​លោក​មិន​ឆ្លើយតប​។

តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​ដែល​បាន​សាកសួរ​សាក្សី​នៅ​កន្លែងកើតហេតុ​បង្ហាញ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ ​២០២០ នៅ​ចំណុច​មុខ​ការដ្ឋាន​ក្រុមហ៊ុន​ចិន​ ១ ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

កំណត់ហេតុ​បង្ហាញថា មុនពេល​កើតហេតុ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IC-4551 ឌុប​នារី​ជំទង់​ម្នាក់​ដោយមាន​ដឹក​នំប៉័ង​ផង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ៦០ ​ម៉ែត្រ​ ក្នុង​ល្បឿនលឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈ​ពេល​នោះ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ព្យាយាម​វ៉ា​ជែង​ម៉ូតូ​ និង​រថយន្ត​ផ្សេង​ហើយ​ក៏​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​។

ស្របពេលនោះ​មាន​រថយន្ត​ ១ ​គ្រឿង​ ម៉ាក​កាមរី​ហាយប្រ៊ីដ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB-0035 (​រថយន្ត បង្ក​) ​បាន​បើកបរ​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​ជនរងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​។ រីឯ​ជនរងគ្រោះ​ប្រុស​ស្រី​ ២ ​នាក់​នោះ​ ត្រូវ​រថយន្ត​បង្ក​កិន​ពីលើ​ និង​អូស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ហើយ​បាន​បើករថយន្ត​គេចខ្លួនបាត់​។

កំណត់ហេតុ​បន្តថា ក្រោយ​កើតហេតុ​នគរបាល​សង្កាត់​ចាក់អង្រែ​លើ និង​នគរបាល​ចរាចរណ៍ ខណ្ឌ​មានជ័យ ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ជូនដំណឹង​ដល់​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​វាស់វែង​។ ជាមួយ​គ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ឆែក​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​បំពាក់​នៅក្បែរ​នោះ​ដែល​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ពី​សកម្មភាព​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ និង​ភិនភាគ​នៃ​រថយន្ត​បង្ក​នោះ​។

លុះ​វេលា​ម៉ោង​ ១ ​រសៀល​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​ចរាចរណ៍​បាន​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន ម្ចាស់​រថយន្ត​មានឈ្មោះ​ ឆេង គឹមលី ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​ស្នាក់នៅ​ភូមិ​សន្សំ​កុសល​ ៣ សង្កាត់​បឹងទំពុន​ទី​ ១ ខណ្ឌ​មានជ័យ​ដែល​ត្រូវជា​ក្មួយ​របស់​ជន​បង្ក​ឈ្មោះ​ ហ៊ុយ ទូច អ្នកបើក​រថយន្តបុក​ជនរងគ្រោះ​ស្លាប់​។

កំណត់ហេតុ​បន្តថា​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ក្មួយប្រុស​របស់​ជនបង្ក​បទល្មើស​រួចហើយ​សមត្ថកិច្ច​បាន​ឲ្យ​ក្មួយប្រុស​របស់​ជនសង្ស័យ​នាំទៅ​តាម​ចាប់ខ្លួន​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១១ មករា​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​ដែល​ជា​ទីកន្លែង​លាក់​ខ្លួន​ក្រោយ​បង្កហេតុ​។

យោងតាម​ការប្រៀបធៀប​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨ របស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ចំនួន​ករណី​គ្រោះ ថ្នាក់​ ១០ ​ខែ នៃ​ឆ្នាំ​ ២០១៩ ​មាន ៣ ៧៤៩ កើន​ ៤០% ចំនួន អ្នក​ស្លាប់​មាន​ ១ ៧៩៦ កើន ២១% ចំនួន​អ្នករបួសធ្ងន់​មាន ៣ ៥៩០ កើន​ ៤២%៕