ភ្នំពេញៈ លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ ២ ៤០៥ ​លានយ៉េន​ស្មើនឹង​ប្រមាណ​ ២២ ​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​ពោធិ៍សាត់​»​។

នៅក្នុង​អំឡុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ជំនួយ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ០៤ ​ខែធ្នូ ឆ្នាំ​ ២០១៩ ​នៅ​ក្រសួងការបរទេស​កម្ពុជា​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែង​ថា​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ ២២ ​លាន​ដុល្លារ​អាមេរិក​ (២ ៤០៥ ​លាន​យ៉េន​) ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ ជប៉ុន​នឹង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត និង​រៀបចំ​ប្រព័ន្ធ​ចែកចាយ​ទឹក​ក្នុង​ក្រុង​ពោធិ៍សាត់​។

លោក​បន្តថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា​បាននិង​កំពុង​ពង្រីក​ដល់​វិស័យ​ជាច្រើន​ដែល​លោក​គិតថា​កិច្ចសហប្រតិបត្តិការ​ទាំង​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ទោះបី​ជា​តិចតួច​ក្តី​។ ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត គឺជា​វិស័យ​មួយ​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​រយៈពេល​ដ៏វែង និង​មាន​ទំហំ​ដ៏ធំ​តាមរយៈ​សមិទ្ធផល​ដែល​សម្រេចបាន​។

លោក​បន្តថា អត្រា​ផ្គត់ផ្គង់​ទឹកស្អាត និង​គុណភាព​ទឹក​នៅ​តំបន់​ជាច្រើន​នៅក្នុង​ខេត្ត​ក្រុង​ផ្សេងទៀត​មាន​ស្ថានភាព​ខ្វះខាត​ច្រើន​។

លោក​បញ្ជាក់ថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា​បាន​កំណត់​គោលដៅ​នៃ​អត្រា​ផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​បាន​ ១០០ ​ភាគរយ​នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២៥​។ លោក​បញ្ជាក់ថា​៖ «​ដូចនេះ​តាមរយៈ​គម្រោង​នេះ​រំពឹងថា អត្រា​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​ពោធិ៍សាត់ និង​មាន​ការកើនឡើង ហើយ​អត្រា​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង​ផ្សេងទៀត​នឹង​មាន​ការអភិវឌ្ឍ​កាន់តែ​ខ្លាំង​»​។

លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ដែរ​ថា ទោះបី​ជា​បច្ចុប្បន្ននេះ​កម្ពុជា​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​កម្ពុជា​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធ​ទឹក​កខ្វក់ បញ្ហា​សំរាម និង​ការកកស្ទះ​ចរាចរណ៍​ជាដើម ហើយ​ប្រទេស​ជប៉ុន​សង្ឃឹម​ថា​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​បាន​ដោយ​ប្រើប្រាស់​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្សេងៗ​។

ជាការ​ឆ្លើយតប​លោក ប្រាក់ សុខុន ​បាន​ថ្លែងថា​៖ «​គម្រោង​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ​ (​ថ្ងៃ​ពុធ​) ​គឺ​ដើម្បី​សាងសង់​រោងចក្រ​ប្រព្រឹតិ្តកម្ម ទឹកស្អាត​ដែល​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ចំណុះ ៦ ៦០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ និង​បណ្តាញ​ ៨៤ គីឡូ​ម៉ែត​កន្លះ​ក្នុង​នោះ​មាន​ការតបញ្ចូល​ផ្ទះ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ប្រមាណ​ ២៥៧ ​គ្រួសារ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផងដែរ​»​។

លោក​បន្ថែមថា តាម​គម្រោង​ផែនការ​ដំណើរការ​សាងសង់​នឹង​ចាប់ផ្តើម​នៅក្នុង​ខែវិច្ឆិកា ​ឆ្នាំ​ ២០២០ ហើយ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០២២​។

លោក​ថ្លែង​ទៀតថា តាំង​នាម​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាជន​នៅក្នុង​ខេត្ត​ពោធិ៍សាត៍ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ចំពោះ​ការ​ផ្តល់ជំនួយ​ដ៏មាន​សារៈសំខាន់​នេះ​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​នៅ​ជនបទ​ចាប់តាំងពី​ឆ្នាំ ២០១៤-២០២៥៕