បន្ទាយ​មាន​ជ័យៈ អយ្យការ​អម​​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ​កំពុង​បន្ត​ធ្វើការ​សាកសួរ​ជន​សង្ស័​យ​​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ចំនួន​​ ៩ ​នាក់​​​ ដែល​ត្រូវ​បា​ន​​ឃាត់​ខ្លួន​នៅ​​ក្លិប​កម្សា​ន្ត​ធំ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ បន្ទា​ប់​​ពី​​សមត្ថកិច្ច​អា​វុធ​ហត្ថ​ខេត្ត​​បា​ន​បញ្ជូន​ដល់​តុលាការ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី ១៦ មិថុនា។

លោក ​រឿន​ លី​ណា​ អ្នក​នាំ​​ពាក្យ​ឲ្យ​សា​លា​ដំ​បូង​​ខេត្ត​បន្ទា​យមាន​ជ័យបាន​ឲ្យ​ដឹង​កាល​​ពី​ម្សិ​ល​មិញ​ថា​ ព្រះ​រាជ​អាជ្ញា​កំពុង​សាក​សួរ​​ពួកគេ​។ «​​ជន​សង្ស័យ​ទាំង​ ៩ ​នាក់​នោះ ​ជា​​​​ជន​ត្រូវ​ឃា​ត់​​ខ្លួន​មក​ពី​​​ក្លិប​កម្សាន្ត​ហើយ​អយ្យ​ការ​កំ​ពុង​សាក​សួរ​មិ​ន​ទាន់​​គ្រប់​គ្នា​ផងទេ»។​

លោក​ ស ​ប៊ុន​សឿង ​ប្រ​ធាន​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​គ្រឿង​ញៀន​​នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​​បន្ទាយ​មាន​ជ័យ ក៏​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ដែរ​ថា​ ពាក់​ព័ន្ធ​ការ​បង្ក្រាប​​ក្លិប​កម្សាន្ត​នេះ​​ គឺ​កម្លាំង​របស់​លោក​ឃាត់​ខ្លួន​បាន​មនុ​ស្ស ​៩ ​នាក់ ជាជនជាតិខ្មែរ​ ក្នុង​នោះ​ មាន​ ៣​ នាក់​ ជា​អ្នក​ជួញ​ដូរ​គ្រឿ​ង​​ញៀន​​ តែ​លោកមិ​​ន​ចាំ​​ឈ្មោះ​ទេ​ និង​មាន​អា​យុ​ចន្លោះ​ពី​ ២​៧​ ឆ្នាំទៅ​ ៣៩ ឆ្នាំ។

លោក​ប្រាប់​ថា​​៖ ​​​«​ខាង​សមត្ថកិច្ច​អាវុ​ធ​ហត្ថ​ខ្ញុំ​បាន​រក​ឃើញ​អ្នក​ជួញ​ដូរ​ ៣ ​នាក់​ ហើយ​ ៦​ នាក់​ ជា​អ្នក​ប្រើ​ប្រា​ស់​នោះ​បើ​តុ​លាការ​សម្រេច​​បញ្ជូន​ពួក​គេ​ទៅ​មន្ទីរ​បន្សាប​​គ្រឿង​ញៀន​ក៏​ជា​ការ​សម្រេច​របស់​តុ​លា​ការ​។ ​​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​បំ​ពេញ​នី​តិ​វិ​ធី​ បញ្ជូន​ពួក​គេ​ទៅ​តុលាកា​រទាំង​អស់​ហើយ»។

លោក​រំ​ឭក​ប្រាប់​ថា ​ក្នុង​ប្រ​តិ​​បត្តិ​ការ​​កាល​ពី​​យប់​រំ​លង​អាធ្រាត្រ​ឈាន​ចូល​ ​ថ្ងៃទី​​ ១​៣​ ខែ​ មិ​ថុ​នា​ ​ឆ្នាំ​ ២​០​១៩ ​ចូល​ទៅ​ក្នុង​ក្លិប​ដែល​មាន​យី​ហោ​ឈ្មោះ ​​A​ ​J​ R​ ស្ថិត​ក្នុង​ភូមិ​សាមគ្គី​មានជ័យ ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត។​

ក្នុង​ការ​ចុះ​បង្ក្រាប​​នោះ​​សមត្ថ​​កិច្ច​​ឆែក​ឆេរ​រក​ឃើញ​ម្សៅពណ៌​ស​ចំនួន​ ១១២ ​ថង់​តូច, គ្រាប់​ថ្នាំ​​​ម៉ាក​ហ្វា​យៗ​​ ៣១ ​គ្រាប់, ​ថ្នាំ​គ្រាប់​ពណ៌​ខៀវ ១១៤ គ្រាប់, ​ថ្នាំ​គ្រាប់​ពណ៌​លឿង​ ៥៩ ​គ្រាប់, ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ ១១៤ គ្រាប់, ថ្នាំ​គ្រាប់​ពណ៌​កាហ្វេ​ ១​៨ ​គ្រាប់ និង​ ១​ កំណាត់, ថ្នាំ​គ្រា​ប់​ពណ៌​ត្រួយ​ចេក​ ១៣ ​គ្រាប់​ ដែ​ល​ស​រុប​ចំ​នួន​ ៣​៤​៩ ​គ្រាប់​។ ក្រៅ​ពី​នេះ​សមត្ថកិច្ច​​រឹប​អូស​បាន​ថ្នាំគ្រវី​ប្រភេទ​ទឹក​ ១៣ ដប,​ ថ្នាំ​ប្រភេទ​កេ​តា​មីន​ទឹក​ ​១៥១​ ដប​, អាវុធខ្លី​ប្រភេទ ​Sig Sauer​ ចំនួន​ ១ ​ដើម បង់​ចំនួន​ ១ និង​គ្រាប់​កាំភ្លើងខ្លី​ចំនួន ​៦៣ ​គ្រាប់​, ​រថយន្ត​​ ១ ​គ្រឿង​និង​ម៉ូតូ​ចំនួន​ ២ ​គ្រឿង៕