ភ្នំពេញៈ ជន​សង្ស័យ​ ដែល​ចាប់​រំលោភ​ក្មេង​ស្រី ដែល​​មាន​អាយុ​ទើប​តែ​ ១០ ​ឆ្នាំ រួច​ហើយ​សម្លាប់ទាំង​ប្អូន​ប្រុស​របស់​នា​ង​ ដែល​មាន​អាយុ ២ ​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​ ២​៩​ ខែ​ ឧ​ស​ភា​ នៅ​ស្រុក​ព្រៃ​នប់​​ ខេត្ត​ព្រះ សី​ហ​នុ ត្រូវ​បាន​នគរបាល​នៃ​នាយក​ដ្ឋាន​ព្រ​ហ្មទណ្ឌ​​ក្រសួង​មហាផ្ទៃ​ សហការ​ជា​មួយ​​កា​រិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេ​​ត្តព្រៃវែងចាប់​ខ្លួន​បាន​ នៅ​ឃុំ​ព្រៃ​រំ​ដេ​ង ​​ស្រុក​​មេ​សាង​ ខេត្ត​ព្រៃ​វែង ​កាល​ពី​រសៀល​ថ្ងៃ​​ម្សិលមិញ។

លោក​ឧត្តម​សេ​នី​យ៍​​​ ង៉េ​ង​ ជួរ​​ ប្រ​ធាន​នា​យក​ដ្ឋាន​ព្រ​ហ្មទណ្ឌ​​ក្រ​សួង​ម​ហា​ផ្ទៃ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍កាល​​​ពី​រសៀល​ម្សិល​មិញ​ថា​ ជន​សង្ស័យ​​ ​ រួម​ជា​មួយ​ស្រ្តី​ម្នាក់​ ដែល​ជា​ប្រពន្ធ​ជន​​​សង្ស័យ ​ត្រូវ​​​ន​គរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​ម​ហា​ផ្ទៃ ​ស​ហ​ការ​ជា​មួយ​សមត្ថកិច្ច​​ពាក់​ព័ន្ធ​ ​ចាប់​ខ្លួន​​បាន​ហើយ ​នៅ​ខេត្ត​ព្រៃ​វែង​ តែ​លោក​មិន​ទាន់​​អាច​ប្រាប់​ឈ្មោះ​ជន​សង្ស័យ​ និង​ប្រពន្ធ​​បាន​ទេ។​

លោកបាន​​ថ្លែង​​ថា​៖ «​ក​រ​ណី​បង្ក្រាប​នេះ​ ខាង​នាយក​ដ្ឋាន​ព្រ​ហ្មទណ្ឌ​ខ្ញុំ ​នាំ​យក​ជន​សង្ស័​យ ​មក​ក្រ​សួង​សិន ​មុន​នឹង​បញ្ជូន​បន្ត​ទៅ​សាមីខេត្ត​កើត​ហេតុ​ ប៉ុន្តែ​មិន​ទាន់​ដឹក​មក​ដល់​ទេ​។​ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា​​ ជន​នោះ​ឈ្មោះ​អី​ដែរ»។

ប៉ុន្តែ ​លោក ​វា​ស​នា​ សំ​អូន​ នាយ​ន​គរ​បាល​ឃុំ​ច្រេស​ ​​​​ស្រុក​មេសាង ​ខេត្ត​ព្រៃវែង​ ដែល​​ចូល​រួម​ចុះ​ប្រ​តិ​បត្តិ​ការ​ក្នុង​​ក​រ​ណី​នេះ​ដែរ​​​បាន​​ឲ្យ​ដឹង​ថា​ ​​​​​ជន​​សង្ស័យ​មាន​​ឈ្មោះ​ មាង​ ​វិចិត្រ​ ​ភេទ​ ​ប្រុស​ ​អា​យុ ​២​៦ ​ឆ្នាំ​ រី​ឯ​ ស្រ្តី​​ជា​ប្រពន្ធ លោក​មិន​បាន​ចាំ​ឈ្មោះ​​នោះ​ទេ​។ ​

លោក​ថា​ថ្វីដ្បិត​​​តែ​លោក​​មិន​មែន​ជា​នាយ​ប៉ុស្តិ៍​ន​គ​រ​បាល​ឃុំ​ព្រៃរំដេង​​​​​​ ដែល​​ជា​​ឃុំ​របស់​ជន​សង្ស័យ​​រស់​នៅ​មែន​ តែ​លោក​បាន​ចុះ​ប្រតិបត្តិការ​អស់​រយៈ​ពេល ​៣ ​ថ្ងៃ​​មក​ហើយ​​ ដើម្បី​ស​ហ​ការ​​ស្វែងរក​​ចាប់​ខ្លួន​ជន​ម្នាក់​នេះ។

