ភ្នំពេញៈ តុលាការខេត្ត​បាត់ដំបង បាន​កោះហៅ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៥ រូប ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម «ជនសង្ស័យ» នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​ពាក់ព័ន្ធ​នឹង​ដំណើរ រឿង «ប្រឆាំង នឹង​សាលដីកា​របស់​តុលាការ​កំពូល» ដែល​បាន​សម្រេច​រំលាយ​អតីត​គណបក្ស​ប្រឆាំង។

បើតាម​លោក ជា ជីវ ប្រធាន​ប្រតិបត្តិ នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង ៥ នាក់​ ដែល​ត្រូវ​បានកោះ​ហៅ​នោះ រួម​មាន​អតី​តចៅសង្កាត់​អូរចា កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ​លោក​ ម៉ក់​ រ៉ា អតីត​ចៅ​សង្កាត់​ទួល​តាឯក និង​លោក​ ឃួន ចំរើន អតីត​ចៅ​សង្កាត់​ចំការ​សំរោង ស្ថិត​ក្នុង​ក្រុង​បាត់ដំបង។

ដីកា​​កោះ​ហៅ​ចេញ​ដោយ​តំណាង​អយ្យការ​លោក គី ប៊ុណ្ណារ៉ា ចុះ​ថ្ងៃ​ទី​ ២៤ ខែ​ មេសា បាន​កោះ​ហៅ​ឲ្យ​អ្នក​ទាំង​៣​ចូល​ទៅ​តុលាការ​ នៅ​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃ​ទី​ ៩ ខែ ​ឧសភា សប្ដាហ៍​ក្រោយ «ដើម្បី​សាក​សួរ​ពីដំណើ​​​​រ​​រឿង៖ ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល​ លេខ ​៣៤០ (ឆ) ចុះ​ថ្ងៃ​ទី​ ១៦ ខែ ​វិច្ឆិកា ឆ្នាំ ២០១៧»។

យោង​តាម​ដីកា​របស់​អយ្យ​ការ សំណុំ​រឿង​នេះត្រូវ​ចុះ​ថ្ងៃ​ទី​ ២៣​ មេសា ហើយ​នៅ​ថ្ងៃ​ទី​ ២៤ មេសា តុលាការ​បាន​ចេញ​ដីកា​នេះ ​ទៅ​ជន​ដែល​ត្រូវ​បាន​កោះហៅ។ ដីកា​នេះ​ បាន​ទៅ​ដល់​អធិការដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​នៅ​ថ្ងៃ​ទី​ ២៩ ខែ​ មេសា។

តំណាង​អយ្យការ​ លោក គី ប៊ុណ្ណារ៉ា បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​កាល​ពីម្សិល​មិញ​ដោ​យ​លោកប្រាប់​​ឲ្យ​សួរ​ទៅ​តុលាការ​ ខណៈ​ដែល​លោក អ៊ុច សុខុន ស្នង​ការ​ខេត្ត​បាត់​ដំបង​ មិន​អាច​ទាក់ទង​បាន។

លោក ឆាង វ៉ាន់ឆៃ អធិការ​ក្រុង​បាត់​ដំបង បាន​ថ្លែង​យ៉ាង​ខ្លី​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ លោក​គ្រាន់​តែ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័​ព្ទ​​កាល​ពី​ម្សិល​មិញ កញ្ញា រ៉ូហ្សេត បាន​និយាយ​ថា​ កញ្ញា​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​។ ប៉ុន្តែ​កញ្ញា​និយាយ​ថា កញ្ញា​មិន​​បាន​ដឹង​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ចេញ​ដីកា​កោះហៅ​ទេ។​

រ៉ូហ្សេត​ បាន​ចោទ​សួរ​​ថា៖ «តើ​ជាង​ ១ ​ឆ្នាំ​នេះ ខ្ញុំ​ជា​អតី​ត​ចៅ​សង្កាត់​អូរ​ចារ​ទៅ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ ដែល​នាំ​ឲ្យ​មាន​ការ​កោះ​ហៅ។ សូម​បង​ប្អូន​តាម​​ដាន។ សកម្មភាព​ខ្ញុំ​ក្រោ​យ​​ពេល​រំលាយ​គណបក្ស​គឺ​បើក​ហាង​លក់​នំ​បញ្ចុក​រហូត​ដល់​គេ​ចោទ​ថា ​កន្លែង​ខ្ញុំ ឧទ្ទាម​ធ្វើ​ឲ្យ​ខ្ញុំ​លក់​លែង​ដាច់ ហើយ​បែក​គំនិត​ទៅ​រក​ស៊ី​លក់​អីវ៉ាន់​តាម​អន​ឡាញម៉ៅ​ចម្ការ​ផ្លែ​ឈើដើ​ម្បី​​ផ្គត់​ផ្គង់​គ្រួសារ មាន​លុយ​បង់​ធនាគារ»។

កញ្ញា​និយាយ​ថា ការ​ដែល​តុលាការ​ ចេញ​ដីកា​កោះ​នេះ គឺ​ជា​រឿង​បំបាក់​ស្មារតី​កញ្ញា និង​អ្នក​ផ្សេង​ទៀត​។ កញ្ញា​និយាយ​ថា នៅ​លើ​បណ្ដាញ​សង្គម​ កញ្ញា​​មិន​បាន​និយាយ​អ្វីធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​សាល​ដីកា​ទេ គ្រាន់​តែ​បញ្ចេ​ញ​មតិ​យោបល់​ ក្នុង​នាម​ពលរដ្ឋដែល​មាន​សិទ្ធិរិះ​គន់​អ្នក​នយោបាយ។

