ភ្នំពេញៈ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី នឹង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​សមាជិក​អាស៊ាន​រួចហើយ​។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​កាលពី​ម្សិលមិញ​ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​រួចហើយ​។

លោក សោផាន់ ថ្លែងថា​៖ «​ការងារ​នេះ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​ព្រហ្មទណ្ឌ និង​យុត្តិធម៌​។ កម្ពុជា​បាន​ធ្វើ​កិច្ចការ​នេះ​តាម​នីតិវិធី​ច្បាប់​រួចហើយ​»​។

កាលពី​សប្ដាហ៍​មុន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​រួមជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​ដោយ​លោក​បញ្ជាក់ថា ប្រទេស​ឡាវ និង​ថៃ បាន​ទទួល​ដីកា​ចាប់ខ្លួន​លោក សម រង្ស៊ី រួចហើយ​។

ឆ្លើយតប​នឹង​ការបញ្ជូន​ដីកា​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ាន​លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា មាន​តែ​ប្រទេស​ ២ ​ឬ​ ៣ ​ទេ​ដែល​នឹង​សហការ​ជាមួយ​លោក ហ៊ុន សែន ប្រឆាំង​លើ​រូបលោក​។

លោក​ថ្លែងថា​៖ «​ប្រទេស​ជិតខាង​ជាច្រើន​មាន​និន្នាការ​ចាប់យក​គោលការណ៍​ប្រជាធិបតេយ្យ​។ លោក ហ៊ុន សែន បាន​ចូល​ដៃ​ជាមួយ​ចិន​ដែល​ជា​ប្រទេស​មាន​គោលនយោបាយ​គឃ្លើន​ និង​វាតទី​ដែល​គំរាម​ដល់​ប្រទេស​ជិតខាង​ជាច្រើន​ទៀត​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា ប្រទេស​ក្នុង​តំបន់​នឹង​សហការ​ជាមួយ​កម្ពុជា​ពីព្រោះ​លោក​ថា អំពើ​របស់​លោក សម រង្ស៊ី មិនមែន​ជា​រឿង​នយោបាយ​ទេ តែ​ជា​បទ​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ច្បាប់​ខ្មែរ​។

លោក​ថ្លែងថា​៖ «​ករណី​របស់ សម រង្ស៊ី មិនមែន​រឿង​នយោបាយ​ទេ ជា​រឿង​ព្រហ្មទណ្ឌ ហើយ​មិន​ត្រឹម​តែ​ជា​ព្រហ្មទណ្ឌ​ធម្មតា​ទេ គឺជា​ភេរវជន​ទៅ​ទៀត ដែល​បំផុស​ឲ្យ​បះបោរ​ប្រឆាំង​ដែល​នេះ​ជា​អំពើ​ភេរវកម្ម​។ ដូច្នេះ​អាស៊ាន​បាន​ចុះហត្ថលេខា​រួម​គ្នា​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នេះឯង​។ ដូច្នេះ​រាល់​ការមិន​ធ្វើ​សហប្រតិបត្តិការ​បាន​ន័យ​ថា ជាការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​កម្ពុជា​»​។

លោក​ ផៃ ស៊ីផាន ថ្លែងថា​៖ «​វិធានការ​ផ្លូវច្បាប់​ដែល​កម្ពុជា​ធ្វើ​គឺ​យោង​លើ​អង្គហេតុ និង​ច្បាប់ ដោយសារ​សកម្មភាព​ទាំងអស់​នោះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី មួយ​ករណី​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»​។ ការចេញ​ដីកា​ចាប់​ខ្លួន​ចុងក្រោយ​នេះ​ធ្វើឡើង​ដោយ​លោក កូយ សៅ ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៦ ​កញ្ញា​។

ដីកា​ចាប់​ខ្លួន​របស់​លោក កូយ សៅ ធ្វើ​ឡើង​ដោយ​យោង​លើ​ដីកា​បញ្ជូន​ឲ្យ​ឆ្លើយ​ចុះ​ថ្ងៃទី​ ១៦ កញ្ញា ដែល​ក្នុង​ដីកា​នោះ​តំណាង​អយ្យការ​បាន​ឯកភាព​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លើ​ជន​ត្រូវ​ចោទ សម រង្ស៊ី​។ ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នេះ​ក៏​យោង​លើ​របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី មិន​ស្ថិត​នៅ​មូលដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ទេ​។

ដីកា​សរសេរ​ថា​៖ «​ដូច្នេះ​តុលាការ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ដើម្បី​ឲ្យ​ជន​ត្រូវ​ចោទ​រូបនេះ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ​ដើម្បី​រក​ការពិត​ក្នុង​រឿងក្ដី​នេះ​ស្រប​តាម​នីតិវិធី​ច្បាប់​»​។

លោក កូយ សៅ បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​នាំខ្លួន​លោក សម រង្ស៊ី មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ និង​ប្រាប់​ដល់​ពន្ធនាគារ​ឲ្យ​ទទួល​ជន​ត្រូវ​ចោទ​យក​ទៅ​ឃុំ​ផងដែរ​។

កាលពី​សប្ដាហ៍​មុន​លោក សម រង្ស៊ី ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី​ ១២ កញ្ញា ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន​ជា «​អាយ៉ង​» និង​ជា​ «​ចំណាប់ខ្មាំង​» របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ថា​ព្រះអង្គ​ចង់​រក្សា​រាជបល្ល័ង្ក​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក សម រង្ស៊ី អាច​ជាប់ទោស​រហូត​ដល់​ ១០ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទចោទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ដោយសារ​ភាពមិន​រាងចាល​នៃ​ការប្រព្រឹត្ត​បទល្មើស​។

លោក គឹម សន្តិភាព ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា​៖ «​យោងតាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​ ៨៣ មាត្រា​ ៨៨ មាត្រា ៤៣៧ ​ស្ទួន ទណ្ឌិត​រូបនេះ​ស្ថិតក្នុង​ភាពមិន​រាងចាល​នៃ​ការប្រព្រឹត្ត​បទល្មើស បទ​ប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ ហេតុនេះ​អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​នឹង​កើនឡើង​ទ្វេដង​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញ​នូវ​ទោសកំហុស​នេះ​ម្តងទៀត​!»​។

ឆ្លើយតប​នឹង​ការវិវឌ្ឍ​លើ​សំណុំ​រឿងនេះ​លោក សម រង្ស៊ី បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ចង់​សើច ពីព្រោះ​យើង​នឹង​ឃើញ​តុលាការ​អាយ៉ង​បន្ត​ចេញ​ដីកា​ចាប់ខ្លួន​មិន​ពិតប្រាកដ​កាន់តែ​ច្រើនយ៉ាង​វក់វី​លើ​រូបខ្ញុំ ដោយ​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់ ដោយសារ​តែ​ខ្ញុំ​បាន​បញ្ចេញមតិ​ប្រហាក់ប្រហែល​គ្នា​នេះ​ក្នុង​គោលបំណង​បើក​ឲ្យ​មាន​ការជជែក​ដេញដោល​បែប​ប្រជាធិបតេយ្យ​លើ​តួនាទី​ដ៏ចម្រូងចម្រាស​នៃ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​»​។

លោក​ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​ការលើក​ឡើង​នានា​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ព្រះមហាក្សត្រ​ដូច​ដែល​លោក​ធ្លាប់​បាន​លើកឡើង​តាម​បណ្ដាញ​ហ្វេសប៊ុក និង​ធ្វីធើរ​របស់​លោក​៕