សៀមរាបៈ ក្រោយពីបានចូលរួមយ៉ាងសកម្មក្នុងការបម្រើវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរអស់រយៈពេលជាច្រើនឆ្នាំ សត្វដំរី ៥ ក្បាល ក្នុងចំណោម ១៤ ក្បាល នៃសហគមន៍ដំរីអង្គរត្រូវបានគេដឹកជញ្ជូនទៅកាន់ទីតាំងថ្មី ដើម្បីឲ្យរស់នៅតាមបែបធម្មជាតិវិញ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាកាលពីម្សិលមិញ។
លោក កុសល បន្តថា ជាការពិតវត្តមានរបស់សត្វដំរីទាំងនោះនាពេលកន្លងមក មិនត្រឹមតែផ្ដល់ភាពទាក់ទាញដ៏អស្ចារ្យក្នុងការផ្ដល់សេវាកម្មសម្បូរបែបក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ប៉ុន្តែបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាដើម្បីលើកកម្ពស់ការរស់នៅបែបធម្មជាតិរបស់សត្វដំរី គឺចាំបាច់ត្រូវបញ្ឈប់ការយកសត្វដំរីទាំងអស់មកធ្វើអាជីវកម្មដឹកភ្ញៀវទេសចរតទៅទៀត។
លោកបញ្ជាក់ថា៖ «ការដឹកជញ្ជូនសត្វដំរី ៥ ក្បាលក្នុងចំណោម ១៤ ក្បាលខាងលើនេះ គឺជាសញ្ញាល្អប្រសើរមួយ ដើម្បីឈានទៅរកការបញ្ឈប់ទាំងស្រុងនូវសកម្មភាពអាជីវកម្មលើសត្វដំរី តាមរយៈការផ្ដល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ កម្សាន្ត ក្នុងទីរមណីយដ្ឋានអង្គរនាដើមឆ្នាំ ២០២០ ខាងមុខនេះ។ ប៉ុន្តែភ្ញៀវទេសចរអាចទៅទស្សនា ប៉ះពាល់ដំរី ឬថតរូបអនុស្សាវរីយ៍ជាមួយសត្វដំរីទាំងនោះនៅទីតាំងថ្មីបាន»។
បើតាមលោក កុសល មិនមែនតែដំរីមេ ៥ ក្បាលនោះទេ សត្វដំរីទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរនឹងត្រូវដឹកជញ្ជូនទៅកាន់ទីតាំងថ្មីដែលស្ថិតនៅក្នុងភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាបន្តបន្ទាប់ចាប់ពីថ្ងៃ ១៤ ខែវិច្ឆិកា នេះតទៅ និងគ្រោងដឹកចេញឲ្យអស់មុនដំណាច់ឆ្នាំ ២០២០។
ក្រោយពីបានដឹកជញ្ជូនសត្វដំរីមេ ៥ ក្បាល ទៅដល់គោលដៅបានសម្រេច តាមគម្រោងហើយនោះ លោក អ៊ន់ គីរី អ្នកគ្រប់គ្រងកិច្ចការទូទៅនៃសមាគមក្រុមដំរីអង្គរប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីតាំងថ្មីនោះមានផ្ទៃដីប្រមាណជាង ១០ ហិកតា ដែលសម្បូរដោយព្រៃធម្មជាតិ និងប្រព័ន្ធអូរធម្មជាតិសម្រាប់ឲ្យសត្វដំរីទាំងនោះរស់នៅប្រកបដោយផាសុកភាព និងដែលត្រូវបានគេរំពឹងថា ពួកវាអាចបន្តពូជបានទៅតាមលក្ខណៈ ធម្មជាតិ និងជីវសាស្ត្ររបស់ពួកវានាពេលអនាគត។
