ភ្នំពេញ: យ៉ាងហោច​ណាស់​មាន​ជនរងគ្រោះ​ស្លាប់ ពិការ និង​របួស​សរុប​ ៦៦ ​នាក់​ ដែល​កើតឡើង​ដោយសារ​ផ្ទុះ​គ្រាប់​បណ្ដាល​មកពី​រាន​ដីព្រៃ​មាន​មីន​មកប្រើប្រាស់ ការកែច្នៃ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការរុករក​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​គិត​ចាប់ពី​ខែមករា​ដល់​ដើមខែ​តុលា​ឆ្នាំនេះ​ដោយ​ចំនួន​នេះ​មាន​ការកើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​ចំនួន ៤៣ ​នាក់​។

តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​ និង​សង្គ្រោះ​ជនពិការ​ដោយ​មីន​ (​អាជ្ញាធរ​មីន​) ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បង្ហាញ​ថា អត្រា​គ្រោះថ្នាក់​ដោយសារ​ការផ្ទុះ​មីន និង​យុទ្ធភណ្ឌ​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

របាយការណ៍​ដដែល​បាន​បន្តថា​៖ «​ចាប់ពី​ខែ​មករា​ដល់​ដើម​ខែ​តុលា ឆ្នាំ ២០១៩ មាន​ជនរងគ្រោះ​ស្លាប់ ពិការ និង​របួស​សរុប​ចំនួន​ ៦៦ ​នាក់​ដែល​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ (​ស.ផ.ស​) ​សេសសល់​ពី​សង្គ្រាម​មាន​ចំនួន​ ៤៦ ​ករណី​។ ​តួលេខ​នេះ​បង្ហាញ​ពី​ការកើនឡើង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០១៨ ​ដែល​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​បែប​នេះ​ត្រឹមតែ ២៩ ករណី​ប៉ុណ្ណោះ​»​។

របាយការណ៍​បន្ថែមថា​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៦៦ ​នាក់​នេះ​គឺ​មាន​ជនរងគ្រោះ​ដោយសារ​មីន​ចំនួន ១៨ ​នាក់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ (​ស.ផ.ស​) ៤៨ ​នាក់​ដោយ​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​ ១១ ​នាក់​របួស​ចំនួន​ ៤៣ ​នាក់ និង​ពិការ​អវយវៈ​ ១២ នាក់​។ ​ក្នុង​នោះ​ជនរងគ្រោះ​ជា​បុរស​ចំនួន​ ៤៥ ​នាក់ ក្មេងប្រុស​អាយុ​ក្រោម ១៨ ​ឆ្នាំ​ចំនួន ១៥ ​នាក់ និង​ស្ត្រី​ ៦ ​នាក់​។

លោក នី ញ៉ អនុប្រធាន​នាយកដ្ឋាន​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​នៃ​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា តួលេខ​នេះ​បាន​កើនឡើង​គួរ​ឲ្យ​បារម្ភ​ព្រោះ​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ មាន​ត្រឹមតែ ៤៣ ​នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំ ២០១៩ នេះ​មាន​ ៦៦ ​នាក់ ។

លោក​បាន​បន្តថា តាម​ការ​កត់សម្គាល់ ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ ឬ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ភាគច្រើន​កើតឡើង​នៅ​រដូវប្រាំង​ដោយ​ជនរងគ្រោះ​បាន​ដើរ​បរបាញ់​សត្វ​ក្នុង​​ព្រៃ កែច្នៃ​គ្រាប់​ (​ដំលេង​) ហើយ​នៅ​រដូវវស្សា​គឺ​គ្រាន់តែ​ខូចខាត​គ្រឿងចក្រ​ភ្ជួរ​រាស់​មួយ​ចំនួន​ ឬ​របួស​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ​។

លោក​ នីញ៉ បាន​បញ្ជាក់ថា​៖ «​ខណៈ​នេះ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​បាននិង​កំពុង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ធ្វើការ​លើ​រឿងនេះ ជាពិសេស​ផ្សព្វផ្សាយ​អប់រំ ណែនាំ និង​ដាក់ចេញ​វិធានការ​ជាច្រើន​ទៀត​។ ខ្ញុំ​សូម​អំពាវនាវ​សាធារណជន សូម​កុំ​ប៉ះពាល់​គ្រាប់មីន​ ឬ​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ដើម្បី​ដោះស្រាយ និង​ចាត់វិធានការ​ការពារ​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ ដោយសារ​មិនមាន​អ្នក​ទទួល​ទូរស័ព្ទ​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​ និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ចុះ​ថ្ងៃ​ ១៥ មីនា​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹងថា​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថា ដើម្បី​បន្ត​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ៖ «​ត្រូវ​រាយការណ៍​ជាបន្ទាន់​ឲ្យ​អាណាព្យាបាល សមត្ថកិច្ច​នគរបាល អាជ្ញាធរ​មូលដ្ឋាន ឬ​អង្គភាព​បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត​កន្លែង​គ្រាប់មីន​ ឬ​គ្រាប់​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បងប្អូន​ក្មួយៗ​បាន​ជួបប្រទះ ដោយ​កុំ​ប៉ះពាល់​វា​ជាដាច់ខាត​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា​៖ «​មិនត្រូវ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ដើម្បី​ចូល​ធ្វើការ​រុករាន​ដីព្រៃ​ ឬ​ដីចម្ការ​ដែល​នៅ​មិនទាន់​បាន​បោសសម្អាត​មីន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​គ្រាប់បែក​ចង្កោម​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ជាពិសេស​គ្រោះថ្នាក់​ដោយសារ​មីនតោន​»​។

ទោះយ៉ាងណា​លោក នី ញ៉ បាន​បន្ថែម​ថា​មាន​ជនរងគ្រោះ​ដោយសារ​មីន​សរុប​ចំនួន ៦៤ ៨៤៤ នាក់​ក្នុង​​នោះ​មនុស្ស​ជិត ២ ម៉ឺន​នាក់​បាន​ស្លាប់ ហើយ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត ប៉ុន្ដែ​ធ្លាក់ខ្លួន​ពិការ​មាន​ជាង​ ៤ ​ម៉ឺន​នាក់​គិត​ចាប់ពី​ឆ្នាំ​ ១៩៧៩ រហូត​ដល់​ខែ​សីហា ឆ្នាំ​ ២០១៩ នេះ​៕