តាកែវៈ មន្ត្រី​នគរបាល​ថ្នាក់​ឧ​ត្តម​សេនីយ៍​ផ្កាយ ១ ​ម្នាក់​ ដែល​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ដ្ឋាន​អង្គភាព​កិច្ចការ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល ​ត្រូវបាន​សាលាដំបូង​ខេត្ត​តាកែវ ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ខែ​នេះ​ ពីបទ​គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​បញ្ជា​ឲ្យ​បំពេញ​លក្ខ​ខណ្ឌ ​និង​បទ​គំរាមកំហែង​ដោយ​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​ តាម​បណ្តឹង​របស់​កម្មករ​ផ្នែក​គ្រឿង​ចក្រ​មួយក្រុម​នៃ​ក្រុមហ៊ុន​មួយ។

ដី​កាកោះ​ចេញ​ដោយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ​លោក​ទេព មុនិន្ទ ​ចុះ​ថ្ងៃ​ថ្ងៃ​ទី ១៩ ​ខែ ឧសភា​ ដែល​ទើប​ផ្សព្វផ្សាយ​ថ្មីៗនេះ​ បានកោះអញ្ជើញ​ឈ្មោះ​ ឆាន សិទ្ធី ​ភេទ​ប្រុស ​អាយុ ៥១ ឆ្នាំ ​ជា​ជន​សង្ស័យ ​ស្ថិតនៅ​ភូមិ​ខ្នារ​ ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ​ខេត្តតាកែវ ​ឲ្យ​ចូល​ខ្លួន​មកកាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ ​(បន្ទប់​ព្រះ​រាជអាជ្ញារង​លេខ ៦) ​នៅ​ថ្ងៃ​ទី​ ១៩ ​ខែ មិថុនា ​ឆ្នាំ ២០១៩ ​វេលា​ម៉ោង ៨ ព្រឹកដើម្បី​សាក សួរ​បំភ្លឺ។

ដី​កា​កោះ​នោះ​បញ្ជាក់ថា​៖ «ពី​ដំណើរ​រឿង​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ ​និង​បទ​គំរាមកំហែង​ដោយ​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ។ សាមី​ខ្លួន​ត្រូវ​អ​ញ្ជើញ​តាម​ដីកាកោះ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​យក​លិខិត​ផ្សេងៗ​ ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មកជា​មួយ​ផង​ ប្រសិន​បើ​មាន»។

លោក​ ឆាន សិទ្ធី ​ដែលមាន​តួនាទី​ជា​អនុប្រធាន​នាយក​ដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ​ត្រូវបាន​ក្រុម​កម្មករ​ផ្នែក​គ្រឿង​ចក្រ​ចំនួន ៤ រូប​ ដាក់​ពាក្យ​ប្តឹងទៅ​តុលាការ ​កាលពី​ថ្ងៃទី ២៣​ ខែ​ ឧសភា ​ឆ្នាំ ២០១៩។

ពួកគេ​អះអាង​ថា​ កាលពី​ថ្ងៃទី ២២​ ខែ មេសា​ ឆ្នាំ២ ០១៩ វេលា​ម៉ោង​ប្រហែល ​២ៈ០០ នាទី​រសៀល​ ពួកគាត់​ទាំង ៤ នាក់ ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន​ ៤ គ្រឿង ​ដើម្បី​ចុះ​ស្ដារ​ប្រឡាយ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ក្រាំងធ្នង់ ​ស្រុក​បាទី ​ខេត្ដ​តាកែវ។ ខណៈ​ដែល​កំពុងតែ​ធ្វើកា​រ​ក៏​ស្រាប់តែ​លោក​ ឆាន សិទ្ធី ​និង​បក្ខពួក​ បានមក​ហាមឃាត់ ​និង​បាន​ដកហូត​សោ​គ្រឿង​ចក្រ ​របស់​ពួកគាត់​អស់​ចំនួន​ ២ គ្រឿង​ ព្រមទាំង​បាន​ស្រែក​គំរាមកំហែង​ខ្លាំងៗ ​ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច​ ក៏បាន​ផ្អាក​សកម្មភាព​តាម​ការគំរាម​កំហែង​របស់​ឈ្មោះ​ ឆាន សិទ្ធី ​និង​បក្ខពួក។

ពាក្យបណ្តឹង​បន្តថា​មួយ​សន្ទុះ​ក្រោយមក ​បុគ្គល​ឈ្មោះ​ ឆាន សិទ្ធី ​បាន​បញ្ជា​ឱ្យ​បក្ខពួក​របស់​ខ្លួន​ចំនួន​ ២ នាក់ មក​ប៉ុនប៉ង​ដុត​កម្ទេច​គ្រឿងចក្រ​របស់​ពួកគាត់​ ដោយ​បក្ខពួក​ខាងលើ ​បានមក​ស្រែក​គំរាម​ថា​ «យក​ដប​សាំង​មក​ដុត​អា​អ៊ិច​[គ្រឿង​ចក្រ]​ហ្នឹង​ចោល​»។ ជនបង្ក​ទាំង ២ ​រូបនេះ​ មាន​​ម្នាក់​បាន​កាន់​កាំបិត​ផ្គាក់ ​និង​ម្នាក់ទៀត​កាន់​ដប​សាំង​ផងដែរ។

