ព្រះសីហនុៈ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុកំពុងសាកសួរជនសង្ស័យ ២០ នាក់ ក្នុងនោះមានស្ត្រី ៤ នាក់ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ខ្លួននៅក្នុង ៣ ទីតាំងផ្សេងគ្នាកាលពីថ្ងៃទី ២៩ វិច្ឆិកា នៅក្រុង-ខេត្តព្រះសីហនុពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ៥២ កញ្ចប់តូច និងអាវុធខ្លី ១ ដើម។
លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានប្រាប់កាលពីម្សិលមិញថា ករណីនេះមានព្រះរាជអាជ្ញារង ៣ រូប កំពុងសាកសួរពួកគេ ប៉ុន្តែលោកមិនបានដឹងពីឈ្មោះព្រះរាជអាជ្ញារងទាំងនោះទេ។
លោកប្រាប់ថា៖ «ព្រឹកមិញនេះ (ថ្ងៃទី ៤ ធ្នូ) ជនសង្ស័យទាំង ២០ នាក់ កំពុងត្រូវបានព្រះរាជអាជ្ញារងសាកសួរជាបន្ត-បន្ទាប់ហើយ»។
លោក ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដែលដឹកនាំប្រតិបត្តិការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះបានប្រាប់ពីម្សិលមិញដែរថា ជនសង្ស័យ ២០ នាក់នោះមានខ្លះជាអ្នកប្រើប្រាស់អ្នកជួញដូរ និងជាអ្នកផ្តល់ទីកន្លែងប្រព្រឹត្តបទល្មើសក្នុងនោះមានអ្នកលក់ថ្នាំ ៣ ទៅ ៤ នាក់ជាមេខ្លោង។ ពួកគេកំពុងត្រូវបានសួរដោយព្រះរាជអាជ្ញារងសាលាដំបូងខេត្ត។
លោកប្រាប់ថា៖ « ឥឡូវនេះពួកគេកំពុងត្រូវព្រះរាជអាជ្ញារង ៣ រូបសាកសួរ ហើយពួកគេមានទាំងអ្នកជួញដូរ អ្នកជក់ថ្នាំញៀន និងអ្នកផ្តល់ទីតាំងប្រព្រឹត្តបទល្មើស»។
លោកបានរំឭកប្រាប់ថា ក្នុងប្រតិបត្តិការនេះធ្វើឡើងនៅ ៣ ទីតាំងផ្សេងគ្នា ក្នុងថ្ងៃតែមួយគឺថ្ងៃទី ២៩ ខែវិច្ឆិកា។ ក្នុងនោះទី ១ ចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងហ្គេមបាញ់ត្រីនៅម្តុំវិមានឯករាជ្យស្ថិតក្នុងក្រុម ២៧ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនបានមនុស្ស ១៥ នាក់ក្នុងនោះមានបុរសជនជាតិចិនម្នាក់ឈ្មោះ ស៊ូ ទន់យី អាយុ ៤១ ឆ្នាំ និងគ្រឿងញៀន ២២ កញ្ចប់តូច។ ទី ២ ទីតាំងនៅភូមិថ្មី សង្កាត់លេខ ៣ ឆែកឃើញគ្រឿងញៀន ៨ កញ្ចប់ ដោយចាប់បានម្នាក់ និងទី ៣ ទីតាំងនៅមុខផ្សារលើដោយចាប់បានមនុស្ស ៤ នាក់ និងរឹបអូសគ្រឿងញៀនបាន ២២ កញ្ចប់តូច។
លោកថ្លែងថា៖ «កន្លែងទីតាំងបាញ់ត្រីនេះភាគច្រើនមនុស្សទៅប្រព្រឹត្តបទល្មើសគ្រឿងញៀននៅទីនោះជាប្រចាំឥឡូវសមត្ថកិច្ចយើងក៏បានបិទកន្លែងហ្គេមបាញ់ត្រីនោះហើយ» ។
លោកបានឲ្យដឹងបន្ថែមថាក្រោយប្រតិបត្តិការសមត្ថកិច្ចប្រមូលវត្ថុតាងដែលទាក់ទងនឹងបទល្មើសមានដូចជាអាវុធខ្លី ម៉ាក k59 ចំនួន ១ ដើម, បង់ ១ គ្រាប់ ៧ គ្រាប់, ដែកកេះចំនួន ៨, ដាវចំនួន ១, លុយចំនួន ១២ ម៉ឺនរៀល,ក្បាលមាន់ផ្សារចំនួន ២, ដែកឆាបចំនួន ១, កាំបិតចំនួន ៣, ម៉ូតូចំនួន ៧ គ្រឿង,ខ្សៀជក់ចំនួន ១,ដបជក់ចំនួន ២ និងទូរស័ព្ទដៃចំនួន ១២ គ្រឿងផងដែរ៕