ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​កំបាំងមុខ ដោយ​បង្គាប់​ឲ្យ​សាលាឧទ្ធរណ៍ ជម្រះក្ដី​ឡើងវិញ ព្រោះតែ​ភ័ស្ដុតាង​មិន​ច្បាស់លាស់​ក្នុង​សំណុំរឿង​សម្លាប់​មនុស្ស​ដែល​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ១ ​ជីវិត​។

ជនជាប់ចោទ​ឈ្មោះ មុំ នី អាយុ​ ៥៣ ​ឆ្នាំ​​ ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ផ្ដន្ទាទោស​ដាក់គុក​ ១ ​ជីវិត​ ដោយ​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​ ២០១១ ​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែកសាម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ុន្តែ​ជនជាប់ចោទ​បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ ឌី សាវី ហៅ ឡោះ នោះទេ​។

លោក​ចៅក្រម គង់ ស្រ៊ីម បាន​អាន​សាលដីកា​កំបាំង​មុខ​ជនជាប់ចោទ​នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​៖ «​នៅក្នុង​សំណុំ​រឿងនេះ​មិន​មាន​ភ័ស្តុតាង​ណាមួយ​ច្បាស់លាស់​ទេ និង​ជា​ភ័ស្តុតាង​ប្រយោល​តែប៉ុណ្ណោះ ព្រោះ​សាក្សី​មិន​បាន​ឃើញ​សកម្មភាព​ប្រព្រឹត្ត​របស់​ជនជាប់ចោទ​ជាក់ស្តែង​ទេ​។

តែ​តុលាការ​ថ្នាក់ក្រោម​យក​ភ័ស្តុតាង​ប្រយោល​នេះ​មក​ធ្វើ​ជា​សំអាង​ហេតុ​ក្នុង​ការចោទប្រកាន់​លើ​ជនជាប់ចោទ​ដោយ​ប្រយោល​លើ​ភាពមិន​ច្បាស់លាស់​បែបនេះ តុលាការ​កំពូល​សម្រេច​បង្វិល​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ជំនុំជម្រះ​ឡើងវិញ​ម្តងទៀត​»​។

លោក​ចៅក្រម​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​បាន​ឆ្លើយ​​បដិសេធ​ថា គេ​មិនបាន​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ ឌី សាវី ហៅ ឡោះ នោះទេ​។ ជនជាប់ចោទ​ថា គេ​ធ្លាប់​មានទំនាស់​ជាមួយ​ជនរងគ្រោះ​ ប៉ុន្តែ​អាជ្ញាធរ​ភូមិ-ឃុំ បាន​ហៅ​ភាគី​ទាំង​ ២ ​ទៅ​ធ្វើ​កិច្ចសន្យា​ឈប់​បង្ក​ទំនាស់​នឹង​គ្នា​ចប់​ហើយ​។

លោក​ចៅក្រម​បន្តថា​យោង​តាម​កំណត់​ហេតុដែល​ដាក់​នៅ​តុលាការ​បង្ហាញថា បន្ទាប់ពី​ថ្ងៃ​កើតហេតុ​គេ​បានឃើញ​ជនជាប់ចោទ​ឈ្មោះ មុំ នី បាន​ដើរទៅ​មាត់ទន្លេ ហើយ​បាន​បោះ​កាំភ្លើង​ចោល​។ រីឯ​ស្ត្រី​ឈ្មោះ គា ប៊ុនណាវី ជា​អតីត​មេឃុំ ព្រែកសាម៉ាន់ បាន​និយាយ​នៅ​តុលាការ​ថ្នាក់ក្រោម​ដែរ​ថា កាលពី​គាត់​នៅ​ជា​មេឃុំ គឺ​គាត់​បាន​ផ្សះផ្សា​ទំនាស់​រវាង​ជនជាប់ចោទ និង​ជនរងគ្រោះ​ដែរ ហើយ​ភាគី​ទាំង​ ២ ​ក៏​បាន​ត្រូវរ៉ូវ​គ្នា​រួច​ហើយ​ដែរ​។

អ្នកស្រី តាំ រុំសី អាយុ ៣៨ ឆ្នាំ​ជា​ប្រពន្ធ​របស់​ជនជាប់ចោទ​ឈ្មោះ មុំ នី ដែល​បាន​ចូល​ស្តាប់​ការប្រកាស​សាលដីកា​ពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្រៅ​បន្ទប់​សវនាការ​​ថា​៖ «​តុលាការ​កំពូល​បាន​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី​យ៉ាងពិត​ប្រាកដ​។ ព្រោះ​ថា​ស្វាមី​របស់​អ្នកស្រី​ពិតជា​មិនបាន​បាញ់​សម្លាប់​ជនរងគ្រោះ​នោះទេ​»​។

អ្នកស្រី​ប្រាប់​ថា ដោយសារ​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​នេះ​ហើយ​បាន​ធ្វើឲ្យ​ស្វាមី​របស់​អ្នកស្រី​ជាប់​ពន្ធនាគារ ៤ ​ឆ្នាំ​មកហើយ ហើយ​ក៏​ធ្វើឲ្យ​កូនប្រុស​ស្រី​របស់​អ្នកស្រី​ ២ ​នាក់​ ដែលមាន​អាយុ​ ១២ ​ឆ្នាំ និង​កូនស្រី​អាយុ ១១ ​ឆ្នាំ ​ត្រូវ​ឈប់រៀន ព្រោះ​គ្មាន​អ្នក​ផ្គត់ផ្គង់​ឲ្យ​រៀនសូត្រ​។

អ្នកស្រី តាំ រុំសី និយាយ​​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​តុលាការ​នៅ​សាលាឧទ្ធរណ៍​ដោះលែង​ស្វាមី​ខ្ញុំ​វិញ ព្រោះ​ការ​ចោទប្រកាន់​លើ​ស្វាមី​ខ្ញុំ​ជា​រឿង​មិន​ពិត​ទេ​»​។ យោង​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា​កាលពី​យប់​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០១១ ជនរងគ្រោះ​ឈ្មោះ ឌី សាវី ហៅ ឡោះ ត្រូវគេ​បាញ់សម្លាប់​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែកសាម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​លុះ​ដល់​ឆ្នាំ​ ២០១៦ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ជាប់ចោទ​បាន​។

កំណត់ហេតុ​បន្តថា ជនជាប់ចោទ​ត្រូវបាន​សាលាដំបូង​ខេត្ត​ក្រចេះ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ ផ្តន្ទាទោស ឈ្មោះ មុំ នី ដាក់​ពន្ធនាគារ ១ ជីវិត​។ ប៉ុន្តែ​ត្រូវ​ជន​ជាប់ចោទ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​ ១៨ មីនា ឆ្នាំ​ ២០១៩ តម្តល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្តក្រចេះ​នៅ​ដដែល​៕