បាត់ដំបងៈ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃពុធម្សិលមិញ កំពុងបន្ដសាកសួរលោក ឡុង វុទ្ធី មេភូមិភ្នំដំបងក្នុងខេត្ដប៉ៃលិន ករណីរំលោភទន្ទ្រានយកដីតំបន់ការពារធម្មជាតិរបស់រដ្ឋទៅពុះឡូត៍លក់ដោយខុសច្បាប់ ខណៈដែលក្រសួងបរិស្ថានបានប្រកាសថា ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
លោក ហេង លុយ អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្ដបាត់ដំបងបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា អយ្យការអមសាលាដំបូងខេត្តបាត់ដំបងកំពុងសាកសួរជនសង្ស័យ ឡុង វុទ្ធី ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ជូនមកកាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា។ លោកថ្លែងថា៖ «យើងកំពុងសាកសួរគាត់ (ឡុង វុទ្ធី) នៅសាលាដំបូងខេត្តបាត់ដំបង។ យើងមិនទាន់បញ្ចប់ការសាកសួរនៅឡើយទេ»។
លោក កត ប៉ូរ៉ាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថា សមត្ថកិច្ចបានតាមឃាត់ខ្លួនលោក ឡុង វុទ្ធី បានកាលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ខណ:មេភូមិរូបនេះទៅលាក់ខ្លួននៅឯផ្ទះបងប្អូន។
លោកថ្លែងថា៖ «ជនសង្ស័យ ឡុង វុទ្ធី ជាមេភូមិភ្នំដំបងនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនពេលនេះតុលាការកំពុងបន្តស៊ើបសួរគាត់ក្នុងនោះក៏មានអ្នកពាក់ព័ន្ធផ្សេងទៀតដែរ។ យើងកំពុងរកភ័ស្ថុតាងបំពេញបន្ថែមសម្រាប់មុខសញ្ញាអ្នកពាក់ព័ន្ធយើងមានគ្រប់អស់ហើយ»។ លោក ប៉ូរ៉ាន បានឲ្យដឹងថា ជនសង្ស័យខាងលើនេះបានពាក់ព័ន្ធនឹងករណីល្មើសច្បាប់មួយចំនួនធំលើការប្រើប្រាស់ឯកសារ និងការលក់ដូរដីតំបន់ការពាររបស់រដ្ឋ។
លោកបានបន្តថា៖ «នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញាលោក ឡុង វុទ្ធី បានកែនពលរដ្ឋជិត ១០០ នាក់ដឹកដោយរថយន្ដ ៥ គ្រឿងមកតវ៉ានៅកន្លែងដីនេះ។ ប៉ុន្ដែក្រោយសមត្ថកិច្ច និងមន្ដ្រីបរិស្ថានពន្យល់ពួកគាត់ពីការទន្ទ្រានដីដោយល្មើសច្បាប់នៅទីតាំងខាងលើពលរដ្ឋក៏បានត្រឡប់ទៅផ្ទះវិញ និងមិនមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងពលរដ្ឋទេ»។
លោក ប៉ូរ៉ាន បានបញ្ជាក់ថា សមត្ថកិច្ចបានពន្យល់ពលរដ្ឋជុំវិញករណីរំលោភទន្ទ្រានដីដោយខុសច្បាប់របស់លោក ឡុង វុទ្ធី នេះមានពាក់ព័ន្ធទៅនឹងការឆបោក និងការរំលោភអំណាចទើបពលរដ្ឋត្រឡប់ទៅវិញ។
ក្រសួងបរិស្ថានកាលពីថ្ងៃអង្គារទី ១៧ ខែកញ្ញាបានជូនដំណឹងដល់សាធារណជនថា លោក ឡុង វុទ្ធី បានទន្ទ្រានកាន់កាប់ខុសច្បាប់ដីស្ថិតក្នុងតំបន់ការពារធម្មជាតិហើយបានយកទៅរៀបចំជាដីឡូត៍លក់។
ក្រសួងបញ្ជាក់ថា ដីឡូត៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩៦០០ ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបងស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
លោក កត ប៉ូរ៉ាន បានបញ្ជាក់ថា ដីរដ្ឋដែលជនសង្ស័យនេះពុះឡូត៍លក់ បច្ចុប្បន្នមានពលរដ្ឋមួយចំនួននៅខេត្ដប៉ៃលិនបានទិញអស់ប្រមាណ ៦០ ឡូត៍រួចហើយ ពេលនេះពលរដ្ឋកំពុងដាក់ពាក្យប្ដឹងលោក ឡុង វុទ្ធី ទៅតុលាការខេត្ដប៉ៃលិនផងដែរ។
ពាក់ព័ន្ធករណីលក់ដីរដ្ឋនេះក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយកាលពីម្សិលមិញថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាតឱ្យកាប់រានទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចស្ថិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។
ក្រសួងបញ្ជាក់ថា៖ «ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
ក្រសួងបរិស្ថានបានណែនាំពលរដ្ឋមុននឹងធ្វើការសម្រេចចិត្តទិញដីឡូត៍ខាងលើ ក៏ដូចជាដីឡូត៍ផ្សេងទៀតត្រូវស្វែងយល់នូវព័ត៌មានសំខាន់ៗ មួយចំនួនដូចជា ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់ទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍន៍គម្រោងពុះដីឡូត៍លក់ ឬជារបស់អ្នកផ្សេង) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាបន្ទុកឬអត់) លិខិតអនុញ្ញាតអភិវឌ្ឍន៍ដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ឯកសារបង់ពន្ធអចលនវត្ថុ ប័ណ្ណបំបែកក្បាលដី ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញជាដើម៕