មណ្ឌលគិរីៈ សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កំពុង​មាន​ចំណាត់ការ​នីតិវិធី​កោះហៅ​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​ជួល​អ្នកភូមិ​ ៥ ​នាក់ ​ឲ្យ​ចូលទៅ​កាប់​រាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះញែក​កាលពី​សប្ដាហ៍​មុន ខណៈ​ពលរដ្ឋ​ ៥ ​នាក់​នោះ​ ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​។ នេះ​បើ​យោង​តាម​មន្ត្រី​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ពី​ថ្ងៃ​ទី​ ១៨ កុម្ភៈ​។

លោក​ មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ ហ៊ុយ ហួរ អាយុ​ ៣៤ ​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​រង្សី ឃុំ​ស្រែសង្គម ស្រុក​កោះញែក និង លោក ខើង កាពិ អាយុ​ ៣១ ​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រវ៉ាក់ ឃុំរយ៉ ស្រុក​កោះញែក ត្រូវ​បាន​សង្ស័យ​ក្នុង​បទល្មើស​កាប់​រាន​ដីព្រៃ​នៅ​ចំណុច​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​។ មនុស្ស​ចំនួន​ ៥ ​នាក់​ ឆ្លើយ​ដាក់​បន្ទុក​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ជា​អ្នក​នៅ​ពីក្រោយ​ការជួល​ពួកគេ​ឲ្យ​កាប់ឆ្ការ​ដីព្រៃ​នៅក្នុង​តំបន់​នោះ​។

លោក​និយាយថា​កាលពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ អ្នកភូមិ​រវ៉ាក់ ឃុំ​រយ៉ ស្រុក​កោះញែក ចំនួន​ ៥ ​នាក់​រួមមាន​ឈ្មោះ​ វៀក នាគ អាយុ​ ៣៨ ​ឆ្នាំ ឡាយ វៃ អាយុ​ ៣៤ ​ឆ្នាំ ស៊ុន តេវ័ន្ត អាយុ​ ២១ ​ឆ្នាំ ងួន ឆ្វែត អាយុ​ ២២ ​ឆ្នាំ និង​ឈ្មោះ​ ផ្លាញ់ សំអុល អាយុ​ ៤៤ ​ឆ្នាំ ​ត្រូវ​បាន​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ចាប់​ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​កាប់​រាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​រយ៉ ស្រុក​កោះញែក​។

សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ពួកគេ​មកកាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ តុលាការ​បាន​សម្រេច​ដោះលែង​ពួកគេ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​បាន​ឆ្លើយថា​ពួកគេ​ត្រូវ​បាន​ឈ្មោះ​ ហ៊ុយ ហួរ និង ឈ្មោះ​ ខើង កាពិ ជួល​ឲ្យ​ទៅ​កាប់ឆ្ការ​ដីព្រៃ​ក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើនេះ​។

លោក​ មាស ប្រុស បញ្ជាក់ថា​៖ «​បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​ ៥ ពួកគេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​កាប់​ឆ្ការព្រៃ​ឲ្យ​ឈ្មោះ ហ៊ុយ ហួរ និង ឈ្មោះ​ ខើង កាពិ ដើម្បី​យក​កម្រៃ​ពលកម្ម​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​កាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ​។ ហេតុ​ដូច្នេះ​ទើប​តុលាការ​សម្រេច​ដោះលែង​ពួកគេ​ទាំង​ ៥ ​នាក់​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​ដាក់​ឲ្យ​ស្ថិតក្រោម​ការឃ្លាំមើល​របស់​តុលាការ​»​។

លោក​បាន​បន្តថា​៖ «​នៅពេល​នេះ​តុលាការ​កំពុង​ចំណាត់ការ​នីតិវិធី និង​រៀបចំ​ដីកាកោះ​អញ្ជើញ​ឈ្មោះ​ ហ៊ុយ ហួរ និង ឈ្មោះ​ ខើង កាពិ មក​សាកសួរ​ជុំវិញ​សំណុំរឿង​ [​ជួល​អ្នកភូមិ​] ​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​នៅ​ឃុំ​រយ៉ ស្រុក​កោះញែក​»​។

ទោះ​ជា​បែបណា​ក្ដី​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ហាក់​មិន​សប្បាយចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការខេត្ត​មណ្ឌលគិរី ដែល​បាន​ដោះលែង​ជនសង្ស័យ​ទាំង​ ៥ ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ឬ ដាក់​ឲ្យ​ស្ថិតក្រោម​ការឃ្លាំមើល​តាមផ្លូវ​តុលាការ​នោះឡើយ​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ១៨ កុម្ភៈ ថា​៖ «​ជា​ការពិត​ណាស់​ជនសង្ស័យ​ទាំង​ ៥ ​នាក់​ខាងលើ​នេះ​ត្រូវ​បាន​ក្រុមមន្ត្រី​ឧទ្យានុរក្ស​យើង​បង្ក្រាប​ចាប់បាន​ក្នុង​បទល្មើស​ជាក់ស្ដែង​គឺ​ក្នុង​អំឡុងពេល​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត​បទល្មើស​កាប់រាន​ដីព្រៃ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ ឦសាន ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក​ដែល​សកម្មភាព​នេះ​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​»​។

លោក​បន្តថា ទោះយ៉ាងណា​ក៏ដោយ​លោក​មិនអាច​ជំទាស់​នឹង​សេចក្ដី​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះទេ ព្រោះ​វា​ជា​ «​ឆន្ទានុសិទ្ធិ​» របស់​តុលាការ​។ ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​មាន​ការចាត់​វិធានការ​បន្ទាន់​ទៅលើ​ជន​ដែល​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​កាប់​រាន​ដីព្រៃ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​។

ព្រោះ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​រិះគន់ថា មន្ត្រី​ឧទ្យានុរក្ស​របស់​លោក​បាន​រង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​សកម្មជន​ព្រៃឈើ​មួយចំនួន​ថា បាន​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​កើតឡើង​ក្នុង​តំបន់​ដែន​ជម្រក និង​របៀង​អភិរក្ស​ជីវចម្រុះ​ដែល​ជា​ប្រព័ន្ធ​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ​។

ជុំវិញ​ករណី​នេះដែរ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក​ ម៉ម វ៉ាន់ដា បាន​ថ្លែង​ថា នៅពេល​នេះ​តុលាការ​កំពុង​ពន្លឿន​នីតិវិធី​របស់​ខ្លួន​ក្នុង​ការរៀបចំ​ដីកាកោះ​អញ្ជើញ​ឈ្មោះ​ ហ៊ុយ ហួរ និង​ឈ្មោះ​ ខើង កាពិ ដែល​ជាប់​សង្ស័យ​ជា​មេខ្លោង​ក្នុង​បទល្មើស​នោះ​មក​សួរនាំ​។ ចំណែក​ជនសង្ស័យ​ទាំង​ ៥ ​នាក់​នោះ ថ្វីដ្បិត​តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ពួកគាត់​មិនមែន​រួចផុត​ពី​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ពួកគាត់​ក៏​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​៕