ភ្នំពេញៈ សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ បាន​កោះហៅ​មន្ត្រី​មន្ទី​រ​រៀបចំ​ដែនដី​ខេត្តកណ្តាល​ម្នា​ក់ និង​បក្ខ​ពួក​ម្នាក់ទៀត​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ ពាក់ព័ន្ធ​នឹង​ករណីក្លែង​ឯកសារ​លក់​ដីរ​បស់​​ពល​រដ្ឋ​ ៤ គ្រួសារ ដែល​មាន​ផ្ទៃ​ដី​ជាង ៨០ ហិកតា។

ដីកាកោះចំនួន​ ២ ​ដាច់​ដោយ​ឡែក​ពីគ្នា ​របស់​អយ្យកា​រ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដោយ​ព្រះ​រាជអាជ្ញា​រង លោក ងិន ពេ​ជ កាលពី​ដើមខែ​មិថុនា​នេះបានកោះហៅ​ឈ្មោះ នៅ សាត ដែល​គេ​ស្គាល់​ថា ជា​ប្រធានការិយាល័យ​រៀបចំ​ដែន​ដី នគរូបនី​យកម្ម សំណង់ និង​ភូមិបាល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​លេខ ១៧ ផ្លូវ​លេខ​ ២៦​៥ ភូមិ​ ១៣ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌ​ទួល​គោក ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី ១៣ និង​ម្នាក់ទៀត​ឈ្មោះ យ៉ែម រចនា រស់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ ចូល​ខ្លួន​ថ្ងៃ​ទី ១៤ មិថុនា។

ដីកាកោះ​ទាំង ២ នោះ បាន​កំណត់​ឲ្យ​ចូលទៅ​កាន់​អយ្យការ​​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ បន្ទប់​អក្សរ ត ជាន់​ទី២ ពី​ដំណើររឿង «សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ ប្រើប្រាស់​លិខិត និង​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក នៅ សាត និង​លោក យ៉ែម រចនា ​ដើម្បី​សុំ​អធិប្បាយ​បានទេ កាល​ពី​ម្សិលមិញ។

យោង​តាម​លិខិត​បំភ្លឺ​របស់​ជនរងគ្រោះ​ទាំង ៤ គ្រួសារ ដាក់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ប្រជា​ពលរដ្ឋ ៤ ​គ្រួសារ មានឈ្មោះ អៀ ម៉េង​ឃឹម ឈ្មោះ​ប្រាក់ លឹម ឈ្មោះ ថេត គឹម​សាយ និង​ឈ្មោះ កុល ច័ន្ទ​សុវត្ថា បាន​ទិញ​ដី​នៅ​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងអំឡុង​ឆ្នាំ ២០០៧-២០១៨ ដោយមាន​លិខិត​ទទួលស្គាល់ និង​ដឹងឮ​ពី​អាជ្ញាធរ​ភូមិ​ ឃុំ។

លិខិត​នោះ​បន្តថា លុះ​ខែវិច្ឆិកាឆ្នាំ ២០១​៥ មាន​បុគ្គល​ឈ្មោះ នៅ ភារ​ម្យ ជាអ្នកទិញដី ដែល​ពល​រដ្ឋចោ​ទ​ថា បាន​ក្លែងបន្លំ​ស្នាម​មេដៃ​រប​ស់​​ពួកគាត់ នៅក្នុង​កិច្ចសន្យា​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដីស្រែ​ចុះ​នៅ​ថ្ងៃ​ទី ​១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ រវា​ង​​​ឈ្មោះ នៅ ភារ​ម្យ ជាមួយ​ពួកគាត់ ៤ នាក់​ ជា​ម្ចាស់​ដី​​ជា​បន្តបន្ទាប់ដោយ​បុគ្គល​រូបនោះ ក៏បាន​បន្ត​ធ្វើលិខិត​ផ្ទេរសិទ្ធិ​​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយដោ​យ​មាន​ការសម្របសម្រួល​ឯកសារ​​ពី​ឈ្មោះ យ៉ែម រចនា និងរួមមាន​អាជ្ញាធរ​ភូមិ ឃុំ និង​ឈ្មោះ​ នៅ សាត បាន​ជួយ​សម្របសម្រួល​ឯកសារ រហូត​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ ក្នុង​ការ​ទទួលស្គាល់​ដី​នេះ ដែល​ជា​​កម្មសិទ្ធិ​​របស់​ឈ្មោះ យ៉ែម រត​នា ហើយ​បន្ត​លក់​ឲ្យ​ឈ្មោះឡៃ ភី​ត​​​​ធីរ​យូ​ប៉ុក ដោយមាន​ការប្តឹង​ជំទាស់​ពី​សំណាក់​ម្ចាស់​ដី​ទាំង​ ៤ គ្រួសារ​ខាងលើ។

តាម​លិខិត​ប្តឹង​របស់​ម្ចាស់​ដី​ទាំង ៤ គ្រួសារ​នោះ បញ្ជាក់​​​ថា ការប្តឹង​របស់ខ្លួន​ទៅលើ​ឈ្មោះ នៅ សាត និង​ឈ្មោះ យ៉ែម រច​នា ដោយ​សំអាងថា ឯកសារ​លក់​ដី​ទាំង ៤ នោះ បានធ្វើ​កោសល្យ​វិច័យ​រួចរាល់​ជា​ផ្លូវការ​ហើយ និង​បានចេញ​លទ្ធផល​ថា ស្នាម​មេដៃ​របស់​ដើមបណ្តឹង​ទាំង ៤ នាក់ មិន​ដូច​ឈ្មោះ នៅ ភារ​ម្យ អះអាង​នោះទេ គឺ​សុទ្ធ​តែ​ក្លែងក្លាយ​ទាំងអស់»។

ជាមួយនឹង​ការអះអាង​នេះ លិខិត​ដដែល ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ន លោក ឃុន សូ​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ឲ្យ​ចាប់ខ្លួនបុគ្គល​ឈ្មោះ នៅ ភារម្យ ពីបទ​ក្លែងបន្លំ​ប្រើប្រាស់​លិខិត​ក្លែងលួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​ប្រព្រឹ​ត្ត​នៅ​ភូមិ​​ជើងព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាល​ស្ទឹង​ លើ​ដី​ទំហំ ​៨៣​ ហិកតា​ផងដែរ។

លោក លឹម ច័ន្ទសុភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគ​​រូប​នីយកម្ម និង​សំណង់ ខេត្ត​កណ្តា​ល​មិន​អា​ច​ទាក់ទង​បា​ន​ទេកាល​ពីថ្ងៃ​​ម្សិលមិញ។ ចំណែ​ក​លោក អ៊ូច សៅវឿង អភិបាល​រង​ស្រុក​កណ្តា​ល​ស្ទឹងខេត្ត​កណ្តា​លបា​ន​​បញ្ជាក់​ថា លោ​កបាន​ដឹងពីករណី​ នេះ ប៉ុន្តែ​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ។

លោក​បញ្ជា​ក់​​ថា៖ «ដឹង​តើ​រឿង​ហ្នឹង តែ​ឲ្យ​និយាយ​តាម​ហ្នឹង​ម៉េ​ច​អស់ម​ក​​មើល​ឯក​សារ​មក មក​​មើល​មក ខ្ញុំ​មិន​និយាយ​តាម​ទូរស័ព្ទ​ទេ»៕