ព្រះសីហនុៈ មន្ត្រីនគរបាលពន្លត់អគ្គិភ័យបាននិយាយថា ការឆេះក្លិបកម្សាន្តអិលវី (LV Club) នៅក្រុងព្រះសីហនុកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃពុធនោះបានធ្វើឲ្យតារាចម្រៀងល្បីក្នុងក្លិបនេះម្នាក់បានរងរបួសធ្ងន់ដោយឆេះខ្លោចពេញខ្លួន និង កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ CHO RAY ប្រទេសវៀតណាម ។
លោក ប៊ួរ សុទ្ធី ស្នងការរងខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ ២២ កុម្ភៈនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមឆេះនៅវេលាម៉ោង ១២ យប់ថ្ងៃពុធម្សិលមិញ ហើយត្រូវបានរលត់ទៅវិញនៅវេលាម៉ោង ១:៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីមានអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យខេត្ត។ បើតាមលោក សុទ្ធី តារាចម្រៀងដែលរបួសនោះ ឈ្មោះ បូ សីហា អាយុ ៣៣ឆ្នាំ ។
លោកបានបញ្ជាក់ថា៖ «សាក្សីជាច្រើនដែលចូលកម្សាន្តនៅក្នុងក្លិបនេះបានអះអាងថាមុនពេលមានភ្លើងឆេះពួកគេឮស្នូរផ្ទុះចរន្តអគ្គិសនីនៅលើពិតានឆាកតន្ត្រី បន្ទាប់មកក៏មានកម្ទេចភ្លើងឆាបឆេះនិងធ្លាក់លើឆាកប្រគំតន្ត្រីនោះបណ្ដាលឲ្យឆាបឆេះក្លិបនោះតែម្ដង។យោងតាមការបំភ្លឺនេះសមត្ថកិច្ចយើងបានសន្និដ្ឋានក្នុងជំហានបឋមថា ការឆេះនេះអាចមកពីទូស្សេចរន្តអគ្គិសនី »។
យ៉ាងណាក៏ដោយ លោក សុទ្ធី ថា នៅថ្ងៃនេះ សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីត្រួតពិនិត្យនិងស្រាវជ្រាវរកមូលហេតុបន្ថែមទៀត៕