ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​កំបាំងមុខ​ជន​ជាប់ចោទ គង់ រ៉ៃយ៉ា មិន​ឲ្យ​នៅក្រៅ​ឃុំ​ទេ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​​ថ្ងៃទី​ ២៨ ​តុលា ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​លក់​អាវយឺត​មាន​រូប​​ និង​ទ្រឹស្តី​របស់​លោក កែម ឡី ​ខណៈ​ប្រពន្ធ​របស់​លោក​អះអាងថា ប្តី​ខ្លួន​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែលជា​កំហុស​នោះទេ​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំងមុខ ជនជាប់ចោទ​ថា សំណុំ​រឿងនេះ​មាន​ឈ្មោះ​ គង់ រ៉ៃយ៉ា ជា​ជនជាប់ចោទ ហើយ​ក្រោយពី​បាន​ពិភាក្សា​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា ការដែល​ជន​ជាប់ចោទ​លើកឡើង​កាលពី​ថ្ងៃ​ជំនុំជម្រះ​ថា ខ្លួន​ជា​មេ​គ្រួសារ ជា​អ្នករកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​​ និង​មាន​កូន​ស្រី​តូច​អាយុ​ ១ ​ឆ្នាំ​​​ ហើយ​បាន​សុំ​នៅ​ក្រៅ​ឃុំ​នោះ គឺ​តុលាការ​កំពូល​មិន​ពិចារណា​ហេតុផល​នេះ​ទេ ។

លោក​ថ្លែងថា​៖ «​មូលហេតុ​ដែល​តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​ជនជាប់ចោទ​នៅក្រៅ​ឃុំ ដោយ​​សំអាង​ថា សំណុំ​រឿងនេះ​ត្រូវ​បាន​​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ​ហើយ » ។

ទោះយ៉ាងណា អ្នកស្រី សុខ ស្រីនិច អាយុ​ ២៤ ​ឆ្នាំ​ ជា​ភរិយា​របស់ គង់ រ៉ៃយ៉ា បាន​ប្រាប់​នៅក្រៅ​បន្ទប់​សវនាការ​ថា ការ​ដែល​តុលាការ​កំពូល​មិន​ឲ្យ​ប្តី​អ្នកស្រី​នៅក្រៅ​ឃុំ​គឺជា​រឿង​អយុត្តិធម៌​ណាស់ ខណៈ​ប្តី​អ្នកស្រី​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​។

អ្នកស្រី​ថា ប្តី​អ្នកស្រី​គ្រាន់តែ​លក់​អាវយឺត​របស់​លោក​ កែម ឡី ដែលជា​គ្រូ​របស់​គាត់ ហើយ​ខ្លឹមសារ​នៅលើ​អាវយឺត​នោះ​គ្រាន់តែ​សរសេរ​សារ​ជា​​ទស្សនៈ​របស់​លោក កែម ឡី ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​ត្រូវ​សមត្ថកិច្ច​ចោទ និង​ចាប់​ដាក់​ពន្ធនាគារ​ទៅវិញ ។

អ្នកស្រី ស្រីនិច បាន​បន្តថា ប្តី​អ្នកស្រី​គឺជា​អ្នករកស៊ី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ដែល​មាន​កូនស្រី​តូច​អាយុ​ទើបបាន​ ១ ​ខួប ហើយ​ត្រូវ​ឃុំ​បែបនេះ​គ្មាន​អ្នកណា​ចិញ្ចឹម​គ្រួសារ​ទៀត​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​យ៉ាងខ្លាំង​​នាពេល​បច្ចុប្បន្ន ។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ឥឡូវ​​នេះ មេ​បង្គោលគ្រួសារ​ខ្ញុំ​កំពុង​មាន​បញ្ហា ដូច្នេះ​បន្ទុកគ្រួសារ​​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំងស្រុង​។ ពេលនេះ​ខ្ញុំ​ឈប់​លក់​អាវយឺត​ដែល​មាន​រូបលោក កែម ឡី ទៀត​ហើយ » ។

លោក​ គង់ រ៉ៃយ៉ា ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំ​ខ្លួន​កាលពី​ថ្ងៃ​​ទី​ ១១ ខែ​កក្កដា ឆ្នាំនេះ​ដោយ​រង​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​បន្ទាប់ពី​លោក​បាន​អំពាវនាវ​លក់​អាវយឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក កែម ឡី នៅមុន​គម្រប់​ខួប​ ៣ ​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​លោក កែម ឡី ដែល​បានកើត​​ឡើង​កាលពី​ថ្ងៃ​ ១០ កក្កដា ឆ្នាំ​ ២០១៦​។ កាលពី​ពាក់កណ្ដាល​​ខែ​សីហា សាលាឧទ្ធរណ៍​បាន​បដិសេធ​មិន​ឲ្យ​លោក រ៉ៃយ៉ា បាន​នៅក្រៅ​ឃុំ​ម្ដង​រួចហើយ ដោយ​អវត្តមាន​ជនជាប់ចោទ​។

លោក សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ គង់ រ៉ៃយ៉ា ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃ​បើក​សវនាការ​នៅ​តុលាការ​កំពូល​ថា ការចាប់​ខ្លួន​កូនក្តី​របស់​លោក​នេះ​ដោយសារ​តែ គង់ រ៉ៃយ៉ា បាន​បោះពុម្ព​អាវយឺត​មាន​រូប និង​សរសេរ​សារ​របស់​លោក កែម ឡី នៅលើ​អាវយឺត​នោះ​។ ប៉ុន្តែ​លោក​ថា​ ការបោះពុម្ព​នោះ​គ្រាន់តែ​មាន​គោលបំណង​លក់​យក​ប្រាក់​ចំណេញ​ប៉ុណ្ណោះ រីឯ​ដំណើរការ​បោះពុម្ព​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​ ២០១៧ មុន​ការចាប់​ខ្លួន​មក​ម្ល៉េះ​៕