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ទាក់​ទង​នឹង​ដំណើរ​រឿង​ប្រឆាំង​សាល​ដីកា​របស់​តុលាការ​កំពូល ខ្ញុំ​ភ្ញាក់​ផ្អើល​ថា ខ្ញុំ​ប្រឆាំង​អី​ ហើយ​ប្រឆាំង​យ៉ាង​ម៉េច។ ខ្ញុំ​នឹង​ចូល​ទៅ​តុលាការ​ផ្ទាល់​តុលាការ​សួរ​អី​ខ្ញុំ​នឹង​ឆ្លើ​យ​ប្រាប់​តាម​អ្វី​ដែល​តុលា​ការ​សួរ​។ ខ្ញុំ​មាន​តែ​ ២​ នាក់​​ ម្ដាយ​ និង​កូន ម្ដាយ​ខ្ញុំ​គាត់​បារម្ភ គាត់​តក់​ស្លុត​​។ តែ​សម្រាប់​ខ្ញុំ​វា​ធម្មតា​ទេ បើ​តុលា​ការ​កោះ​ហៅ​ខ្ញុំ​ក៏​ដូច​មនុ​ស្ស​ទូទៅ មាន​ការ​ភ័យ​ខ្លាច​ហើយ ខ្លាច​មាន​គុក​មាន​ច្រវាក់ ឬ​មាន​ការ​ឃុំ​ឃាំង ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​ចូល​តាម​អ្វី​ដែល​តុលាការ​កោះហៅ»។

កញ្ញា​​លើក​​ឡើង​ថា កញ្ញា​បាន​គោរព​តាម​ដីកា​របស់​តុលាការ​កំពូល​ដោយ​សុខ​ចិត្ត​ដើរ​ចេញ​ពី​តំណែង​ដែល​ពលរ​ដ្ឋ​​បាន​បោះ​ឆ្នោត​ឲ្យ។ កញ្ញា​បាន​លើក​ជា​សំណួរ​​ទៀត​ថា៖ «រហូ​ត​​ដល់​ជាង​ ១​ ឆ្នាំ ​ទើបមាន​ដីកា​កោះ​ហៅថា ​ប្រឆាំង​តុលាការ តើ​ខ្ញុំ​ប្រឆាំង​កន្លែង​ណា ខ្ញុំ​ទៅ​បាតុកម្ម​កន្លែង​ណា ខ្ញុំ​ទៅ​ហិង្សា​កន្លែង​ណា និង​ញុះ​ញង់​កន្លែង​ណា»។

ចំណែក លោក ឃួន ចំរើន អតីត​ចៅសង្កាត់​ចំការ​សំរោង​ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា​ លោក​ក៏​មិន​ដឹង​រឿង​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កោះ​ហៅ​ដែរ។ លោក​និយាយ​ថា៖ «រក​នឹក​មិន​ទាន់​ឃើញ​មិន​ដឹង​ថា​ គេ​ថា​ ខ្ញុំ​យ៉ាង​ណា​ ព្រោះ​ខ្ញុំ​មិន​ដែល​ទៅ​ណា​ផង​ខ្ញុំ​នៅតែផ្ទះ​មិន​មាន​សក​ម្មភាព​អី​ទាំងអស់សួរ​មេឃុំ​មេ​ស្រុ​ក​នេះ​ក៏​ដឹង​ដែរ»។

លោក ជា ជីវ និយាយ​ថា​ លោក​ក៏​មិនដឹង​ថា​ មាន​រឿង​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កោះ​ហៅនេះ​ដែរ។ ប៉ុន្តែ​លោក​សង្ស័យ​លើវីដេអូ​មួយ​ដែល​រ៉ូហ្សេត​បាន​បង្ហោះគាំទ្រ​លោក សម រង្ស៊ី ឡើង​ជា​ប្រធាន​បក្ស​ស្តី​ទី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ​នៅ​ក្នុង​វីដេអូ​នោះ មាន​មនុស្ស​ទាំង​៣​ដែល​ត្រូវ​បាន​កោះ​ហៅ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៨​នាក់​​។

លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា តាម​អ្វី​ដែល​លោក​ទទួល​បាន​មិន​ទាន់​ផ្លូវ​ការ​គឺ​ថា​ សំណុំ​រឿង​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​អាជ្ញាធរ​​ ដែល​បាន​ប្ដឹង​ពួក​គេ​តាំង​ពី​មុន​បោះ​ឆ្នោត ២៩ កក្កដាឆ្នាំ​មុន។ លោ​ក​​ថារឿង​ខ្លះ​ពាក់​ព័ន្ធ​នឹង​យុទ្ធ​​​​​​​នា​ការ​ម្រាម​ដៃ​ស្អាត និង​ការ​គាំទ្រ​​ភ្លើង​ទៀន។ លោក​បន្ត​ថា បណ្ដឹ​ង​​នោះ​មិន​មែន​ទៅ​ពី​ខាង​នគរ​បាល​ទេ៕