បើតាមលោក គិរី សត្វដំរីនៃសមាគមក្រុមដំរីអង្គរទាំង ១៤ ក្បាលនោះមានឈ្មោល ២ ក្បាល ហើយពួកវាមានអាយុចន្លោះ ពី ៣០-៦០ ឆ្នាំ។ លោកថ្លែងថា៖ «យ៉ាងណាក៏ដោយសត្វដំរីដែលមានវ័យចន្លោះពី ៣០ ទៅ ៤៥ ឬ ៥០ ឆ្នាំ អាចបង្កាត់ពូជបាន។ ប៉ុន្តែការបង្កាត់ពូជរបស់សត្វដំរីខុសប្លែកពីពួកសត្វផ្សេងៗព្រោះវាជាសត្វមានភាពអៀនខ្មាសដូចជាមនុស្ស»។
លោក ទុយ សេរីវឌ្ឍនា នាយកប្រចាំប្រទេសនៃអង្គការ Wild Earth Allies in Prey Lang ដែលធ្វើការផ្ដោតសំខាន់ទៅលើការងារអភិរក្សសត្វដំរីព្រៃសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការបញ្ឈប់សកម្មភាពអាជីវកម្មលើសត្វដំរីតាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តសប្បាយ។
លោកថ្លែងថា៖ «ក្នុងនាមជាអ្នកអភិរក្ស សត្វគឺយើងមិនស្វាគមន៍ចំពោះការយក សត្វទៅធ្វើអាជីវកម្មអូសទាញ ឬដឹកជញ្ជូននោះទេ ពិសេសសត្វដំរី ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនេះ។ ផ្ទុយទៅវិញយើងរីករាយ និងគាំទ្រចំពោះ សកម្មភាពទាំងឡាយណាដែលបានផ្ដល់ការគាំពារ និងលើកកម្ពស់ការរស់នៅតាមលក្ខណៈធម្មជាតិរបស់សត្វ ទោះសត្វនោះជាសត្វស្រុក ឬសត្វព្រៃក៏ដោយ»។
លោក សេរីវឌ្ឍនា ថ្លែងទៀតថា ការបញ្ឈប់សកម្មភាពអាជីវកម្មលើសត្វដំរី តាមរយៈការដឹកជញ្ជូនទេសចរជាតិ និង អន្តរជាតិកម្សាន្តក្នុងទីរមណីយដ្ឋានអង្គរ គឺជាជំហានមួយឈានទៅរកការបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់សត្វដំរី ជាកម្លាំងអូសទាញ ឬជាយានជំនិះ។ ប៉ុន្តែមិនមែនមានន័យថា ភ្ញៀវទេសចរមិនអាចទស្សនា ឬប៉ះពាល់ ឬថតរូបអនុស្សាវរីយ៍ជាមួយសត្វដំរីនោះទេ។
លោកបញ្ជាក់ថា៖ «ការនាំយកសត្វដំរីទាំងនោះទៅរស់នៅទីតាំងថ្មី ស្របតាមតាមលក្ខណៈធម្មជាតិរបស់វានោះ គឺជាផ្នែកមួយនៃការលើកកម្ពស់ការរស់នៅរបស់សត្វ។ យើងជឿថាតាមរយៈការមើលថែរបស់សហគមន៍ដំរីទាំងនោះនឹងមានផាសុខភាពល្អហើយអាចនឹងឈានដល់ការបង្កាត់ពូជបានថែមទៀត»។
គួរបញ្ជាក់ថា សត្វដំរីស្រុកក្នុងប្រទេសកម្ពុជាកាលពី ១០ ឆ្នាំមុន ត្រូវបានគេអះអាងថា មានប្រមាណជិត ២០០ ក្បាល។ ប៉ុន្តែដោយសារតែពួកវាមិនអាចបន្តពូជបាន និងដោយភាគច្រើនមានវ័យចំណាស់ និងដោយសារកង្វះការថែទាំ និងផ្ដល់អាហារមិនគ្រប់គ្រាន់ ពួកវាមួយចំនួនបានឈឺងាប់ជាបន្តបន្ទាប់។ បច្ចុប្បន្នសត្វដំរីស្រុកនៅកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា មាននៅសេសសល់ប្រមាណ ៧០ ក្បាលប៉ុណ្ណោះ៕