ជាមួយ​គ្នានេះ​ជន​ទាំង​ ២ ​នាក់​ ​បាន​គំរាម​ដល់​ពួកគាត់ ​ដោយ​បាន​យក​ដបប្រេង​សាំង​នោះ​បោក ​និង​ដុត​ទៅលើ​ព្រៃ​ដែល​នៅ​ជិត​នឹង​គ្រឿងចក្រ ​ស្ថិត​នៅក្បែរ​ការដ្ឋានរ​បស់​ពួកគាត់។ នៅ​ពេលនោះ​ដោយ​មាន​ការភ័យ​​ខ្លាច​ខូច​ខាត​ទ្រព្យសម្បត្ដិ ​ពួកគាត់​ក៏បាន​បញ្ឈប់​សកម្មភាព ​និង​បាន​បញ្ចៀស​គ្រឿង​ចក្រ ចេញទៅ​កន្លែង​មាន​សុវត្ថិភាព។

ពាក្យ​បណ្តឹង​បាន​​បន្ថែមថា​ លុះ​ស្អែក​ឡើង​គឺ​នៅ​ថ្ងៃទី ២៣​ ខែ មេសា​ ឆ្នាំ ២០១៩ ម៉ោង​ប្រហែលជា ​៧ៈ០០ នាទី​ព្រឹក ​ពួក​គាត់​ក៏បាន​សម្រេច​ដាក់​គ្រឿងចក្រ​ចុះ​បន្ដ​ការងារ​ស្ដារ​ប្រឡាយ​នោះ​ទៀត ​ក៏​ស្រាប់តែ​ជនបង្ក​ឈ្មោះ​ឆាន សិទ្ធី ​ដដែល បានមក​គំរាមកំហែង​ជាថ្មី​​ម្តង​ទៀត​ ដើម្បី​ឲ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​កាយ​ប្រឡាយ​នេះ​តទៅ​ទៀត​។​ ជននោះ​បាន​គំរាមថា ​បើ​មិន​ឈប់​ទេ ​នឹង​បាញ់​សម្លាប់​ពួកគាត់​ ដែល​នៅពេលនោះ​ជនបង្ក​ក៏មាន​កាំភ្លើង​ ១ ​ដើម​ជាប់​នឹង​ចង្កេះ​មក​ជាមួយ​ផងដែរ។

លោក ឆាន សិទ្ធី​ ដែល​រង​ការចោទប្រកាន់ ​និង​ការកោះ​ហៅ​ពី​តុលាការ ​មិនអាច​ទាក់ទង​​បានទេ ​ដោយ​លោក បាន​ចុះបេសកកម្ម​ទៅ​ប្រទេស​វៀតណាម។

ប៉ុន្តែ ​លោក​ អីុង សំអុល​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​នៃ​អគ្គស្នងការនគរបាល​ជាតិ ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​ ការកោះហៅ​មន្ត្រី​រូបនេះ​ គឺ​មិន​ពាក់ព័ន្ធ ឬ​ប៉ះពាល់​ដល់​ស្ថាប័ន​នោះទេ ​ព្រោះ​ករណីនេះ​ គឺជា​រឿង​បុគ្គល ​ខណៈ​លោក​អះអាងថា ​ការចោទប្រកាន់​ពី​ពលរដ្ឋ​ទាំង ៤ នាក់​នោះ​ ក៏​មិន​ប្រាកដថា ​ត្រឹមត្រូវ​នោះដែរ​ ព្រោះ​វា​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​នៅ​ឡើយ។

លោក​បញ្ជាក់ថា​៖ «ប្រជា​​ពល​រដ្ឋ​មាន​ភាព​ស្មើភាព​គ្នា ​ចំពោះមុខ​ច្បាប់​ បើ​យើង​ធ្វើខុសច្បាប់ ​គេ​ហៅ​ហើយ។ ​គេ​ហៅ​ទៅ​សាកសួរ ​មិនទាន់​បានដឹងថា​ ខុស​ត្រូវ​ទេ​ ប៉ុន្ដែគេ​ហៅ​ទៅ​សួរ​មើល៍ ​ព្រោះ​គាត់​មាន​កាតព្វកិច្ច​ត្រូវ​ឆ្លើយ​ជាមួយ​គេ។ ​បើ​គាត់​បានធ្វើ​ដូច​គេ​ចោទថា ​បាន​យក​កាំភ្លើងទៅ​គំរាមកំហែង​ដូច​គេ​ថា​ហ្នឹង ​គឺ​ខុសច្បាប់​ហើយ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​គាត់​អត់​មាន​ធ្វើ​អ៊ីចឹង​ទេ ​ព្រោះ​គាត់​អត់​មាន​កាំភ្លើង​ផង ​ហើយ​កាំភ្លើង​ហ្នឹង​ទាល់តែ​គាត់​ចុះ​បេសកកម្ម ​ទើបបាន​មាន ​តែបើ​មិនមែន​បេសកកម្ម​ផង ​ម៉េច​គាត់​មាន?»។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ ​លោក​ឆាន សិទ្ធី ​ក៏​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន ១០ គ្រួសារ ​រស់នៅ​ក្នុង​ភូមិ​ខ្នារ ​ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី ​ខេត្ដ​តាកែវ ​ប្តឹងទៅ​អាជ្ញាធរ​ស្រុក​បាទី ​និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ ​និង​សុរិយោដី​ខេត្ត​តាកែវ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​រូបនេះ​យក​ដី​ប្រជាពលរដ្ឋ​ដែល​កាន់កាប់ ​និង​អាស្រ័យ​ផល​ តាំងពី​ឆ្នាំ ១៩៩៧ ទៅ​ចុះបញ្ជី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ផងដែរ៕