លោក​បញ្ជាក់​ថា​​៖ ​«​​ជន​ដៃ​​ដល់​មាន​ស្រុក​កំ​ណើត​នៅ​ឃុំ​ចាប់​​ខ្លួន​ខាង​លើ​ ហើយ​ក្រោយ​បង្ក​ហេតុ​​នៅ​ខេត្ត​ព្រះសីហនុ ក៏​​បាន​រត់​គេច​ខ្លួន​មក​សំងំនៅ​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត​។​ រឿង​នេះ​ ខ្ញុំ​​បាន​ចូល​រួម​សហការ​ជា​មួយ​ខាង​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ចុះ​​ស៊ើប​អង្កេត ​៣ ​ថ្ងៃ​ហើយ ​មុន​ចាប់​ខ្លួន​ជន​សង្ស័យ​បាន»។

ជន​សង្ស័យ​​រំលោភ​សេពសន្ថវៈ​ហើយ​សម្លាប់​កូន​ក្មេង​ត្រូវ​ចាប់​ខ្លួន​ម្សិល​មិញ​​​។ សហការី

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ របស់​អង្គការ​ Child Protection Unit ជា​អង្គការ​ដែលចូល​​រួម​សហការ ​ក្នុង​ការ​បង្ក្រាប​បទ​​ល្មើស​ប្រឆាំង​នឹង​កុមារ​ បាន​សរសេរ​បង្ហោះ​កាល​ពីម្សិល​មិញ​ថា​៖ «យើង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ ២ នាក់​ទាក់​ទ​ង​នឹង​ករណី​រំលោភ និង​សម្លាប់​នៅ​ខេត្ត​ព្រះសីហនុ​ហើយ។ អបអរ​សាទរ​ដល់​ក្រុម​កម្លាំង​ការងារ»។

ទោះ​យ៉ាង​ណា​ទាំង​មន្ត្រី​នគរ​បាល និងទាំង​​អង្គការ ​Child Protec​tion Unit មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថាតើ​ស្រ្តី​ជា​ប្រព​ន្ធ​ជន​សង្ស័យ​ មាន​ជាប់​ពាក់​ព័ន្ធ​អ្វី​ក្នុង​ករណី​​ចាប់​រំលោភ​ហើយ​សម្លាប់​នេះ​ទេ ទើប​មាន​ការចាប់​ឃាត់​ខ្លួន​ដែរ​នោះ។​

លោក​ ​​​កុ​ល​ ផា​លី​ ស្នង​ការ​​រង​ទ​ទួល​ផែន​ព្រហ្ម​ទណ្ឌ​ នៃ​ស្នង​ការ​ដ្ឋាន​​ន​គរ​បាល​ខេត្ត​ព្រះ​សី​ហ​នុ​ ​ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថា​ ជន​សង្ស័យដែល​រំលោភ​ហើយ​​​សម្លាប់​ក្មេង​រង​គ្រោះ ​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បាន​ហើយ ​ប៉ុន្តែ​ខា​ង​​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រ​សួង​ម​ហា​ផ្ទៃ​ កំពុង​តែ​សួរ​ចម្លើយ​សិន ​មុន​នឹង​​បញ្ជូន​ទៅ​​ខេត្ត​ព្រះសីហនុ។

លោកបានបញ្ជាក់​​ថា​៖​ «​ខ្ញុំ​មិន​ទាន់​អាចប្រាប់​ពី​ព័ត៌មាន​លម្អិ​ត​​​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័​យ​ម្នាក់​នេះ​បាន​នៅ​ឡើយ​ទេ​ ព្រោះ​ជន​សង្ស័យ​ មិន​ទាន់​បញ្ជូន​ដល់​ខេត្ត​ខ្ញុំ»។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ ឧសភា ជន​សង្ស័យ​ បាន​​​ចាប់​រំលោភ​សេពសន្ថវៈ ហើយ​បាន​​សម្លាប់​កុ​មា​រី​ អាយុ ១​០ ឆ្នាំ​ ​​បន្ទាប់​មក​ក៏​បាន​សម្លាប់​​​ប្អូន​ប្រុស​របស់​នាង​​អាយុ​ជាង​ ២​ ឆ្នាំ ​ដែល​កំ​ពុ​ង​ដេក​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា។

លោក​​​​ ផា​លី​ ​ថ្លែង​ថា​៖​ «ក្មេង​ជា​កុ​មា​រី​រង​គ្រោះ​ត្រូវ​បា​ន​​ជន​សង្ស័យ​រំ​លោភ​សេពសន្ថ​វៈ​ពិត​មែន​ហើយ​​បាន​សម្លាប់​នាង​​ចោ​ល​​​បន្ទាប់​​មក​សម្លាប់​កុមា​រា​​ជា​ប្អូន​ ដោយ​លោត​ទន្រ្ទាំ​លើ​ក្មេង​​រង​គ្រោះ​​រហូត​​ដល់​ស្លាប់»៕