ភ្នំពេញៈ ក្នុងរយៈពេលជាង ៣ ខែ ដើមឆ្នាំ ២០២០ នេះមនុស្សជាង ៥ ៥០០ នាក់ និងវត្ថុតាងគ្រឿងញៀនជាង ៣០០ គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនចាប់ឃាត់ខ្លួន ខណៈអ្នកជួញដូរគ្រឿងញៀន ៥ នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ និងត្រូវបញ្ជូនទៅឃុំខ្លួនកាលពីម្សិលមិញពាក់ព័ន្ធនឹងគ្រឿងញៀនជាង ១៦ គីឡូក្រាម។
គណៈកម្មការទី ៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៥ បានចេញរបាយការណ៍កាលពីម្សិលមិញថា គិតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសសរុបចំនួន ២ ៧៨០ ករណី ដោយបានចាប់ឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥ ៥៤៦ នាក់ ក្នុងនោះមានជនបរទេស ៨៧ នាក់។ វត្ថុតាងដែលរឹបអូសបានពីការបង្ក្រាបបទល្មើសគឺរួមមានសារធាតុញៀនប្រភេទថ្នាំគ្រាប់ និងម្សៅគ្រប់ប្រភេទសរុបប្រមាណជិត ១២០ គីឡូក្រាម និង ១១០ កញ្ចប់តូច រុក្ខជាតិញៀនប្រភេទ កញ្ឆាក្រៀម ចំនួនជាង ២២៥ គីឡូក្រាម និង ៧៧ ៧០៨ ដើម។
ក្រៅពីនេះវត្ថុតាងដែលជាមធ្យោបាយបម្រើឲ្យបទល្មើសយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតក៏ត្រូវបានរឹបអូសផងដែរក្នុងនោះរួមមានរថយន្ត ២៦ គ្រឿង ម៉ូតូ ៦៥៧ គ្រឿង ទូរស័ព្ទចំនួន ១៩៤៣ គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១២៨ គ្រឿង និងអាវុធវែងខ្លីចំនួន ១១ ដើម។
របាយការណ៍ដដែលគូសបញ្ជាក់ថា៖ «ជនសង្ស័យចំនួន ៣ ១៣៣ នាក់ ក្នុងចំណោម ៥ ៥៤៦ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង (សារធាតុញៀន) និងដាំដុះរុក្ខជាតិញៀន ហើយត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ចំណែកជនសង្ស័យចំនួន ២ ៤១៣ នាក់ទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនត្រូវបានធ្វើការអប់រំណែនាំ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន»។
ជុំវិញករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះផងដែរ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានសម្រេចចោទប្រកាន់ជនសង្ស័យ ២ នាក់រួមមានឈ្មោះ សឿង ធាវ៉ា អាយុ ៣៧ ឆ្នាំ និងឈ្មោះ អឿង ឌីចាន់ណា អាយុ ៣៧ ឆ្នាំពីបទ «ជួញដូរគ្រឿងញៀន» និងបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌នាំយកជនសង្ស័យទាំង ២ ទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្នដើម្បីរង់ចាំការជំនុំជម្រះជាក្រោយ។
នេះបើយោងតាមលោក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក វណ្ណៈ បញ្ជាក់ថា៖ «ជនសង្ស័យទាំង ២ ត្រូវបានកម្លាំងការិយាល័យ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបចាប់បានកាលពីថ្ងៃទី ០២-០៣ ខែ មេសា ឆ្នាំ ២០២០ ជាមួយវត្ថុតាងគ្រឿងញៀនរឹបអូសបានជាង ១៦ គីឡូក្រាម»។
ចំណែកសាលាដំបូងខេត្តស្វាយរៀងវិញក៏បានសម្រេចចោទប្រកាន់ជនសង្ស័យជនជាតិវៀតណាម ៣ នាក់រួមមានឈ្មោះ ត្រឹង វឹកភូ អាយុ ៣៥ ឆ្នាំ, វ៉ូ ហរ័ធឿង អាយុ ២៧ ឆ្នាំ និងឈ្មោះ ង៉ូ ធីអៀងថាន់ អាយុ ១៨ ឆ្នាំពីបទ «ជួញដូរ រក្សាទុក និង កែច្នៃគ្រឿងញៀន» ផងដែរកាលពីថ្ងៃម្សិលមិញ។
លោក ទេព ផល្លា ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ជនសង្ស័យទាំង ៣ នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ៣១ ខែ មីនា ដល់ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២០ នៅក្នុងទីតាំង ៣ កន្លែងផ្សេងគ្នាស្ថិតក្នុងសង្កាត់-ក្រុងបាវិតជាមួយវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានសរុបជាង ៤ គីឡូក្រាម និងសម្ភារបម្រើឲ្យបទល្មើសមួយចំនួនទៀត ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ កម្លាំងនគរបាលបង្ក្រាបគ្រឿងបានបង្ក្រាបទីតាំងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់-ក្រុងបាវិត ដោយបានរំដោះជនជាតិវៀតណាមប្រុស-ស្រីសរុប ១៥ នាក់ ដែលត្រូវបានគេចាប់បង្ខាំងទុកនៅក្នុងបន្ទប់ផ្ទះជួលនោះ។
របាយការណ៍បន្តថា ក្រោយពីការជួយរំដោះជនរងគ្រោះទាំងនោះមកសួរនាំ សមត្ថកិច្ចបានបន្តឆែកឆេររកឃើញ និងរឹបអូសវត្ថុតាង គ្រឿងញៀនមួយចំនួននៅក្នុងបន្ទប់ជួលផ្សេងទៀតដែលស្ថិតនៅក្នុងទីតាំងផ្ទះជួលនោះ។ ក្រោយពីបង្ក្រាបទីតាំងនោះកម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបចាប់ជនសង្ស័យទាំង ៣ នាក់ខាងលើនេះបានជាបន្តបន្ទាប់៕