ភ្នំពេញៈ ខណៈមានការថ្កោលទោសពីអន្តរជាតិចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ប្រទេសជប៉ុនកាលពីម្សិលមិញបានសម្រេចផ្តល់សម្ភារមានតម្លៃ ៧,៥ លានដុល្លារបន្ថែមទៀតសម្រាប់ដំណើរការបោះឆ្នោតនៅខែកក្កដាខាងមុខ។
ការផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនលោក Hidehisa Horinouchi ហើយជប៉ុនក៏សន្យាថានឹងផ្តល់ហឹបឆ្នោត និងសម្ភារចាំបាច់ដទៃទៀតផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងព័ត៌មាន។
សេចក្តីជូនដំណឹងបន្តថា៖ «ជំនួយជាបន្តបន្ទាប់របស់ជប៉ុនដល់កម្ពុជានិយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែកបង្ហាញពីការតាំងចិត្តរបស់ជប៉ុនក្នុងការជួយព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព»។
កាលពីខែវិច្ឆិកាគណបក្សប្រឆាំងតែមួយគត់របស់កម្ពុជាគឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយទាំងបង្ខំដោយរងបទចោទប្រកាន់ថាបានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហើយមេដឹកនាំរបស់ខ្លួនគឺលោក កឹម សុខា ក៏ត្រូវបានចាប់ដាក់ពន្ធនាគារដោយរងការចោទប្រកាន់ពីបទ «ក្បត់ជាតិ» កាលពីខែកញ្ញា។
ការរំលាយគណបក្សប្រឆាំង និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងថា ជាការប្រឌិតឡើងដើម្បីពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
ភ្លាមៗសហរដ្ឋអាមេរិកបានលុបចោលជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាហើយសហភាពអឺរ៉ុបក៏បានធ្វើតាមយ៉ាងឆាប់រហ័សផងដែរ។ ក្រុមការពារសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងបានអំពាវនាវដល់ជប៉ុនឲ្យចាត់វិធានការដូចគ្នា ប៉ុន្តែត្រូវបានបដិសេធ។
លោក Horinouchi បានថ្លែងនៅក្នុងពិធីនោះថា៖ «ប្រទេសជប៉ុនផ្តល់ហិបឆ្នោតចំនួន ១០០០០ ហិប»។ លោកបានបន្ថែមថា៖ «វាគឺជាការចូលរួមឧបត្ថម្ភដល់ការធ្វើកំណែទម្រង់បោះឆ្នោត...ដូច្នេះហើយប្រព័ន្ធបោះឆ្នោតនៅកម្ពុជាអាចទុកចិត្តបានពីពលរដ្ឋកម្ពុជា»។
ដោយឡែកលោក ប្រាក់ សុខុន បានសម្តែងការដឹងគុណ ខណៈប្រធាន (គជប) លោក ស៊ិក ប៊ុនហុក បានកត់សម្គាល់ថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា។
លោកបានថ្លែងថា៖ «ប្រទេសជប៉ុនជាមិត្តរបស់យើងមិនដែលបោះបង់យើងចោលទេហើយក៏មិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់យើងដែរ»។
នៅពេលសួរថា ហេតុអ្វីបានជាជប៉ុននៅតែបន្តគាំទ្រដល់ការបោះឆ្នោតនៅឆ្នាំនេះ ខណៈដែលប្រទេសលទ្ធិប្រជាធិបតេយ្យដទៃទៀតជាមិត្តរបស់ខ្លួនបានផ្អាកផ្តល់ជំនួយទៅហើយនោះលោក Hironori Suzuki ដែលជាអ្នកផ្តល់ប្រឹក្សានៅស្ថានទូតជប៉ុនគ្រាន់តែនិយាយថា វាពិតជាសំខាន់ណាស់សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំនេះ ពីព្រោះវាបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ពលរដ្ឋ។
លោកបានបន្តថា៖ «ប្រទេសជប៉ុនបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធកម្ពុជា ដែលរួមមានទាំងរាជរដ្ឋាភិបាល...ឲ្យធានាដល់បរិយាកាសហើយសិទ្ធិរបស់អ្នកចូលរួមក្នុងឆាកនយោបាយ និងអង្គការសង្គមស៊ីវិលត្រូវបានគេគោរព»។
កញ្ញា កឹម មនោវិទ្យា ដែលជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងត្រូវជាកូនស្រីអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារបានថ្លែងថា ការបោះឆ្នោតនេះមិនអាចឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ពលរដ្ឋដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមបានទេ។
នៅក្នុងសារមួយថ្លែងមកកាន់កាសែតភ្នំពេញប៉ុស្តិ៍កញ្ញា មនោវិទ្យា បានបញ្ជាក់ថាហេតុផលតែមួយគត់សម្រាប់ការគាំទ្របន្តរបស់ជប៉ុនគឺប្រសិនបើពួកគេអាចធានាបានថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។
កញ្ញាបន្តថា៖ «បើមិនដូច្នោះទេ ប្រទេសជប៉ុនត្រូវពន្យល់យ៉ាងហោចណាស់ទៅដល់ពលរដ្ឋពាក់កណ្តាលប្រទេសថាហេតុអ្វីបានជាខ្លួនកំពុងគាំទ្រដល់ការបោះឆ្នោតសិប្បនិម្មិតដែលប្លន់ឆន្ទៈប្រជាពលរដ្ឋរាប់លាននាក់នោះ»៕ NS