ប៉ៃលិន/សៀមរាបៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​ជន​ប្រុស-ស្រី ៦ ​នាក់ បន្ទាប់ពី​ចាប់ខ្លួន​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ​កាលពី​ថ្ងៃទី​ ១០ ខែ​តុលា​ ពាក់ព័ន្ធ​នឹង​ការបើក​កន្លែង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ខណៈ​ស្ត្រី​​ ២ ​នាក់ ​ត្រូវ​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ពាក់ព័ន្ធ​ពី​បទសច្ចារកម្ម ​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៩ ​ខែ​តុលា​ នៅ​សង្កាត់ ក្រុង-ខេត្ត​សៀមរាប​។

លោក យឹម រដ្ឋា នាយផ្នែក​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ក្នុង​រឿង​នេះ​មាន ៦ ​នាក់​ ដែល ​ទី១- ​ឈ្មោះ​ សុខ ស្រីលីន (​ម្ចាស់ផ្ទះ​) ភេទ​ស្រី អាយុ ៣៥ ​ឆ្នាំ ទី​២- ​វៀង ធីហុង (​ហៅ រក្សា​) ភេទ​ស្រី អាយុ ២៥ ​ឆ្នាំ ទី​៣- ​ឈ្មោះ ធិន ណាវ៉ាន់​ (​ហៅ អាម៉ី​) ​ភេទ​ស្រី អាយុ ២២ ​ឆ្នាំ ទី​៤- ថៃ នីតៃលិន ភេទ​ស្រី អាយុ ២៧ ​ឆ្នាំ​ ទាំង​ ៤ ​នាក់​ ជា​ជនជាតិ​វៀតណាម​។

ទី៥- ​ម៉ៃទ្រី ថាណាផា សាត់ថាណា (​ហៅ ម៉ៃទី​) ភេទ​ប្រុស អាយុ ៤៥ ​ឆ្នាំ​ មុខរបរ គ្រូពេទ្យ ជនជាតិ​ថៃ និង ទី​៦- ​ឆាត ឡុង ភេទ​ប្រុស អាយុ ៣១ ​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​សន្តិសុខ​មាន​លំនៅ​នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

លោក​ រដ្ឋា បន្ត​ថា​ជនសង្ស័យ​ទាំង​ ៦ ​នាក់​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ប៉ៃលិន​តាំងពី​ថ្ងៃទី​ ១១ ខែ​តុលា​ បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​បាន​ ១ ​ថ្ងៃ ប៉ុន្តែ​ដោយ​ខាង​តុលាការ​សួរ​ពួកគេ​មិនទាន់​អស់​គ្នា​ទើប​បញ្ជូន​ពួកគេ ផ្ញើ​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន ១ ​យប់ ហើយ​ថ្ងៃ​ម្សិលមិញ​ទើប​តុលាការ​បន្ត​សួរ​ពួកគេ​ទៀត​។

លោក​បញ្ជាក់​ថា៖ «​ពួកគេ​​មិនទាន់​ត្រូវ​តុលាការ​ចោទ​ពី​បទ​អ្វី​នៅឡើយ​ទេ ព្រោះ​តុលាការ​កំពុង​សាកសួរ​បន្តទៀត​។ ប៉ុន្តែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ជួញដូរ​ផ្លូវភេទ​»​។

បើ​តាម​លោក រដ្ឋា ក្រុម​ជនសង្ស័យ​ត្រូវ​កម្លាំងចម្រុះ​ខេត្ត​ប៉ៃលិន​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​ ១ ​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១០ ខែ​តុលា​ឆ្នាំ​នេះ​ ពាក់ព័ន្ធ​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​ស្ថិត​នៅ​ផ្ទះ​របស់​ឈ្មោះ សុខ ស្រីលីន ដែល​ជា​ជនជាតិ​វៀតណាម​នៅក្នុង​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុងផ្ទះ​ដោយ​បាន​រកឃើញ ស្រោម​អនាម័យ​ចំនួន​ ៤ ​នៅក្នុង​កាបូបដៃ​របស់​ជនសង្ស័យ​ម្នាក់ និង​ស្រោមអនាម័យ​ដែល​ប្រើ​រួច​នៅក្នុង​ធុងសំរាម​។

ករណី​ជួញដូរ​ផ្លូវភេទ​នេះ​ដែរ​ស្ត្រី​ខ្មែរ​ ២ ​នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​សៀមរាប​ចោទប្រកាន់​កាលពី​ថ្ងៃទី ១១ តុលា បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១០ តុលា​ ក្នុង​ទីតាំង​ ២ ​ផ្សេងគ្នា​។ ទីតាំង​ទី​ ១ ​នៅ​ផ្ទះ​ម៉ាស្សា យីហោ លីលី ១៦៨ និង​ទី​តាំងទី​ ២ ផ្ទះ​ម៉ាស្សា សំណាងល្អ ស្ថិត​នៅ​ភូមិ​ត្រៀក សង្កាត់ សៀមរាប ក្រុង-ខេត្ត​សៀមរាប ។

លោក ស្រី ដួង ថាវរី ស្នងការរង​ទទួល​ផែន​ជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ស្ត្រី​ដែល​តុលាការ​ឃុំខ្លួន​នោះ​ឈ្មោះ ហ៊ន់ សុខលី អាយុ ៣៦ ឆ្នាំ​ ជា​ថៅកែ​ហាង​ម៉ាស្សា​យីហោ​លីលី​ ១៦៨ និង ២ សឿន ធីតា អាយុ ៣៦ ឆ្នាំ​ ថៅកែ​ម៉ាស្សា​សំណាង​ល្អ​។

«​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ​សច្ចារកម្ម​» ដោយ​ក្នុងចំណោម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន ៥ ​នាក់​នោះ​ គឺ​មាន​អនីតិជន​ ២ ​នាក់ និង​ឃាត់ខ្លួន​ថៅកែ​ ២ ​នាក់​។ បើ​តាម​លោក ស្រី ថាវរី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​តាម​បញ្ជា​របស់​លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នៅវេលា​ម៉ោង ២៣:៣០ ​នាទី​យប់ ​ថ្ងៃទី ៩ ខែ​ តុលា ឆ្នាំ​ ២០១៩ និង​សង្គ្រោះ​ជនរងគ្រោះ​បាន​ ៥ ​នាក់ ។ ចំណែកឯ​​ជនរងគ្រោះ​ទាំង​ ៥ ​នាក់​នោះ​​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត​៕