ភ្នំពេញៈ ជា​ការ​បន្ថែម​ទៅលើ​អ្វី​ដែល​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជំរុញ​ឲ្យ​មាន​ការ​ជួបចរចា​រវាង​បក្ស​កាន់អំណាច និង​អតីត​បក្សប្រឆាំង​ក្រោយ​ការបោះឆ្នោត មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថានទូត​ជប៉ុន​ក៏​បាន​បង្ហាញ​នូវ​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ឲ្យ​មេដឹកនាំ​នយោបាយ​កម្ពុជា មិន​ទៅ​ណា​ឆ្ងាយ​ពី​តុ​ចរចា​ឡើយ ដោយ​វិលចុះ​វិលឡើង ភាគី​ចម្រូងចម្រាស​នឹង​ត្រូវ​ចូល​អង្គុយ​សន្ទនា​គ្នា រក​ដំណោះស្រាយ​នយោបាយ​។

ទីប្រឹក្សា​នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​លោក Hironori Suzuki បាន​ថ្លែង​តាម​សារ​អេឡិចត្រូនិក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ ថា ជប៉ុន​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​កម្ពុជា​អាច​នឹង​រួមគ្នា ដើម្បី​បន្ត​ការអភិវឌ្ឍ​ជាតិ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​តាម​ការលើក​កម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការផ្តួចផ្តើម​ឲ្យ​មាន​កិច្ចសន្ទនា​នយោបាយ និង​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​។

លោក​ Hironori Suzuki ​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​រួបរួម​គ្នា​ក្នុង​ការបន្ត​ការអភិវឌ្ឍ​ជាតិ​បាន​កាន់តែ​ខ្លាំង​ដោយ​ការ​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការផ្តួចផ្តើម​ឲ្យ​មាន​កិច្ចសន្ទនា​នយោបាយ​។ ជប៉ុន​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សហការ​ជាមួយ​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​»​។

កាលពី​ថ្ងៃទី​ ៤ ខែ​សីហា​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន នៅឯ​កិច្ចប្រជុំ​ក្នុង​ប្រទេស​សិង្ហបុរី លោក Taro Kono រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​សម្តែង​ការខកចិត្ត​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​ទៅ​នេះ​ដោយសារ​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ចម្បង​ចូលរួម​ប្រកួត​ប្រជែង​។

ជាង​នេះ​ទៀត​លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​។

លោក Kono ក៏​បាន​ពន្យល់​ថា ជប៉ុន បាន​ភ្ជាប់​នូវ​សារៈសំខាន់​ចំពោះ​ការបោះឆ្នោត​កាលពី​ខែ​មុន​ដែល​រៀបចំ​ឡើង​ជា​របៀប​មួយ ដែល​ឆ្លុះ​បញ្ចាំង​ល្មម​ពី​ឆន្ទៈ​ប្រជាជន​កម្ពុជា និង​បាន​ផ្តល់​នូវ​ជំនួយ​ និង​ការ​ណែនាំ​ចាំបាច់​។ ប៉ុន្តែ​ការបោះឆ្នោត​ «​មាន​ចំណុច​ផ្សេងៗ ដែល​គួរ​ឲ្យ​សោកស្តាយ​ដូចជា​ចំនួន​ដ៏ច្រើន​នៃ​សន្លឹកឆ្នោត​មិន​បាន​ការ​នៅក្នុង​ការបោះឆ្នោត​»​។

ជប៉ុន ​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​បាន​ផ្តល់​ជំនួយ​ច្រើន​មួយ​ដែរ សម្រាប់​កម្ពុជា​ទាំង​ដំណើរការ​បោះឆ្នោត ហាក់ដូច​បាន​បង្ហាញ​នូវ​ជំហរ​ក្រោយ​គេ បន្ទាប់ពី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី បារាំង អង់គ្លេស នូវែលសេឡង់ និង​ ប្រទេស​អាល្លឺម៉ង់​ បង្ហាញ​ការមិន​ពេញចិត្ត និង​ រិះគន់​ការបោះឆ្នោត​ដ៏ចម្រូងចម្រាស​នេះ​។

ពួកគេ​បាន​ចាត់ទុក​ការបោះឆ្នោត​នា​ថ្ងៃ​ ២៩ កក្កដា ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ជា​ការ​បោះឆ្នោត មិន​សេរី ត្រឹមត្រូវ ស្របតាម​ច្បាប់ ដោយសារ​តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គូប្រជែង​នយោបាយ​ត្រូវ​បាន​ផាត់​ចេញ​មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​នេះ​។

