បាត់ដំបង/តាកែវ: ដំណាំ​កញ្ឆា​សរុប​ចំនួន ៤២៨២ ដើម​ត្រូវ​បាន​​បំផ្លាញ​ចោល​នៅក្នុង​ទីតាំង​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ស្រុក​គីរីវង់ ខេត្ត​តាកែវ និង​ស្រុក​ទួលតាឯក ខេត្ត​បាត់ដំបង​កាលពី​សប្ដាហ៍​កន្លង​មក​នេះ ក្រោយពី​សមត្ថកិច្ច​រុករក​ឃើញ​ពលរដ្ឋ​លួច​ដាំ​តាម​តំបន់​ព្រៃ​ដែល​ជា​សកម្មភាព​ល្មើស​ច្បាប់​។

សមត្ថកិច្ច​ស្រុក​គិរីវង់​កាលពី​ថ្ងៃទី ១៤ តុលា​នេះ​បង្ក្រាប​ដើម​កញ្ឆា​សរុប​ចំនួន ៣៤៥២ ​ដើម​ដែល​ដាំ​នៅ ១២ ​ទីតាំង​លើ​ផ្ទៃដី​ចំនួន ៧៩៧ ម៉ែត្រការ៉េ​ដោយ​សមត្ថកិច្ច​បាន​ដក និង​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ហើយ​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ចម្ការ​កញ្ឆា​ទាំង​នេះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

ចំណែក​នៅ​ខេត្ត​បាត់ដំបង សមត្ថកិច្ច​ស្រុក​រតនមណ្ឌល​កាលពី​ថ្ងៃទី​ ១២ តុលា​នេះ​បាន​ចុះ​បង្ក្រាប​ករណី​ដាំ​ដុះ​កញ្ឆា​ខុស​ច្បាប់​ចំនួន ៣ ​កន្លែង និង​ដើម​កញ្ឆា​ចំនួន ៨៣០ ​ដើម និង​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​រស់នៅ​សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

លោក អិន សាវុធ នាយប៉ុស្ដិ៍​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​បាន​ថ្លែង​ថា ក្នុង​ប្រតិបត្តិការ​នេះ​ក្រុម​មន្ត្រី​បាន​នាំ​គ្នា​ដក និង​ដុតបំផ្លាញ​នៅ​នឹង​កន្លែង​តែ​ម្ដង​។ ជនលើ្មស​តែងតែ​ទៅ​ទន្ទ្រាន​ដីព្រៃ​ភ្នំ​ដោយ​លួចលាក់ ហើយ​ដាំ​ដើម​កញ្ឆា បន្លំ​នៅ​ចន្លោះ​ព្រៃរបោះ​តូចៗ​នៅលើ​ភ្នំ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​។

ដោយឡែក​លោក ផាន់ ឡុង អធិការ​នគរបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា សមត្ថកិច្ច​កាលពី​ថ្ងៃទី​ ១២ តុលា​នេះ​បាន​ចុះ​បង្ក្រាប​ករណី​ដាំដុះ​កញ្ឆា​ខុស​ច្បាប់​ចំនួន ៣​ ​កន្លែង និង​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ លៀន មុំ អាយុ ៣៥ ​ឆ្នាំ​រស់នៅ​ភូមិ​អូរតាគាំ​ ២ សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

លោក​បន្ត​ថា​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ដើម​កញ្ឆា ព្រមទាំង​កញ្ឆា​ចំនួន ៨៣០ ​ដើម​។ ក្រោយពេល​ឃាត់​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​អប់រំ ណែនាំ និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដាំដុះ​បន្ត​ទៀត ហើយ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​កម្លាំង​អាវុធហត្ថ​ខេត្ត​តាកែវ​បាន​ដុត​ដើម​កញ្ឆា​ចំនួន​ជាង ៦៥ ០០០ ​ដើម និង​អាង (​ស្តុក​ទឹក​) ​ចំនួន ៥០ ​អាង​ទុយោ​ទឹក​ជាង​ ១៥០០ ​ម៉ែត្រ​៕