ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃម្សិលមិញបានសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃម្នាក់ក្នុងពន្ធនាគារព្រៃសជាបណ្តោះអាសន្ន បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃអង្គារពាក់ព័ន្ធករណីឆបោកលុយ ២ ម៉ឺនដុល្លារអាមេរិកពីបុរសម្នាក់ ដោយធានាថានឹងជួយរត់ការឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ជនជាប់ចោទឈ្មោះ ហុក គីមសាយ អាយុ ៥០ ឆ្នាំមានតួនាទីជាសមាជិកក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃស្នាក់នៅផ្ទះលេខ ២៧ ផ្លូវ ៣៩០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវបានលោកចៅក្រមស៊ើបសួរ សេង រិទ្ធី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «ឆបោក»។
លោកបានបញ្ជាក់ថា៖ «ក្រោយការចោទប្រកាន់ ជនសង្ស័យត្រូវបានលោកចៅក្រមស៊ើបសួរបញ្ជាឲ្យកម្លាំងនគរបាលយុត្តិធម៌នាំយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ»។
នៅថ្ងៃម្សិលមិញនេះផងដែរលោក ម៉ាំង សុខលុច្យ នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពី ២ ឆ្នាំមុនជនសង្ស័យបានឆបោកលុយបុរសម្នាក់ឈ្មោះ ម៉ែន ច័ន្ទវាសនា ចំនួន ២ ម៉ឺនដុល្លារដោយសន្យាថានឹងជួយរត់ការឲ្យបានចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ។ ប៉ុន្តែក្រោយពីទទួលបានលុយពីជនរងគ្រោះ ជនសង្ស័យមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យានោះទេ មិនតែប៉ុណ្ណោះជននេះបានព្យាយាមបិទទូរស័ព្ទ គេចវេះពីការទទួលខុសត្រូវ។
លោក សុខលុច្យ បន្តថា៖ «ដោយអស់សង្ឃឹមក្នុងការទាមទារប្រាក់របស់ខ្លួនត្រឡប់មកវិញមិនបាន ជនរងគ្រោះក៏បានដាក់ពាក្យប្ដឹងទៅតុលាការរាជធានីភ្នំពេញដោយចោទប្រកាន់ពីបទឆបោក។ ទោះជាបែបណាក្នុងអំឡុងពេលជិត ២ ឆ្នាំកន្លងមកនេះជនសង្ស័យមិនបានចូលបំភ្លឺតាមដីកាកោះរបស់តុលាការទេ រហូតដល់មានដីកាបង្គាប់ឲ្យនាំខ្លួនពីតុលាការ»។
លោក សុខលុច្យ បន្ថែមថានៅពេលសាកសួរ ជនសង្ស័យឈ្មោះ ហុក គីមសាយ បានសារភាពថា គាត់បានប្រព្រឹត្តអំពើនោះដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ប៉ុន្តែថាប្រាក់ទាំងនោះគាត់ទទួលបានតែ ៣០០០ ដុល្លារប៉ុណ្ណោះ ចំណែកប្រាក់នៅសល់ពីនោះចំនួន ១៧០០០ ដុល្លារទៀត គាត់បានប្រគល់ទៅឲ្យកូនលោកធំម្នាក់ទៀតជួយរត់ការបន្ត។
លោកបានបន្ថែមថា ករណីនេះក្រុមសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីនាំជនពាក់ព័ន្ធក្នុងករណីនេះមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