ប៉ុន្តែ​លោក ឈឹម ផលវរុណ អុ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ចាត់ទុក​ការ​ខកចិត្ត​របស់​ជប៉ុន​ចំពោះ​លទ្ធផល​បោះឆ្នោត​នោះ​សំខាន់​ឡើយ ពីព្រោះ​លោក​ថា ជប៉ុន​មិនមែន​ខកចិត្ត​ចំពោះ​ការបោះឆ្នោត​ទេ គ្រាន់តែ​ខកចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត​ហើយ​ថា ឥរិយាបថ ជប៉ុន​បែប​នេះ​ក៏​មិន​មាន​ន័យ​ថា ជប៉ុន​ចង់​ឲ្យ​មាន​ការចរចា​នោះ​ដែរ​។

លោក ​ឈឹម ផលវរុណ ថ្លែង​​ថា​៖ «​គាត់​ខកចិត្ត​រឿង​លទ្ធផល​បោះឆ្នោត មិនមែន​ខកចិត្ត​រឿង​ការបោះឆ្នោត​ទេ​។ ២ ​ហ្នឹង​ខុស​គ្នា ដូច​យើង​កីឡា​អ៊ីចឹង​អាមួយ​ការរៀបចំ​កីឡា​បាល់ទាត់​វា​ល្អ ប៉ុន្តែ​លទ្ធផល​ធម្មតា​ម្នាក់ៗ​ចង់បាន​លទ្ធផល​អ៊ីចេះ ចង់​បាន​លទ្ធផល​អ៊ីចុះ វា​អាច​ខកចិត្ត​។ ខកចិត្ត​លទ្ធផល​ជា​រឿង​ធម្មតា​ទេ​»​។

លោក វរុណ បាន​បន្ថែម​ថា​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​ ៧៦ ​ភាគរយ ​ឯ​គណបក្ស​លំដាប់​លេខ​ ២ ​បាន​តែ​ ៥ ភាគរយ វា​ខុស​គ្នា​ឆ្ងាយ​។ ដូច្នេះ​ការរំពឹង​របស់​ជប៉ុន​ក្នុង​ការ​បោះឆ្នោត​នោះ វា​ខុសពី​ការ​រំពឹង​របស់​ខ្លួន​ដែល​ចង់​ឲ្យ​បក្ស​ណា​មួយ​ឈ្នះ ហើយ​ដល់​តែ​លទ្ធផល​ខកចិត្ត​វា​ជា​រឿង​ធម្មតា​។

ចំណែក​ការចង់​ឲ្យ​មាន​ការចរចា​ជាមួយ​អតីត​បក្សប្រឆាំង​លោក​ថា មិន​មាន​គណបក្ស​ប្រឆាំង​ណា​ដែល​ត្រូវ​បក្ស​កាន់អំណាច ចរចា​ជាមួយ​នោះ​ទេ ហើយ​គណបក្ស​ប្រឆាំង​ដែល​លោក​ថា ងាប់​ទៅ​ហើយ​នោះ​ក៏​មិន​អាច​មាន​អ្នក​ណា​ជួយ​ឲ្យ​មាន​ឡើង​វិញ​បាន​ដែរ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​ធ្វើការ​អភិវឌ្ឍ​ជាតិ​បន្ត​ទៅ​មុខ​ទៀត​។

លោក​ ឈឹម ផលវរុន បាន​បញ្ជាក់​ថា​៖ «​រឿង​ចរចា ការចរចា​ហ្នឹង​ក៏​គេ​ [​ជប៉ុន​] ​ពុំដែល​ប្រាប់​ឲ្យ​ចំ​ចរចា​ជាមួយ​អុ្ន​កណា​ដែរ ណាស់​តែ​យើង​នាំគ្នា​និយាយ​ទេ​។ ការចរចា​ហ្នឹង ជាពិសេស​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​វប្បធម៌​នៃ​ការសន្ទនា ការចរចា​ហ្នឹង​មាន​តាំងពី​ណា​ពី​ណី​មក​នោះ មិនមែន​ទើប​មាន​ជំនាន់​គណបក្ស​ប្រឆាំង​ដែល​ងាប់​ទៅ​ហើយ​ហ្នឹង​ទេ​។ បើ​អត់​មានការ​ចរចា​ធ្វើ​ម៉េច​សង្គ្រាម​ប្រដាប់​អាវុធ​ជំនាន់​ទសវត្សរ៍​ទី​ ៨០ ​អាច​បញ្ចប់​បាន​»៕